អន្តរជាតិ
អ៊ីរ៉ង់បង្ហាញសញ្ញាវិជ្ជមានទាក់ទងនឹងការដោះដូរអ្នកទោសជាមួយអាម៉េរិក តែអាម៉េរិកបដិសេធ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Hossein Amir-Abdollahian ។ រូបថត Xinhua
× រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅថ្ងៃទី១២ ខែមីនាបានបង្ហាញសញ្ញាវិជ្ជមានលើការដោះដូរអ្នកទោសជាមួយអាម៉េរិកដែលអាចកើតឡើងក្នុងពេលឆាប់ៗនេះ ខណៈដែលកិច្ចព្រមព្រៀងដំបូងដែលអូសបន្លាយយូររវាងភាគីទាំងពីរហាក់មានភាពរលូន។ យ៉ាងណាមិញ មន្ត្រីអាម៉េរិកម្នាក់បានច្រានចោលជារឿងមិនពិត។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍រដ្ឋនៅថ្ងៃទី១២ ខែមីនា បានអះអាងថា អ៊ីរ៉ង់សម្រេចបានកិច្ចព្រមព្រៀងមួយកាលពីប៉ុន្មានថ្ងៃមុន ហើយប្រសិនបើអ្វីៗដំណើរការល្អនៅខាងអាម៉េរិក ការដោះដូរអ្នកទោសនឹងកើតឡើងក្នុងរយៈពេលខ្លី។
«កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខារវាងយើង និងភាគីអាម៉េរិក ក្នុងអំឡុងពេលកិច្ចចរចាដោយប្រយោលកាលពីខែមីនាឆ្នាំមុន ប៉ុន្តែមូលដ្ឋានដើម្បីអនុវត្តបានរៀបចំរួចរាល់ហើយ។ នៅក្នុងទស្សនៈរបស់យើងអ្វីគ្រប់យ៉ាងគឺរួចរាល់។ ភាគីអាម៉េរិកបានចូលរួមក្នុងការសម្របសម្រួលបច្ចេកទេសចុងក្រោយរបស់ខ្លួន»។ លោក Hossein Amir-Abdollahian បានលើកឡើងបែបនេះក្នុងបទសម្ភាសដដែល។
យ៉ាងណាមិញ ក្រោយការលើកឡើងរបស់ភាគីអ៊ីរ៉ង់នេះ នៅថ្ងៃដដែលអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានអាម៉េរិកបានបដិសេធថា អាម៉េរិកមិនបានយល់ព្រមលើកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ពីការដោះលែងអ្នកទោសឡើយ។
«ជារឿងអកុសល មន្ត្រីអ៊ីរ៉ង់មិនស្ទាក់ស្ទើរក្នុងការកុហក ហើយការអះអាងចុងក្រោយបំផុតនេះនឹងធ្វើឱ្យមានការឈឺចាប់កាន់តែខ្លាំងសម្រាប់គ្រួសាររបស់ Siamak Namazi, Emad Sharghi និង Morad Tahbaz»។ អ្នកនាំពាក្យបានសំដៅលើពលរដ្ឋអាម៉រិក-អ៊ីរ៉ង់៣រូបដែលអ៊ីរ៉ង់បានចាប់ខ្លួន។
ការអត្ថាធិប្បាយរបស់អ្នកការទូតអ៊ីរ៉ង់បានកើតឡើងនៅពេលដែលអនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Ali Bagheri Kani បានធ្វើដំណើរទៅអូម៉ង់ដែលបានដើរតួជាអ្នកសម្រុះសម្រួលរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោនក្នុងកិច្ចពិភាក្សាផ្លាស់ប្តូរអ្នកទោស។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដោះដូរអ្នកទោសនេះបានផ្សាភ្ជាប់ជាមួយនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានជាប់គាំងក្រោយទីក្រុងក្រុងវ៉ាស៊ីនតោនបានបោះបង់ចោលជាឯកតោភាគីក្នុងឆ្នាំ២០១៨។ អ៊ីរ៉ង់បានបន្ទោសអាម៉េរិកម្តងហើយម្តងទៀតចំពោះការពន្យារពេលទាំងការដោះដូរអ្នកទោសនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com