ជាតិ
ប.ស.ស ៖ អ្នកមានជំងឺ មហារីក ទឹកនោមផ្អែម និងលើសឈាម នឹងទទួលបានការថែទាំសុខភាព ដោយឥតគិតថ្លៃ
03, Mar 2023 , 9:38 am        
រូបភាព
អ្នកមានជំងឺ មហារីក ទឹកនោមផ្អែម និងលើសឈាម ដែលមាន ប័ណ្ណ ប.ស.ស នឹងទទួលសេវាថែទាំនិងព្យាបាលដោយឥតគិតថ្លៃ។ លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកនៃបេឡាជាតិសន្តិសុខសង្គម អះអាងបែបនេះ ។ 

 
ថ្លែងក្នុងសិក្ខាសាលា បណ្ដុះបណ្ដាលស្ដីពី របបសន្តិសុខសង្គម (ប.ស.ស) ដល់សមាជិកអ្នកការសែត លោកសង្កត់ធ្ងន់ថា៖ «អ្នកមានប័ណ្ណប.ស.ស ប្រៀបបាននឹងមានអាវក្រោះការពារ»។ ចំណុចនេះ លោកពន្យល់បន្ថែមថា អត្ថប្រយោជន៍នៃប័ណ្ណ ប.ស.ស នឹងជួយរ៉ាប់រងថ្លៃព្យាបាល លើផ្នែកហានិភ័យការងារ និងថែទាំងសុខភាព។ លើសពីនេះ ពលរដ្ឋ នឹងទទួលបានប្រាក់ចូលសោធនបន្ថែមទៀត នៅពេលចូលនិវត្តន៍។ 
 


វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់លើការកសាងនិងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន តាមរយៈបទបង្ហាញពីអ្នកជំនាញបេឡាសន្តិសុខជាតិសង្គម ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយពីរបបសន្តិសុខសង្គម តាមប្រព័ន្ធផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់សាធារណជន។ លើសពីនេះ បង្កើនទំនាក់ទំនងពីការផ្សព្វផ្សាយគាំពារសង្គមកម្ពុជា និងកិច្ចសហការពាក់ព័ន្ធនានា លើការងារជាមួយសា្ថប័នផ្សព្វផ្សាយព័ត៌មាន។
 
សូមជម្រាបថា ផ្នែកហានិភ័យការងារនៃប.ស.ស បានចាប់ផ្ដើមអនុវត្តពីឆ្នាំ២០០៨, ផ្នែកថែទាំសុខភាពអនុវត្តឆ្នាំ២០១៦ និងផ្នែកប្រាក់សោធនលើវិស័យឯកជន គឺចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២២៕

© រក្សាសិទ្ធិដោយ thmeythmey.com