ហ្វាំងឡង់រក្សាចំណាត់ថ្នាក់លេខមួយក្នុងនាមជាប្រជាជាតិដែលមានសុភមង្គល (រីករាយ) ជាងគេបំផុតលើលោក។ នេះបើតាមរបាយការណ៍ស្តីពីសុភមង្គលពិភពលោក (World Happiness Report 2023)។ សិង្ហបុរី មានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅអាស៊ី ដោយឈរលេខរៀងទី២៥ ខណៈកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី១១៥ក្នុងចំណោម១៣៧ប្រទេស។
របាយការណ៍គាំទ្រដោយបណ្តាញអង្គការសហប្រជាតិ (UN Sustainable Development Solutions Network) ផ្តោតលើកត្តាសំខាន់ៗចំនួន៦ដែលត្រូវបានវាយតម្លៃចន្លោះពីឆ្នាំ២០២០-២០២២។ កត្តាទាំងនោះ រួមមាន ការគាំពារសង្គម ចំណូល សុខភាព សេរីភាព សប្បុរសធម៌ និងអវត្តមាននៃអំពើពុករលួយ។
បើគិតចាប់តាំងពីឆ្នាំ២០១៨ មក ហ្វាំងឡង់ នៅតែរក្សាចំណាត់ថ្នាក់លេខ១។ ដាណឺម៉ាក និងអ៊ីឡង់ ដែលជាប្រទេសពីតំបន់ស្កង់ឌីណាវ ដូចគ្នា ឈរនៅលេខរៀងទី២ និងទី៣។ ប្រទេសផ្សេងទៀត ដែលស្ថិតក្នុងចំណោម Top 10 រួមមាន អ៊ីស្រាអែល ហូឡង់ ស៊ុយអែត ន័រវេស ស្វីស លុចសំបួរ និងនូវែលសេឡង់។
អូស្ត្រាលី ស្ថិតនៅលេខ១២ ខណៈ កាណាដា (លេខ១៣), សហរដ្ឋអាម៉េរិក (លេខ១៥), អាល្លឺម៉ង់ (លេខ១៦), ចក្រភពអង់គ្លេស (លេខ១៩), បារាំង (លេខ២១), អេមីរ៉ាតអារ៉ាប់រួម (លេខ២៦), ជប៉ុន (លេខ៤៧), កូរ៉េខាងត្បូង (លេខ៥៧), ចិន (លេខ៦៤), ឥណ្ឌា (លេខ១២៦)។
សិង្ហបុរី ឈរលេខរៀងទី២៥ ដោយមិនត្រឹមតែមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍នោះឡើយ ប៉ុន្តែខ្ពស់ជាងបណ្តាប្រទេសនៅអាស៊ី។ រីឯចំណាត់ថ្នាក់នៃបណ្តាប្រទេសអាស៊ានផ្សេងទៀត រួមមាន ម៉ាឡេស៊ី (លេខ៥៥), ថៃ (លេខ៦០), វៀតណាម (លេខ៦៥), ហ្វីលីពីន (លេខ៧៦), ឥណ្ឌូណេស៊ី (លេខ៨៤), ឡាវ (លេខ៨៩), កម្ពុជា (លេខ១១៥) និងមីយ៉ាន់ម៉ា (លេខ១១៧)។ ដោយឡែក ព្រុយណេ មិនមានក្នុងរបាយការណ៍ឡើយ។
ប្រទេសចំនួន១០ ដែលមានកម្រិតភាពរីករាយតិចជាងគេបំផុត រួមមាន អាហ្វហ្គានីស្ថាន, លីបង់, សេរ៉ាឡេអូន, ស៊ីមបាវ៉េ, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, បុតស្វាណា, ម៉ាឡាវី, កូម័រ, តង់ហ្សានី និងសំប៊ី៕