ជាតិ
តំបន់ជួរភ្នំក្រវាញ ជាគោលដៅទី២នៃយុទ្ធនាការអន្ទាក់សូន្យ
04, Mar 2023 , 8:39 am        
រូបភាព
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី យុទ្ធនាការ «អន្ទាក់សូន្យ» ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់ការទី២។ រូបភាព៖ ហេង ស្រីលីន
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី យុទ្ធនាការ «អន្ទាក់សូន្យ» ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់ការទី២។ រូបភាព៖ ហេង ស្រីលីន
ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយអង្គការដៃ ដើម្បីបន្តអនុវត្តយុទ្ធនាការអន្ទាក់សូន្យ នៅតំបន់ជួរភ្នំក្រវាញ ដែលជាគោលដៅទី២ ចាប់ពីខែមេសា ឆ្នាំ២០២៣។ ចំពោះការអនុវត្តនៅតំបន់ជួរភ្នំក្រវាញនោះ រួមមាន ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ប៉ៃលិន និងខេត្តសៀមរាប។ យុទ្ធនាការដំណាក់កាលទី២នេះ នឹងជួយកាត់បន្ថយចំនួនអន្ទាក់ ទប់ស្កាត់ការជួញដូរ ក៏ដូចជាអប់រំពីផលប៉ះពាល់នៃការហូបសាច់សត្វព្រៃផងដែរ។

 
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់៤។ ចំណុចសំខាន់ៗទាំងនោះរួមមាន ការពង្រឹង និងអភិរក្សធនធានធម្មជាតិ។ គោលដៅបន្ទាប់គឺ ទប់ស្កាត់ការជួញដូរ ជាពិសេសផលប៉ះពាល់ដែលបណ្តាមកពីមេរោគឆ្លងពីសត្វព្រៃ។ ដោយឡែក ការពង្រឹងលើសេដ្ឋកិច្ចមូលដ្ឋាន ក៏ជាកត្តាយ៉ាងសំខាន់ ដែលអាចជួយកាត់បន្ថយអន្ទាក់ និងឱ្យពលរដ្ឋយល់ដឹងពីផលប៉ះពាល់នៃការហូបសាច់សត្វព្រៃ។
 
«យុទ្ធនាការអន្ទាក់សូន្យនេះ មិនត្រឹមតែការពារសត្វព្រៃ ឱ្យមានការកកើតច្រើនប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធនាការនេះក៏ផ្តល់នូវសុវត្ថិភាពដល់ពលរដ្ឋ ចូលទៅក្នុងព្រៃប្រមូលទិន្នផលព្រៃឈើ ជាពិសេសទេសចរដើរព្រៃ។» នេះជាការបញ្ជាក់ របស់លោក នេត្រ ភត្រា ក្នុងសន្និសីទសារព័ត៌មានស្តីពី យុទ្ធនាការ«អន្ទាក់សូន្យ» ដំណាក់កាលទី២ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ 
 
រយៈពេល២ឆ្នាំកន្លងមក អន្ទាក់ដែលអាជ្ញាធរពាក់ព័ន្ធបានដើរដោះក្នុងព្រៃ សរុបចំនួន ៩៦ ៣៥៧អន្ទាក់។ រីឯ កាំភ្លើងពិត និងកែច្នៃ ដែលបានដកហូតមានចំនួន ១ ៤១៦គ្រឿងផងដែរ។ យ៉ាងមិញ មន្រ្តីឧទ្យាននុរក្សនៃក្រសួងបរិស្ថាន ដែលមាចំនួន ១ ២០០នាក់ នៅទូទាំងប្រទេស ក៏កំពុងឈរជើងការពារក្នុងតំបន់អភិរក្ស គឺមានចំនួន ៧៦តំបន់ការពារធម្មជាតិ។
 
សូមជម្រាបថា យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី១ គោល ក្រសួងបរិស្ថាន និងអង្គការដៃគូ បានចុះអនុវត្តរួចរាល់អស់រយៈពេល៦ខែ គឺស្ថិតនៅខេត្តប៉ែកខាងកើតទន្លេមេគង្គ រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី និងកំពង់ធំជាដើម។ 
 
ជួរភ្នំក្រវាញ មានទំហំ ១,៥លានហិកតា ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ព្រៃនៅជួរភ្នំក្រវាញជារបាំងធម្មជាតិដ៏សំខាន់នៅកម្ពុជា ដែលអាចស្រូបកាបូនបានច្រើនជាងគេនៅតំបន់អាស៊ី និងជួយកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់។ តំបន់នេះ សម្បូរទៅដោយជីវចម្រុះជាច្រើនប្រភេទ៕
 

Tag:
 ThmeyThmey
  តំបន់ជួរភ្នំក្រវាញ
  យុទ្ធនាការអន្ទាក់សូន្យ
© រក្សាសិទ្ធិដោយ thmeythmey.com