អន្តរជាតិ
តើអ្វីជាការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ (Net-Zero emission)?
04, Mar 2023 , 7:59 am        
រូបភាព
នៅពេលពិភពលោករងគ្រោះដោយការកើនឡើងកម្ដៅ ពាក្យថាការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ (Net-Zero emission) ត្រូវបានលេចឡើង។ ការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ (Net-Zero emission) សំដៅទៅដល់ការរក្សាតុល្យភាពរវាងបរិមាណឧស្ម័នផ្ទះកញ្ចក់ដែលបានបំភាយចេញ និងបរិមាណដែលត្រូវកាត់បន្ថយ សំដៅទប់ស្កាត់ការកើនឡើងកម្ដៅភពផែនដី។



គោលដៅទី១៣ នៃការអភិវឌ្ឍប្រកដដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG13) ត្រូវបានដាក់ចេញដោយផ្ដោតលើការចាត់វិធានការបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា។ នេះក៏ដោយសារវិបត្តិអាកាសធាតុគំរាមកំហែងបន្ទាន់ដល់ជីវិតលើភពដែនដី តាមរយៈការឡើងកម្ដៅ។ វិធីមួយដែលអាចកាត់បន្ថយការកើនឡើងកម្ដៅផែនដី ក៏ដូចជាសម្រេចគោលដៅ SDGs 13 នោះជាការអនុវត្តគោលការណ៍បំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ (Net-Zero emission)។ 
 
Net-Zero emission មានន័យសាមញ្ញថាមិនរួមចំណែកអ្វីដល់ការឡើងកម្ដៅផែនដី ព្រោះវាសំដៅដល់ការកាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់ឱ្យបានស្មើបរិមាណដែលបានបំភាយ។ ដូច្នេះ ឧស្ម័នផ្ទះកញ្ចក់មិនមានសេសសល់នៅក្នុងបរិយាកាសហើយបង្កជាកម្ដៅឡើយ។ 
 
ការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ ស្រដៀងគ្នាទៅនឹង អព្យាក្រឹតកាបូន។ ទាំងពីរនេះជាគោលការណ៍កាត់បន្ថយកម្ដៅផែនដីដូចគ្នា ប៉ុន្តែការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យមិនមែនផ្តោតតែលើកាបូននោះទេ។ ការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ សំដៅលើការកាត់បន្ថយការបរិមាណឧស្ម័នផ្ទះកញ្ចក់គ្រប់ប្រភេទ សមាមាត្រនឹងបរិមាណដែលបានបញ្ចេញទៅក្នុងបរិយាកាស។ ឧស្ម័នផ្ទះកញ្ចក់មានដូចជា កាបូនឌីអុកស៊ីត (CO2) ឧស្ម័នមេតាន (CH4) អាស៊ូតឌីអុកស៊ីត (N2O) ពពួកអ៊ីដ្រូភ្លុយអរ៉ូកាបូន (HFCs) និងពពួកអ៊ីដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFCs) ជាដើម។
 
នៅត្រឹមឆ្នាំ ២០២០ ប្រទេសប្រហែល១១០បានប្តេជ្ញាចិត្តសម្រេចឱ្យដល់គោលដៅបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ នៅឆ្នាំ២០៥០ ស្របតាមកិច្ចព្រមព្រៀងទីក្រុងបារីសស្ដីពីការប្រែប្រួលអាកាសធាតុ។ ចិនដែលជាប្រទេសបំភាយឧស្ម័នផ្ទះកញ្ចក់ច្រើនបានកំណត់គោលដៅនៅឆ្នាំ២០៦០ ខណៈដែលប្រទេសជឿនលឿនខ្លាំងដូចជាស៊ុយអែត បានដាក់គោលដៅលឿនជាងគេ ត្រឹមឆ្នាំ២០៤៥។
 
យ៉ាងណាមិញ ប្រទេសខ្លះត្រូវបានអនុម័តឱ្យការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ ជាកិច្ចព្រមព្រៀងតាមច្បាប់ដែលត្រូវប្រតិបត្តិ និងប្រទេសខ្លះទៀតកំពុងធ្វើវាឱ្យស្របច្បាប់ដែរ។ លើសពីនោះ ប្រទេសចំនួន៨ គិតត្រឹមឆ្នាំ២០២២ បានក្លាយជាប្រទេសសម្រេចបានដល់គោលដៅបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យរួចមកហើយ។ ប្រទេសជាគំរូទាំង៨នោះមានដូចជា ប៊ូតង់ សូរីណាម កូម័រ​ ហ្គាបុង ហ្គីយ៉ាន ម៉ាដាហ្គាស្កា ប៉ាណាម៉ា និងដែនកោះ Niue។ 
 
ដើម្បីសម្រេចដល់គោលដៅបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ ប្រទេសនីមួយៗសុទ្ធតែមានធនធានធម្មជាតិសន្ធឹកសន្ធាប់ជាអ្នកស្រូបយកឧស្ម័នផ្ទះកញ្ចក់ពីបរិយាកាស និងមានប្រភពបំភាយតិច។ ជាក់ស្ដែង ប៊ូតង់ ជាប្រទេសតូចតែមានធនធានធម្មជាតិដូចជាព្រៃរងទឹកភ្លៀងយ៉ាងធំ ដែលមានសមត្ថភាពស្រូបឧស្ម័នផ្ទះកញ្ចក់ពីបរិយាកាសដែលខ្លួនបានបំភាយ ហើយថែមទាំងជួយស្រូបឧស្ម័នបំភាយដោយប្រទេសដទៃថែមទៀត។ នេះក៏ដោយសារ ប៊ូតង់មានប្រជាជនតិច មិនកាប់ព្រៃឈើ និងមានគោលការណ៍ការពារបរិស្ថានតឹងរឹងដើម្បីលើកកម្ពស់គោលដៅអភិវឌ្ឍប្រកបដោយនិរន្តភាព (SDG)។ 
 
ទោះជាយ៉ាងណា​ ប្រទេសដែលមិនមានលក្ខណៈពិសេសពីធម្មជាតិដូចប៊ូតង់ និងប្រទេសសម្រេចគោលដៅ Net-Zero ទាំង៧ទៀត ក៏អាចទៅដល់គោលដៅបានដែរ តាមរយៈការប្ដេជ្ញាចិត្តជារួមរ​បស់រដ្ឋាភិបាលក្នុងប្រទេស ត្រួតពិនិត្យឱ្យបានម៉ត់ចត់លើវិស័យធុរកិច្ច ហើយចូលរួមបង្កើន និងវិនិយោគលើវិស័យផលិតថាមពលកកើតឡើងវិញជាដើម។
 
សូមបញ្ជាក់ នៅថ្ងៃទី៣០ ខែមីនា​ សន្និសីទស្ដីពីការអភិវឌ្ឍអាស៊ីអាគ្នេយ៍ (SEADS2023) នឹងរៀបចំនៅកោះបាលីរបស់ឥណ្ឌូណេស៊ី។ អ្នកសម្រេចចិត្ត អ្នកបង្កើតគោលនយោបាយ អ្នកជំនាញ នឹងមានវត្តមានក្នុងជំនួបនេះដើម្បីជជែកពីការសម្រេចឱ្យបានគោលដៅគ្មានការបំភាយនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com