ជាតិ
សម្ដេច ហ៊ុន សែន ជំរុញការផលិតពូជស្រូវ«ផ្ការំដួល» ដើម្បីបំពេញតម្រូវការទីផ្សារ
25, Mar 2023 , 3:59 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើនការផលិតពូជស្រូវ «ផ្ការំដួល» បន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារទាំងក្នុងស្រុក និងបរទេស។



ក្នុងសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែមីនា សម្ដេច ហ៊ុន សែន បានឱ្យក្រសួងកសិកម្ម ត្រូវបន្តជំរុញការអនុវត្តវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន និងចរីភាព ព្រមទាំងធុននឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនោះការអភិវឌ្ឍត្រូវមានផែនការច្បាស់លាស់ ដោយឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។

សម្តេច ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «ការអភិវឌ្ឍពូជសុទ្ធ ទាំងរុក្ខជាតិនិងសត្វដែលត្រូវនឹងតម្រូវការទីផ្សារ ធុននឹងអាកាសធាតុ សមាសភាពចង្រៃ ព្រមទាំងមានផលិតភាពខ្ពស់ គឺជាកត្តាចាំបាច់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវវិនិយោគ។ ចំពោះ ការវិនិយោគពូជស្រូវ ត្រូវវិនិយោគទៅលើពូជស្រូវ «ផ្ការំដួល» ឱ្យគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។ »


សម្តេច ហ៊ុន​ សែន ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ រូបភាព៖ SPM

បន្ថែមលើការជំរុញដល់ការអភិវឌ្ឍវិស័យកសិកម្ម សម្តេចក៏បានផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន ១០០គ្រឿង ដល់ក្រសួងកសិកម្ម ដើម្បីចែកជូនសហគមន៍កសិកម្ម ដែលផលិតស្រូវពូជ។ ជាមួយគ្នានេះ សម្ដេច ក៏ឱ្យក្រសួងពាណិជ្ជកម្ម ជួយវាយតម្លៃជាប្រចាំ នូវតម្រូវការទីផ្សារ ដោយសហការសម្របសម្រួលទីផ្សារសម្រាប់កសិផលទាំងក្នុង និងក្រៅប្រទេសផងដែរ។

សូមជម្រាបដែរថា ក្រសួងកសិកម្ម បានបង្កើតគម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងជំរុញការនាំចេញអង្ករប្រកបដោយគុណភាពនាពេលខាងមុខ។ ក្នុងគម្រោងនោះ ក៏មាននិស្សិតស្ម័គ្រចិត្តជាង២០០នាក់មកពីមហាវិទ្យាល័យចំនួន៨ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងជួយកសិករអាចផលិតគ្រាប់ពូជដែលមានសុទ្ធ ដើម្បីអាចចែកចាយនៅក្នុង និងក្រៅប្រទេស៕
 

Tag:
 កសិកម្ម
  ស្រូវផ្ការំដួល
  ស្រូវពូជ
© រក្សាសិទ្ធិដោយ thmeythmey.com