អន្តរជាតិ
ហ្វីលីពីនថានាវាទ័ពជើងទឹកចិន ចូលជិតកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង
05, Mar 2023 , 4:00 pm        
រូបភាព
ហ្វីលីពីននៅថ្ងៃទី៤ មីនា បានលើកឡើងថា ខ្លួនបានប្រទះឃើញនាវាកងទ័ពជើងទឹកចិន និងនាវាជីវពលរាប់សិបគ្រឿងធ្វើដំណើរជុំវិញកោះដែលហ្វីលីពីនកាន់កាប់ក្នុងដែនជម្លោះក្នុងសមុទ្រចិនខាងត្បូង។



បើតាមឆ្មាំឆ្នេរសមុទ្រហ្វីលីពីនរាយការណ៍នៅថ្ងៃទី៤ មីនា កប៉ាល់ចំនួន៤២គ្រឿងដែលគេជឿថាជានាវារបស់កងជីវពលដែនសមុទ្រចិនត្រូវបានប្រទះឃើញនៅក្នុងតំបន់ជុំវិញកោះ Thitu។
 
«វត្តមានជាបន្តបន្ទាប់ដោយគ្មានការអនុញ្ញាតរបស់ពួកគេ(ចិន) គឺពិតជាមិនគោរពនឹងសិទ្ធិនៃការឆ្លងកាត់ដោយស្របច្បាប់ និងរំលោភបំពានលើបូរណភាពទឹកដីរបស់ហ្វីលីពីន»។ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ។ 
 
កោះ Thitu ដែលជាកោះមួយក្នុងចំណោមប្រជុំកោះ Spratly ជាច្រកយុទ្ធសាស្ត្រដ៏ធំបំផុត និងសំខាន់បំផុតរបស់ទីក្រុងម៉ានីលនៅក្នុងសមុទ្រចិនខាងត្បូង។ យ៉ាងណាមិញ ផ្នែកជាច្រើននៃប្រជុំកោះនេះត្រូវបានទីក្រុងប៉េកាំងទាមទារជាដែនទឹករបស់ខ្លួន។
 
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ធ្លាប់និយាយហើយថា ហ្វីលីពីន​នឹងមិនធ្វើឱ្យបាត់បង់ទឹកដីខ្លួនបាត់បង់សូម្បីបន្តិច ខណៈដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះតែងតវ៉ាចំពោះសកម្មភាពឈ្លានពានរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
 
នៅប្រហែល៤៨០គីឡូម៉ែត្រពីភាគខាងលិចនៃខេត្ត Palawan កោះ Thitu ក៏ជាទីតាំងឈរជើងរបស់ក្រុងម៉ានីលដើម្បីរក្សាការទាមទារទឹកដីរបស់ខ្លួនក្នុងតំបន់នេះដែរ។
ហ្វីលីពីនបានដាក់ពាក្យបណ្តឹងចំនួន៧៧​ដងប្រឆាំងនឹងសកម្មភាពរបស់ចិននៅក្នុងសមុទ្រនេះ៕ 

Tag:
 (ហ្វីលីពីន
  ចិន)
© រក្សាសិទ្ធិដោយ thmeythmey.com