ជាតិ
គិតត្រឹមឆ្នាំ២០២២ មានសហគ្រាសជាង២ម៉ឺន បានចុះបញ្ជិកានៅ ប.ស.ស
06, Mar 2023 , 8:00 am        
រូបភាព
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២២ រោងចក្រ សហគ្រាស និងស្ថាប័នក្នុងនិងក្រៅប្រព័ន្ធ ២១ ៤៣០កន្លែង បានចុះបញ្ជិកានៅ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ។ ក្នុងនោះមានសមាជិកចូលរួមសរុបជាង៣,១លាននាក់។

 
 
របាយការណ៍ប្រចាំឆ្នាំ២០២២ របស់ ប.ស.ស បង្ហាញថា ក្នុងចំណោមសមាជិកជាង៣,១លាននាក់នេះ ប.ស.ស ទទួលបានចំណូលភាគទានប្រមាន៧៤0,៤៨ប៊ីលានរៀល (ជិត២០០លានដុល្លារ) កាលពីឆ្នាំមុន។ ជាមួយគ្នាដែរ ប.ស.ស ចំណាយគាំពារដល់ជនរងគ្រោះ លើផ្នែកហានិភ័យការងារ និងសេវាថែទាំសុខភាព អស់ប្រមាណ៣៤៥,៩០ប៊ីលានរៀល (ប្រមាណ៨៥លានដុល្លារ)។ 
 
ការអនុវត្តរបបសន្តិសុខសង្គម សម្រាប់វិស័យឯកជនលើផ្នែកហានិភ័យការងារ ត្រឹមឆ្នាំ២០២២នេះ មានសហគ្រាសចុះបញ្ជិកាជាង២ម៉ឺនកន្លែង ក្នុងនោះមានសមាជិកជាង២.៥លាននាក់។ បើគិតតែ ក្នុងឆ្នាំ២០២២ គឺមានជាង៣១០០សហគ្រាស ដែលមានកម្មករនិយោជិត២៧ម៉ឺននាក់ ជាសមាជិក។ ឆ្នាំមុននេះ ប.ស.ស រកចំណូលភាគទានពីផ្នែកហានិភ័យការងារបានជាង១៣០, ០០ប៊ីលានរៀល (ប្រមាណ៣២លានដុល្លារ)។ ជាមួយគ្នាដែរ ប.ស.ស ចំណាយក្នុងការផ្ដល់តាវកាលិកហានិភ័យការងារអស់ជាង២២,០០ប៊ីលានរៀល (ជាង៥លានដុល្លារ)។ 
 
ដោយឡែក ផ្នែកថែទាំសុខភាពនៃវិស័យឯកជនវិញ គិតត្រឹម២០២២ មានសហគ្រាសជាង១,៧ម៉ឺនកន្លែងបានចុះបញ្ជិកា ដែលក្នុងនោះមានសមាជិកជាង២.៥លាននាក់។ ចំណែក ក្នុងឆ្នាំ២០២២ ប.ស.ស ទទួលបានភាគទានជាង៤៤០,០០ប៊ីលានរៀល (ជាង១០៩លានដុល្លារ) ហើយចំណាយគាំពារលើការផ្ដល់តាវកាលិកវិញអស់ជាង២៦០,០០ប៊ីលានរៀល (ប្រមាណ៦៤លានដុល្លារ)។ 
 
ចំពោះ មន្ទីរពេទ្យដែលបានសហការជាមួយ ប.ស.ស លើផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ នៅទូទាំងប្រទេស មានជាង១៨០០កន្លែង ដែលក្នុងនោះរួមមាន មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងមន្ទីរពេទ្យឯកជន៕ 

Tag:
 ប.ស.ស
  សហគ្រាស
© រក្សាសិទ្ធិដោយ thmeythmey.com