ជាតិ
សុខភាព
អង្គការទស្សនៈពិភពលោក ដាក់យុទ្ធសាស្រ្ត៥ឆ្នាំ ដើម្បីសម្រេចនូវសុខមាលភាពលើកុមារ ៥លាននាក់
03, Mar 2023 , 7:59 pm        
រូបភាព
ដោយ:
អង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា (World Vision ) បានដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាព ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ផ្តោតលើការផ្តល់ផលវិជ្ជមានដល់កុមារ ៥​លាននាក់ ជាពិសេសកុមារងាយរងគ្រោះបំផុត។



បើតាមសេចក្ដីប្រកាសរបស់អង្គការ World Vision យុទ្ធសាស្រ្ត ៥ឆ្នាំនេះ ធ្វើឡើងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ សម្រាប់ជួយកុមារងាយរងគ្រោះបំផុត។
  


ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្រ្តនេះ អង្គការទស្សនៈពិភពលោក នឹងអនុវត្តកម្មវិធីសំខាន់ៗចំនួនបី រួមមាន កម្មវិធីអាហារូបត្ថម្ភ ទឹកស្អាត អនាម័យ និងការរស់នៅ, កម្មវិធីការពារ និងការចូលរួមរបស់កុមារ និងកម្មវិធីអប់រំប្រកបដោយបរិយាបន្ន និងគុណភាព។ បន្ថែមពីនេះ ក៏មានកិច្ចការអន្តរវិស័យមួយចំនួនដូចជា ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងភាពធន់អាកាសធាតុ, សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម, ការជះឥទ្ធិពលលើគោលនយោបាយ និងពង្រឹងប្រព័ន្ធផ្តល់សេវា, ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម និងការចូលរួមរបស់កុមារ និងយុវជន ដែលនឹងត្រូវបានយកចិត្តទុកដាក់ ដោយបញ្ជ្រាបចូលទៅក្នុងកម្មវិធីសំខាន់ៗទាំងបីខាងលើ។ 
 
នាយកអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា លោក ជេនេម៉ានូអែល ហ្គីនទីញ បានថ្លែងថា យុទ្ធសាស្រ្ត៥ឆ្នាំនេះ មានមហិច្ឆិតា និងចក្ខុវិស័យ ដែលផ្អែកតាមបទពិសោធន៍ ពីការអនុវត្តយុទ្ធសាស្រ្តនាពេលកន្លងមក ដោយមើលឃើញពីការរីកចម្រើនជាច្រើន សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា រួមទាំងគោលដៅទាក់ទងនឹងការអភិវឌ្ឍកុមារ។ កិច្ចការងារនេះ នឹងឆ្លើយតបទៅកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចគ្នាផងដែរ។ 


   លោក ជេនេម៉ានូអែល ហ្គីនទីញ នាយកអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា។ 
 
យុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងផ្អែកលើកម្រងកិច្ចពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ រួមមាន កុមារ យុវជន ឪពុកម្ដាយ  អ្នកដឹកនាំសហគមន៍ គ្រូបង្រៀន បុគ្គលិកសុខាភិបាល  រាជរដ្ឋាភិបាលកម្ពុជា នៅថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធដទៃទៀត។ នេះបើតាមលោក ជេនេម៉ានូអែល។
 
លោកបានបញ្ជាក់ថា៖« យុទ្ធសាស្រ្តនេះ មានគោលដៅផ្តល់ផលវិជ្ជមាន ដោយផ្ទាល់ និងប្រយោល ដល់កុមារចំនួន ៨៥ភាគរយ នៃចំនួនកុមារកម្ពុជា ដែលមានប្រជាជនសរុប ១៥,៥ លាននាក់ ក្នុងនោះ ៥,៧ លាននាក់ ឬ ៣៦,៧ភាគរយ ជាកុមារដែលមានអាយុពី 0-១៨ ឆ្នាំ»។ 
 
ដើម្បីសម្រេចឱ្យបានដូចការគ្រោងទុក លោក ជេនេស បានបន្ថែមថា អង្គការទស្សនៈពិភពលោក មានផែនការពង្រីកវិសាលភាពភូមិសាស្រ្តកម្មវិធីបន្ថែមទៀត គឺចាប់ពីចំនួន ១៤ខេត្ត នៅក្នុងយុទ្ធសាស្រ្តកន្លងមក (២០១៨-២០២២) រហូតដល់ចំនួន ២៣ខេត្ត ។ លោករំពឹងថា អង្គការទស្សនៈពិភពលោក អាចបន្ថែមគុណតម្លៃសម្រាប់កម្មវិធីអភិវឌ្ឍន៍ដែលមានស្រាប់ ដូចជាកម្មវិធីមនុស្សធម៌ និងកម្មវិធីកៀរគរស្វែងរកមតិគាំទ្រ របស់រដ្ឋាភិបាលថ្នាក់មូលដ្ឋាន និងដៃគូនានាជាដើម៕


 

Tag:
 សុខមាលភាព
  អង្គការទស្សនៈពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com