អន្តរជាតិ
រុស្ស៊ី នឹងពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារុស
26, Mar 2023 , 10:59 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយនាថ្ងៃទី២៥ ខែមីនាថា រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅបេឡារុសដែលជាប្រទេសជិតខាង។ នេះជាលើកទីមួយចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ដែលទីក្រុងមូស្គូនឹងមានអាវុធបែបនេះនៅខាងក្រៅប្រទេស។

 
ថ្លែងប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ី លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បញ្ជាក់ថា ប្រធានាធិបតីបេឡារុស Alexander Lukashenko បានលើកឡើងពីការដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅបេឡារុសជាយូរមកហើយ។
 
«មិនមានអ្វីប្លែកនៅទីនេះទេ ដំបូងឡើយ អាមេរិកបានធ្វើរឿងនេះអស់ជាច្រើនទសវត្សរ៍មកហើយ។ ពួកគេបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ពួកគេជាយូរមកហើយនៅ លើទឹកដីប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ»។ លោក ពូទីន បានលើកឡើងបែបនេះរួចបន្តថា រុស្ស៊ី និងបេឡារុសនឹងធ្វើដូចអាមេរិក និងសម្ព័ន្ធមិត្តដែរ ដោយមិនបំពានកាតព្វកិច្ចអន្តរលើការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនោះឡើយ។
 
អាមេរិកដែលជាមហាអំណាចនុយក្លេអ៊ែរផងដែរបានប្រតិកម្មយ៉ាងប្រុងប្រយ័ត្នចំពោះរឿងមួយនេះ។ មន្ត្រីរដ្ឋបាលក្រុងវ៉ាស៊ីនតោនបានកត់សម្គាល់ថា រុស្ស៊ីនិងបេឡារុសបានពិភាក្សាអំពីកិច្ចព្រមព្រៀងបែបនេះតាំងពីឆ្នាំមុន ប៉ុន្តែមិនមានសញ្ញាណាមួយដែលទីក្រុងមូស្គូនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។
 
លោក ពូទីន មិនបានបញ្ជាក់ពីពេលវេលាពង្រាយអាវុធទៅបេឡារុសដែលមានព្រំប្រទល់ជាប់ជាមួយសមាជិកណាតូចំនួនបី គឺប៉ូឡូញ លីទុយអានី និងឡេតូនី។ លោកបញ្ជាក់ថែមទៀតថា នឹងមិនមានការផ្ដល់អាវុធនោះឡើយ តែមានការធ្វើសមយុទ្ធ ហ្វឹកហាត់ដូចអ្វីដែលអាមេរិក និងសម្ព័ន្ធមិត្តបានធ្វើជាយូរមកនោះដែរ។
ប្រធានធិបតីរុស្ស៊ីរូបនេះ បានអះអាងទៀតថា ទីក្រុងមូស្គូបានដាក់ពង្រាយយន្តហោះចម្បាំងចំនួន១០ គ្រឿងនៅបេឡារុសដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ហើយបានពង្រាយប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ Iskander ដែលអាចបាញ់អាវុធនុយក្លេអ៊ែរបានមួយចំនួនទៀតដែរ៕
 

Tag:
 រុស្ស៊ី
  បេឡារុស
© រក្សាសិទ្ធិដោយ thmeythmey.com