អន្តរជាតិ
ឥណ្ឌា នាំចូលប្រេងពីរុស្ស៊ីក្នុងកំណត់ត្រាខ្ពស់បំផុតដល់ ១,៦លានបារ៉ែលក្នុងមួយថ្ងៃ​
06, Mar 2023 , 12:09 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ការនាំចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ី​ បានកើនឡើងក្នុងកំណត់ត្រាខ្ពស់បំផុត រហូតដល់១,៦លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Hindustan Times នៅថ្ងៃទី៥ ខែមីនា។

 
ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង រុស្ស៊ីជាប្រទេសផ្គត់ផ្គង់ប្រេងឆៅដ៏សំខាន់មួយ ខណៈប្រទេសជាច្រើនដូចជាចិន និងឥណ្ឌា បានបង្កើនការទិញប្រេងទាំងនោះយ៉ាងខ្លាំង ដោយសារវាមានតម្លៃថោក។ 
 
មុនសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ឥណ្ឌានាំចូលប្រេងពីរុស្ស៊ីតិចជាង ១មួយភាគរយនៃទីផ្សារនាំចូលប្រេងរបស់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែការនាំចូលប្រេងពីរុស្ស៊ីហក់ឡើងយ៉ាងគំហុក រហូតដល់ ១,៦២លានបារ៉ែល ក្នុងមួយថ្ងៃ ក្នុងខែកុម្ភៈ។ នេះជាចំនួនដ៏ច្រើនបំផុតរបស់ឥណ្ឌា ក្នុងការនាំចូលប្រេងពីរុស្ស៊ី។ 
 
ឥណ្ឌា ជាប្រទេសទីបី ដែលនាំចូលប្រេងជាច្រើនជាងគេបំផុតលំដាប់ទី៣នៅលើពិភពលោក​ បន្ទាប់ពីចិន និងអាម៉េរិក។ ដោយសារមានការកើនឡើងពីរុស្ស៊ី ឥណ្ឌា បានបន្ថយការនាំចូលប្រេងពីអារ៉ាប៊ីសាអូឌីត និងអាម៉េរិក។ កន្លងមក ការនាំចូលពីអារ៉ាប៊ីសាអូឌីតថយចុះ ១៦ភាគរយ និងអាម៉េរិក ៣៦ភាគរយ។ 
 
បន្ថែមពីនេះ ការនាំចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ី គឺមានទំហំច្រើនជាងឥណ្ឌានាំចូលប្រេងពីអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់របស់ឥណ្ឌា ក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៅទៀត។ នៅក្នុងខែកុម្ភៈ ឥណ្ឌានាំចូលប្រេងពីអ៊ីរ៉ាក់ក្នុងទំហំជាង ៩លានបារ៉ែល និងអារ៉ាប៊ីសាអូឌីតជាង​ ៦,៤លានបារ៉ែល។ 
 
កន្លងមក រដ្ឋមន្រ្តីការបរទេស ឥណ្ឌា លោក S Jaishankar បាននិយាយការពារជាច្រើនលើកជុំវិញការនាំចូលប្រេងឆៅពីរុស្ស៊ីក្នុងតម្លៃថោក បើទោះមានការបារម្ភពីសំណាក់ប្រទេសលោកខាងលិច។ បើតាមរដ្ឋមន្រ្តីការបរទេសរូបនេះ ឥណ្ឌាត្រូវការប្រេងជាចាំបាច់ ដើម្បីបង្ការកុំឱ្យតម្លៃហក់ឡើង។
 
គួររំឭកថា នៅក្នុងខែធ្នូ ឆ្នាំ២០២២ កន្លងមក សហភាពអឺរ៉ុប បានកំណត់តម្លៃប្រេងនាំចូលពីរុស្ស៊ីត្រឹម ៦០ដុល្លារប៉ុណ្ណោះ ដើម្បីបង្ការប្រទេសជាសមាជិកទិញប្រេងពីរុស្ស៊ី៕
 

Tag:
 ឥណ្ឌា
  រុស្ស៊ី
  អ៊ុយក្រែន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com