អន្តរជាតិ
ការិយាល័យសិទ្ធិមនុស្ស UN បង្ហាញព័ត៌មានលម្អិតចុងក្រោយនៃការបំពានសិទ្ធិមនុស្សនៅអ៊ុយក្រែន
26, Mar 2023 , 9:29 am        
រូបភាព
ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នាថ្ងៃទី២៤ ខែមីនាបានលើកឡើងថា ក្រុមអ្នកស៊ើបអង្កេតរបស់ខ្លួនបានបញ្ជាក់ពីការស្លាប់ជនស៊ីវិលរាប់ពាន់នាក់បន្ថែមទៀតនៅក្នុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលក្នុងនោះរួមទាំងមនុស្ស២១នាក់ដែលត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ីក្នុងការប្រហារជីវិត ឬការវាយប្រហារជាលក្ខណៈបុគ្គល។

 
«មួយឆ្នាំបន្ទាប់ពីសហព័ន្ធរុស្ស៊ីបានបើកការវាយប្រហារដោយប្រដាប់អាវុធយ៉ាងពេញទំហឹងប្រឆាំងអ៊ុយក្រែន អរិភាពនៅតែបន្តកើតមានយ៉ាងធ្ងន់ធ្ងរលើកុមារ ស្ត្រី និងបុរសនៅទូទាំងប្រទេស»។ OHCHR លើកឡើងនៅក្នុងរបាយការណ៍ថ្មីមួយបែបនេះ។
 
របាយការណ៍នេះបានរកឃើញថាជនស៊ីវិលយ៉ាងហោចណាស់៥,៩៨៧នាក់ ត្រូវបានសម្លាប់ ឬរងរបួសនៅចន្លោះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ហើយមនុស្ស ២១នាក់ដែលត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ីក្នុងការប្រហារជីវិត ឬការវាយប្រហារបុគ្គល។ លើសពីនេះ អាវុធជាតិផ្ទុះបានធ្វើឱ្យមានការបាត់បង់ជីវិតជនស៊ីវិលមួយចំនួនធំ។ តួលេខរបស់របាយការណ៍បង្ហាញទៀតថា ចំនួនស្លាប់របស់ជនស៊ីវិលភាគច្រើនបានកើតឡើងនៅក្នុងទឹកដីកាន់កាប់ដោយអ៊ុយក្រែនជាងតំបន់កាន់កាប់ដោយរុស្ស៊ី។
 
របាយការណ៍នេះបានចងក្រងឯកសារអំពីការបាត់ខ្លួន ឬការឃុំខ្លួនដោយបំពាននៃជនជាតិអ៊ុយក្រែន ២១៤នាក់នៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី និង៩១ករណីបែបនេះនៅក្នុងតំបន់កាន់កាប់ដោយរដ្ឋាភិបាលអ៊ុយក្រែន។ ភាគច្រើននៃអ្នកដែលត្រូវបានចាប់ខ្លួនដោយអ៊ុយក្រែនត្រូវបានសង្ស័យជាអ្នកសហការជាមួយរុស្ស៊ី។
 
របាយការណ៍ដដែលនោះបាននិយាយថា OHCHR មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនបានពិពណ៌នាជាការធ្វើបាប ការធ្វើទារុណកម្ម និងការបាត់ខ្លួនរបស់កុមារពីសំណាក់កងកម្លាំងរុស្ស៊ី រួមទាំងការចាប់ពង្រត់ក្មេងប្រុសជំទង់ចំនួនប្រាំនាក់ដែលពួកគេទាំងអស់ ត្រូវបានរងទារុណកម្មថែមទៀត៕
 

Tag:
 UN
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com