ជាតិ
អន្តរជាតិ
ប្រធានាធិបតីទីម័រ សរសើរកម្ពុជាដែលជួយគាំទ្រឱ្យបានក្លាយជាសមាជិកអាស៊ាន
06, Mar 2023 , 5:19 pm        
រូបភាព
ប្រធានាធិបតីទីម័រខាងកើត Jose Ramos-Horta កំពុងជជែកជាមួយឥស្សរជននៅឯសាលសន្និសីទក្នុងទីក្រុងដូហា។ រូបថតដោយ សៅ ផលនិស្ស័យ
ប្រធានាធិបតីទីម័រខាងកើត Jose Ramos-Horta កំពុងជជែកជាមួយឥស្សរជននៅឯសាលសន្និសីទក្នុងទីក្រុងដូហា។ រូបថតដោយ សៅ ផលនិស្ស័យ
ប្រធានាធិបតីទីម័រខាងកើត José Ramos-Horta បានកោតសរសើរកម្ពុជាដែលគាំទ្រប្រទេសរបស់លោកក្នុងការក្លាយជាសមាជិកអាស៊ាន ហើយលោកចង់ឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀតនៅពេលអនាគត។

 
«យើងពិតជារីករាយនិងដឹងគុណសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន, រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។» ប្រធានាធិបតីទីម័រខាងកើត José Ramos-Horta ប្រាប់សារព័ត៌មាន Cambodianess បែបនេះនាកិច្ចសម្ភាសផ្ដាច់មុខនៅទីក្រុងដូហា ទឹកដីកាតា ទីដែលលោកចូលរួមកិច្ចប្រជុំប្រទេសអភិវឌ្ឍតិចតួច។
 
«យើងពិតជាដឹងគុណមែនទែន។ យើងមានប្រវត្តិតស៊ូ និងឈឺចាប់ដូចគ្នា ហើយកម្ពុជាដឹងពីស្ថានភាពទីម័រខាងកើតយ៉ាងច្បាស់។ យើងពិតជារីករាយចំពោះការសម្រេចចិត្តរបស់មេដឹកនាំអាស៊ាននាកិច្ចប្រជុំកំពូលនៅទីក្រុងភ្នំពេញក្នុងវិច្ឆិកាកន្លងទៅ។» លោក José Ramos-Horta បន្តបែបនេះ។
 
ទីម័រខាងកើត ស្នើសុំចូលអាស៊ាននៅឆ្នាំ២០១១។ អាស៊ានចំណាយពេលដល់ទៅ១០ឆ្នាំមុនឈានដល់ការសម្រេចចិត្តផ្ដល់សមាជិកភាពឋានៈអ្នកសង្កេតការណ៍ដល់ទីម័រខាងកើតក្រោមអាណត្តិប្រធានរបស់កម្ពុជានាឆ្នាំ២០២២។ ទោះមិនទាន់ចូលពេញលេញ ទីម័រខាងកើត អាចចូលរួមគ្រប់កិច្ចប្រជុំជាមួយសមាជិកអាស៊ានឯទៀតរាប់ទាំងកិច្ចប្រជុំកំពូលផង។ យ៉ាងណាមិញ ទីម័រខាងកើត មានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញតាមលក្ខខណ្ឌក្នុងផែនទីចង្អុលផ្លូវរបស់អាស៊ាន។
 
មេដឹកនាំទីម័រខាងកើតសង្កត់ធ្ងន់ថា៖ «ឥឡូវនេះ យើងកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាននៅខែឧសភានៅឥណ្ឌូណេស៊ី ដើម្បីមើលផែនទីបង្ហាញផ្លូវដែលនឹងត្រូវបានអនុម័ត និងទទួលយកប្រតិទិននៃការចូលជាសមាជិកដែលកិច្ចប្រជុំកំពូលអាចសម្រេចថា តើយើងគួរតែចូលរួមនៅឆ្នាំ២០២៣ ឬ២០២៤ ឬ២០២៥ ហើយមិនថាការសម្រេចចិត្តបែបណា យើង​នឹង​ស្វាគមន៍​»។ 
 
ទីម័រខាងកើតជាដៃគូ មិនមែនអម្រែកសម្រាប់អាស៊ានឡើយ
 
ក្នុងកិច្ចសម្ភាសដដែល លោក José Ramos-Horta និយាយថា​ ការចូលជាសមាជិកអាស៊ាន នឹងដំណើរការរលូន ដោយលោកយោងទៅលើសាមគ្គីភាពក្នុងចំណោមប្រជាជនអាស៊ាន និងរដ្ឋាភិបាលប្រទេសសមាជិកទាំងអស់។
 
«ទោះជាយ៉ាងណាក៏ដោយ វាមិនមានន័យថា រលូនរហូតដែរនោះទេ ពីព្រោះក្នុងនាមជាសមាជិកថ្មីបំផុត យើងត្រូវតស៊ូជាមួយបញ្ហាប្រឈមទាក់ទងនឹងសេដ្ឋកិច្ច និងធនធានមនុស្សរបស់យើង។» ប្រធានាធិបតីទីម័រខាងកើតលើកឡើងបែបនេះ មុនបង្ហាញការដឹងគុណចំពោះសិង្ហបុរីដែលបានបង្កើតផែនការយុទ្ធសាស្រ្តដើម្បីគាំទ្រដល់ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពរបស់ទីម័រខាងកើត។
 
«ហើយបណ្តាប្រទេសលោកខាងលិចដូចជាអូស្ត្រាលី និងចក្រភពអង់គ្លេសក៏គាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍធនធានមនុស្សរបស់ទីម័រខាងកើតផងដែរ»។ លោកបន្ថែមដូច្នេះ។ 
 
បើតាមប្រធានាធិបតីទីម័រខាងកើត ការគាំទ្រដ៏រឹងមាំនេះអនុញ្ញាតឱ្យប្រទេសរបស់លោកពង្រឹងសមត្ថភាពខ្លួនឯង និងក្លាយជាសមាជិកប្រកបដោយការស្ថាបនា និងការទទួលខុសត្រូវ។ លោកបន្តថា៖ «យើងមិនចង់ធ្វើជាបន្ទុកឡើយ។ យើងចង់ក្លាយជាដៃគូដែលអាចរួមចំណែកឱ្យអាស៊ានកាន់តែរួបរួមថែមទៀត។»
 
ការពង្រីកពាណិជ្ជកម្ម និងការហោះហើរទៅមក
 
កម្ពុជាភ្ជាប់ទំនាក់ទំនងជាមួយទីម័រខាងកើតនៅឆ្នាំ២០០២ ភ្លាមៗក្រោយទីម័រខាងកើតបានឯករាជ្យពីឥណ្ឌូណេស៊ីតាមរយៈការធ្វើប្រជាមតិនៅឆ្នាំដដែល។ ទំនាក់ទំនងទ្វេភាគី ក៏មានភាពល្អប្រសើរតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមេដឹកនាំ។ សម្ដេច ហ៊ុន សែន ធ្វើទស្សនកិច្ចនៅទីម័រខាងកើតនៅឆ្នាំ២០០៦ ហើយលោក Ramos-Horta ក៏មកកាន់កម្ពុជានៅខែតុលា ឆ្នាំ២០២២ ដោយពេលនេះ អនុស្សារណៈយោគយល់គ្នាលើការនាំចេញអង្ករ និងសេវាកម្មហោះហើរ ត្រូវបានចុះហត្ថលេខា។
 
នៅពេលសួរថាភាគីទាំងពីរអាចធ្វើអ្វីបានទៀតដើម្បីជំរុញការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន លោក Ramos-Horta បញ្ជាក់ថា លោកលើកទឹកចិត្តឱ្យមានការតភ្ជាប់ផ្លូវអាកាស ហើយការជំរុញពាណិជ្ជកម្ម នឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស។
 
«ខ្ញុំ​ចង់​ឃើញ​ការ​តភ្ជាប់​កាន់​តែ​ច្រើន​រវាង​កម្ពុជា និង​ទីម័រខាងកើត ជាពិសេស​ការ​តភ្ជាប់រវាង​ក្រុមហ៊ុន​អាកាសចរណ៍ ទោះ​បី​ជា​វា​មាន​ន័យ​ថា​យើង​ត្រូវ​ឧបត្ថម្ភធន​ដើម្បី​ឱ្យ​មានតម្លៃ​ថោកក៏ដោយ។ ខ្ញុំ​ក៏​ចង់​ឃើញ​ការ​កើន​ឡើង​​ពាណិជ្ជកម្ម​ដើម្បី​ទីម័រខាងកើត​អាច​ទិញ​ទំនិញ​បន្ថែម​ពី​កម្ពុជា​ដូចជា​អង្ករ និង​ទំនិញ​ផ្សេង​ទៀត»។ លោកអះអាងបែបនេះ។
 
គំនិតផ្តួចផ្តើមមួយទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងភាពជាដៃគូតាមរយៈពាណិជ្ជកម្ម គឺជំរុញការវិនិយោគលើផលិតកម្មស្រូវនៅកម្ពុជាដូចដែលបានលើកឡើងដោយប្រមុខរដ្ឋាភិបាលកម្ពុជា។
 
«សម្ដេនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់គំនិតដ៏ល្អមួយដល់យើងថា ដោយសារទីម័រខាងកើតនាំចូលអង្ករ ហេតុអ្វីយើងមិនវិនិយោគខ្លះក្នុងផលិតកម្មស្រូវនៅកម្ពុជា?» នេះជាការចង្អុលបង្ហាញរបស់លោក Ramos-Horta មុនបន្តថា៖ «បន្ទាប់មក ប្រសិនបើយើងត្រូវការអង្ករដែលយើងផលិតនៅកម្ពុជា យើងអាចបញ្ជូនវាទៅទីម័រខាងកើត។ បន្ទាប់​មក យើង​អាច​នាំ​ចេញ​បាន​ប្រសិន​បើ​យើង​មិន​ត្រូវ​ការវាទេ»។
 
គំនិត​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន​នៅ​ទី​ម័​រ​ខាងកើត​ផងដែរ។
 
លោកប្រធានាធិបតី​បាន​បន្ត​ថា​៖ «​យើង​មាន​ធនធាន​ហិរញ្ញវត្ថុ​មួយ​ចំនួន ហើយ​យើង​ពិត​ជា​អាច​វិនិយោគ​លើ​ការ​ផលិត​ស្រូវ​ជា​ច្រើន​ហិចតា​នៅ​កម្ពុជា»៕
 
 

Tag:
 ទីម័រខាងកើត
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com