ជាតិ
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ទៅកាន់កំពត ត្រូវបានសិក្សារួចរាល់
04, Mar 2023 , 10:20 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុនចិន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុនចិន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាជាមួយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) អំពីលទ្ធផលនៃការសិក្សាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។

 
 
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ ក្រសួង បញ្ជាក់ថា គម្រោងនេះ គ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់។ 
 
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត។ អ្នកជំនាញ បានព្យាករណ៍ថា គម្រោងនេះ នឹងផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកហិរញ្ញវត្ថុ  និង អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច។ ក្រសួង និងដៃគូ យល់ថា គម្រោងនេះ មានសក្ដានុពលខ្ពស់ជាង ការដឹកជញ្ជូនតាមរយៈផ្លូវគោក និងផ្លូវដែក។
 
គម្រោងនេះ ត្រូវបានរំពឹងថា នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន។ លើសពីនេះទៅទៀត ប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់។ គម្រោងនេះ នឹងត្រូវបានពង្រីកតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕
 

Tag:
 ចិន
  គម្រោងផ្លូវនាវាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com