អន្តរជាតិ
អ៊ុយក្រែន រិះគន់រុស្ស៊ីដែលឱ្យបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិត្រឹម៦០ថ្ងៃ
14, Mar 2023 , 2:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
រដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Oleksandr Kubrakov នៅថ្ងៃទី១៣ ខែមីនា បានរិះគន់រុស្ស៊ី ក្រោយឯកភាពបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិត្រឹម ៦០ថ្ងៃ ពោលគឺមានរយៈពេលត្រឹមពាក់កណ្តាលនៃកិច្ចព្រមព្រៀងដើមមានរយៈពេល ១២០ថ្ងៃប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ អ៊ុយក្រែន បានចាត់ទុកទង្វើរបស់រុស្ស៊ី ជាការបំពានកិច្ចព្រមព្រៀងសម្របសម្រួលដោយអង្គការសហប្រជាជាតិ (UN) និងតួកគី។

 
តំណាងរុស្ស៊ី នៅថ្ងៃទី១៣ ខែមីនា បានប្រកាសថា ក្រុងមូស្គូ បានត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិបន្ថែមរយៈពេល ៦០ថ្ងៃ។ ក្រោយការប្រកាសរបស់ភាគីរុស្ស៊ី អង្គការសហប្រជាជាតិ បានចាត់ទុកជាផ្នែកមួយនៃការឆ្លើយតបជាសកលលើវិបត្តិកើនឡើងថ្លៃរស់នៅ។ 
 
បើទោះរុស្ស៊ីប្រកាសបន្តក្តី ប៉ុន្តែភាគីអ៊ុយក្រែនបានចាត់ទុកជាការផ្ទុយនឹងកិច្ចព្រមព្រៀង ដោយសារបន្តរយៈពេលត្រឹម៦០ថ្ងៃ ពោលគឺបន្តត្រឹមពាក់កណ្តាល នៃកិច្ចព្រមព្រៀងដើមមានរយៈពេល ១២០ថ្ងៃ។
 
«កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ពាក់ព័ន្ធនឹងការពន្យារយ៉ាងហោចណាស់ ១២០ថ្ងៃ។ ដូចនេះការបន្តរយៈពេលរបស់រុស្ស៊ីត្រឹម៦០ថ្ងៃ ផ្ទុយនឹងឯកសារដែលចុះហត្ថលេខាដោយUN និងតួកគី»។ លោក Oleksandr Kubrakov រដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន បានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី១៣ ខែមីនា ដោយបន្ថែមថា អ៊ុយក្រែនកំពុងរង់ចាំតួនាទីផ្លូវការរបស់អង្គការសហប្រជាជាតិ និងតួកគី ក្នុងនាមជាអ្នកធានាលើគំនិតផ្តួចផ្តើម។ 
 
ផ្អែកតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ គ្រាប់ធញ្ញជាតិប្រមាណ ២៤,១លានតោន ត្រូវបាននាំចេញ ក្រោមគំនិតផ្តួចផ្តើម «គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន DW។ 
 
កន្លងមក រុស្ស៊ី បានបង្ហាញការត្អូញត្អែររបស់ខ្លួនថា បើទោះទំនិញកសិកម្មរបស់ខ្លួនត្រូវបាននាំចេញក៏ដោយ ប៉ុន្តែដោយសារតែទណ្ឌកម្មលើវិស័យផ្សេងៗ ជាពិសេសធនាគារ វាបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មរបស់ខ្លួន។ បន្ថែមពីនេះ គ្រាប់ធញ្ញជាតិទាំងនោះ គឺនាំចេញទៅប្រទេសអ្នកមាន ដែលនេះត្រូវបានជឿថាបំពាននឹងកិច្ចព្រមព្រៀង។ 
 
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិនេះ ត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី ដើម្បីជួយរុស្ស៊ី និងអ៊ុយក្រែនអាចនាំចេញគ្រាប់ធញ្ញជាតិ ទៅទីផ្សារអន្តរជាតិ ក្នុងគោលបំណងកាត់បន្ថយតម្លៃស្បៀងអាហារ និងវិបត្តិមួយចំនួន៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com