កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន លុត អង្គរថាយហ្គឹរ ចំណែក អគ្គិសនីកម្ពុជា បរាជ័យយ៉ាងដំណំ ក្រោមថ្វីជើងព្រៃវែង
06, Mar 2023 , 3:59 pm        
រូបភាព
រូបភាពពីផេកហ្វេសប៊ុកក្រុមភ្នំពេញក្រោន
រូបភាពពីផេកហ្វេសប៊ុកក្រុមភ្នំពេញក្រោន
ភ្នំពេញក្រោន បានបំបាក់អង្គរថាយហ្គឺរ ក្នុងលទ្ធផល ៨-១ ក្នុងការប្រកួតពានរង្វាន់ខាមបូឌានលីគខាប់ ២០២៣ (Cambodian League Cup 2023) កាលពីថ្ងៃទី៤ ខែមិនា នៅកីឡដ្ឋាន Smart RSN។ រីឯ អគ្គិសនីកម្ពុជា ចាញ់យ៉ាងដំណំ ក្នុងការប្រកួតជាមួយព្រៃវែង នៅកីឡដ្ឋានខេត្តព្រៃវែង ក្នុងលទ្ធផល ៧-០ នារសៀលថ្ងៃទី៥ ខែមីនា។



គ្រាប់បាល់ទី១ របស់ម្ចាស់ផ្ទះព្រៃវែង រកបានដោយការភ្លាត់ស្នៀតរបស់អ្នកចាំទីក្រុមភ្ញៀវអគ្គិសនីកម្ពុជា កីឡាករ អេង កែវដាវីត ដែលទប់បាល់មិនល្អ ធ្វើឱ្យចូលទីខ្លួនឯង បន្ទាប់ពីមិត្តរួមក្រុមបញ្ជូនឲ្យ នៅនាទី៣។ លុះចូលដល់នាទី១៣ ខ្សែប្រយុទ្ធព្រៃវែង កីឡាករ Bortu Dauda រកបាន១គ្រាប់ទៀត បន្ទាប់ពីមិត្តរួមក្រុមបញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់ នាំឲ្យអគ្គិសនីកម្ពុជា នាំមុខ២-០។ ឈានដល់ចុងតង់ទី១ នាទី៤៥ ហើយ ស្រាប់តែក្រុមម្ចាស់ផ្ទះ ទទួលបានបាល់ពិន័យ១១ ម៉ែត្រ ក្រោយខ្សែការពារក្រុមភ្ញៀវបង្កកំហុស នៅក្នុងតំបន់គ្រោះថ្នាក់ ហើយទទួលបានកាតក្រហម។ កីឡាករ So Omae រ៉ាប់រងបាល់ពិន័យនោះ បានសម្រេច នាំមុខអគ្គិសនីកម្ពុជា ក្នុងតង់ទី១ លទ្ធផល៣-០។
 
លុះចូលដល់តង់ទី២ នាទី៦៧ កីឡាករ ណា ប៊ុនណេត ខ្សែបម្រើប្រយុទ្ធព្រៃវែង បានអូសផុតអ្នកការពារ រួចក៏សម្រេចទី មុនពេលកីឡាករ គង់ រិទ្ធី ស៊ុតបន្ថែមគ្រាប់ទី៥ នៅនាទី៧១ ។ ចំណែកគ្រាប់ទី៦ ធ្វើបានដោយកីឡាករ Takeshita Masatoshi នៅនាទី៧៣ មុនពេលកីឡាករ SO Omae បន្ថែមមួយគ្រាប់ទៀត នៅនាទី៨៧។
 
ក្នុងថ្ងៃជាមួយគ្នានេះ វិសាខា ជោគជ័យលើជំនួបជាមួយ គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ២-០​ នៅកីឡដ្ឋាន AIA KMH Sports Park រីឯក្រុមបាល់ទាត់ បឹងកេត បានយកឈ្នះ លើក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ៤-៣ នៅកីឡដ្ឋានស្ដាតចាស់។ ជ័យជម្នះ បឹងកេតនេះ ស្របពេលកីឡាករ ចាន់ វឌ្ឍនាការ បានបង្ហាញខ្លួនលើកដំបូងក្នុងទីលាន បន្ទាប់ពីខកខានអស់មួយរដូវកាល។
 
ដោយឡែកក្រុមការពារតំណែងជើងឯក Cambodian League Cup 2022 ភ្នំពេញក្រោន បានលុតអង្គរថាយហ្គឺរ យ៉ាងចាស់ដៃក្នុងទឹកដីកីឡដ្ឋាន Smart RSN ក្នុងលទ្ធផល៨-១ កាលពីថ្ងៃទី៤ ខែមីនា។ ក្នុងចំណោម ៨គ្រាប់នោះ ប្រាក់ ធីវ៉ា ខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោន រកបាន៣គ្រាប់, Valerii Hryshyn ២គ្រាប់, Shimizu Shitaro ២គ្រាប់ និងសឿត បារាំង ១គ្រាប់។ ដោយឡែក ១គ្រាប់របស់អង្គរថាយហ្គឺរ គឺរកបានដោយ កីឡាករ សុខ គ្រូសូហ្វាន។
 
នៅក្នុងពូលB ដដែលនោះ នគរបាលជាតិ បានយកឈ្នះ លើម្ចាស់ផ្ទះ សូលទីឡូអង្គរ ក្នុងលទ្ធផល ២-០នៅកីឡដ្ឋានហនុមាន ។ ចំណែកការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និងកងយោធពលលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់ បានត្រឹមតែស្មើក្នុងលទ្ធផល ០-០។
 
គួរបញ្ជាក់ថា ក្នុងពូល A វិសាខា ឈរនៅលេខ១ មាន៩ពិន្ទុ តាមពីក្រោយដោយក្លិបទ័ព ដែលមានពិន្ទុស្មើគ្នា ជាមួយគិរីវង់សុខសែនជ័យ ឈរចំណាត់ថ្នាក់លេខ៣។ ចំណែក ព្រៃវែង ឈរចំណាត់ថ្នាក់លេខ៤ មានពិន្ទុ ស្មើជាមួយ បឹងកេត លេខ៥ និងអគ្គិសនីកម្ពុជា លេខ៦។ ដោយឡែក កោះកុង ៣ប្រកួតមិនទាន់ឈ្នះសោះ ឈរចំណាត់ថ្នាក់លេខ៧ មិនមានពិន្ទុ។

សម្រាប់ពូល B ណាហ្គាវើលដ៍ នៅតែបន្ដឈរនៅកំពូលតារាង មាន១០ពិន្ទុ ខណៈ ភ្នំពេញក្រោន ឈរលេខ២ មាន៩ពិន្ទុ។ ចំណែក អាយ អេស អាយ ដង្កោសែនជ័យ នៅចំណាត់ថ្នាក់លេខ៣ មាន៦ពិន្ទុ តាមពីក្រោយដោយ ព្រះខ័នរាជ ស្វាយរៀង លេខ​៤ មាន៤ពិន្ទុ រីឯនគរបាលជាតិ​ ឈរលេខ៦ មាន៣ពិន្ទុ, លេខ៦ សូលទីឡូអង្គរ មាន១ពិន្ទុ ស្មើគ្នា និងអង្គរថាយហ្គឺរ ចំណាត់ថ្នាក់លេខ៧៕
 

Tag:
 បាល់ទាត់
  Cambodian League Cup
© រក្សាសិទ្ធិដោយ thmeythmey.com