អន្តរជាតិ
ប្រមុខការទូតអ៊ុយក្រែន ជំរុញអាល្លឺម៉ង់បញ្ជូនគ្រាប់កាំភ្លើង និងហ្វឹកហ្វឺនអ្នកបើកយន្តហោះបន្ថែម លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន។ រូបភាព AFP
× រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានជំរុញឱ្យអាល្លឺម៉ង់បញ្ជូនគ្រាប់កាំភ្លើង និងហ្វឹកហ្វឺនអ្នកបើកយន្តហោះចម្បាំងរបស់លោកខាងលិចបន្ថែម ដើម្បីទប់នឹងការវាយប្រហាររបស់រុស្ស៊ី។ --
ក្នុងកិច្ចសម្ភាសជាមួយកាសែត BILD am Sonntag ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានអះអាងថា កង្វះគ្រាប់កាំភ្លើង ជាបញ្ហាសំខាន់ទីមួយ ក្នុងការប្រឆាំងរបស់អ៊ុយក្រែន ទល់នឹងរុស្ស៊ី។
ប្រមុខការទូតអ៊ុយក្រែនរូបនេះ បានអះអាងថា ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់បានប្រាប់លោកពីការត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនគ្រាប់កាំភ្លើងឱ្យអ៊ុយក្រែន ប៉ុន្តែវារង់ចាំរដ្ឋាភិបាលអាល្លឺម៉ង់ ចុះហត្ថលេខាលើ។
«ដូច្នេះបញ្ហា គឺស្ថិតលើរដ្ឋាភិបាលអាល្លឺម៉ង់»។ លោក Kuleba បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា អ៊ុយក្រែន មិនបានរំពឹងពីការទទួលបានយន្តហោះចម្បាំងពីលោកខាងលិចឡើយ ប៉ុន្តែរដ្ឋាភិបាលក្រុងកៀវសង្ឃឹមថា អ្នកបើកបរយន្តហោះចម្បាំងអ៊ុយក្រែន គួរតែត្រូវបានហ្វឹកហ្វឺន។
ក្នុងកិច្ចសម្ភាសដាច់ដោយឡែកមួយទៀត លោក Kuleba ក៏បានបញ្ជាក់ពីការមិនដកទ័ពចេញពីក្រុង Bakhmut ដែលរុស្ស៊ីកំពុងវាយប្រហារផង។ ត្រង់ចំណុចនេះ ប្រមុខការទូតអ៊ុយក្រែន បានពន្យល់ថា ប្រសិនបើរុស្ស៊ី ទទួលបានក្រុង Bakhmut ក្រុងផ្សេងទៀតនៅពីក្រោយនឹងត្រូវរងគ្រោះ ហើយរុស្ស៊ីនៅតែបន្តវាយប្រហារក្រុងទាំងនោះ៕
Tag:
អ៊ុយក្រែន
អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com