កីឡាជាតិ
ជាតិ
ឯកអគ្គរដ្ឋទូតអាម៉េរិក ចុះហត្ថលេខាលើបាល់ភ្លើងគប់កីឡាអូឡាំពិក ដែលគាំទ្រការដោះស្រាយវិបត្តិអាកាសធាតុសកល
25, Mar 2023 , 6:29 pm        
រូបភាព
ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក នៅកម្ពុជា បានចុះហត្ថលេខាលើ «គ្រាប់បាល់» ឬ The Ball ដែលជាបាល់ភ្លើងគប់កីឡាអូឡាំពិក ដើម្បីបង្ហាញពីការប្ដេជ្ញារបស់អាម៉េរិក ក្នុងការដោះស្រាយវិបត្តិអាកាសធាតុសកល។



ស្ថានទូតអាម៉េរិក នៅភ្នំពេញ សហការជាមួយអង្គការផ្កាយសមុទ្រកម្ពុជា (ISF) រៀបចំយកគ្រាប់បាល់ (The Ball) ឆ្លងកាត់ពីភ្នំពេញ ទៅខេត្តសៀមរាប និងបាត់ដំបង ដែលជាដំណើរសកល ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា។ ទន្ទឹមនឹងដំណើរឆ្លងកាត់របស់បាល់ភ្លើងគប់នេះ អង្គការស្មារតីនៃកីឡាបាល់ទាត់ នឹងបើកសិក្ខាសាលា បង្ហាញពីវិធីអប់រំ អំពីនិរន្តរភាព ដល់អ្នកចូលរួមមកពីបណ្តាអង្គការជាដៃគូផងដែរ។

លោកឯកអគ្គរដ្ឋទូត Murphy លើកឡើងថា៖«កីឡាបាល់ទាត់ ដែលជាកីឡាដ៏ល្អ គឺជាវិធីធ្វើឲ្យគេមានការសប្បាយ និងបណ្តុះគំនិតច្នៃប្រឌិត ដែលធ្វើឲ្យគេមានការរួបរួមគ្នា និងឯកភាពលើបញ្ហាជាសាកល ដែលប៉ះពាល់មនុស្សជាតិទាំងមូល។ យើងមានមោទកភាពក្នុងការធ្វើការជាមួយដៃគូ ដូចជាអង្គការស្មារតីកីឡាបាល់ទាត់នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ហើយលើកទឹកចិត្តយុវជនកម្ពុជា ជាពិសេស ឲ្យមានការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន» ។

គ្រាប់បាល់នេះ គឺជាគំនិតផ្តួចផ្តើមមួយរបស់អង្គការស្មារតីនៃកីឡាបាល់ទាត់ (Spirit of Football) ក្នុងគោលបំណងយកកីឡាបាល់ទាត់ធ្វើជាឧបករណ៍មួយក្នុងការដោះស្រាយបញ្ហាប្រឈមសាកល។ បាល់នេះ ធ្វើដំណើរពីកន្លែងនៃការប្រកួតបាល់ទាត់ផ្លូវការលើកដំបូងក្នុងឆ្នាំ១៨៦៤ នៅ Battersea Park ទីក្រុងឡុងដ៏ រហូតដល់ Eden Park នៃទីក្រុង Auckland ប្រទេសណូវែលសេឡង់ ដែលជាទីចាប់ផ្តើមនៃការប្រកួតកីឡាបាល់ទាត់ពិភពលោកផ្នែកនារី នៅឆ្នាំ២០២៣។ គ្រាប់បាល់នេះ បានធ្វើដំណើរជុំវិញពិភពលោក ដោយប្រមូលបានហត្ថលេខារបស់អ្នកសន្យាគាំទ្រការលើកកម្ពស់សមភាពយេនឌ័រ និងសកម្មភាពផ្នែកអាកាសធាតុ ប្រមាណ៥៥០០០នាក់ ក្នុងចំណោមប្រទេសចំនួន៥៥ តាំងពីឆ្នាំ២០០២៕

Tag:
 បាល់ភ្លើងគប់
 កីឡាអូឡាំពិក
 ឯកអគ្គរដ្ឋទូតអាម៉េរិក
 W. Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com