អន្តរជាតិ
អាម៉េរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនចិនពាក់ព័ន្ធនឹងការបង្ក្រាបជនជាតិវីហ្គ័រនៅស៊ីនជាំង រូបភាព Reuters
× អាម៉េរិក នៅថ្ងៃទី២៨ ខែមីនា បានប្រកាសដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនចិនមួយចំនួន ដែលអាម៉េរិកបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលចិនលើជនជាតិភាគតិចមូស្លីមនៅក្នុងតំបន់ស៊ីនជាំង ជាពិសេសជនជាតិភាគតិចវីហ្គ័រ។
ក្រសួងពាណិជ្ជកម្មអាម៉េរិកនៅថ្ងៃទី២៨ ខែមីនា បានលើកឡើងថា អាម៉េរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយចំនួន ដែលជាប់ពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្ស គាំទ្រសកម្មភាពការគាបសង្កត់ ការឃុំខ្លួនដោយបំពានរបស់រដ្ឋាភិបាលចិន ប្រឆាំងនឹងជនជាតិវីហ្គ័រ និងក្រុមជនជាតិភាគតិចមូស្លីមផ្សេងទៀតនៅតំបន់ស៊ីនជាំង។
ក្រុមហ៊ុនចិនចំនួនបួនដែលរងទណ្ឌកម្មថ្មីនេះរួមមាន ក្រុមហ៊ុន Luopu Haishi Dingxin Electronic Technology Co, ក្រុមហ៊ុន Moyu Haishi Electronic Technology Co, ក្រុមហ៊ុន Pishan Haishi Yong'an Electronic Technology Co និង ក្រុមហ៊ុន Urumqi Haishi Xin'an Electronic ដែលជាក្រុមហ៊ុនរបស់ក្រុមហ៊ុនផលិតកាមេរ៉ាឃ្លាំមើលចិន Hikvision។ នេះបើតាមរបាយការណ៍ពាក់កណ្តាលឆ្នាំ ២០២១ របស់ក្រុមហ៊ុន Hangzhou ។
ក្រោយរងទណ្ឌកម្មថ្មីនេះ ក្រុមហ៊ុន Hikvision នៅមិនទាន់អាចឆ្លើយតបអ្វីនៅឡើយ។ យ៉ាងណាមិញ ក្រុមហ៊ុននេះកន្លងមកធ្លាប់បានបដិសេធថាខ្លួនមិនបានគាំទ្ររដ្ឋាភិបាលចិនក្នុងការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងឡើយ។
ក្រៅតែពីក្រុមហ៊ុនទាំង៤ខាងលើ ក្រុមហ៊ុន Yutian Haishi Meitian Electronic Technology Co ក៏ត្រូវបានក្រសួងពាណិជ្ជកម្មអាម៉េរិកបញ្ចូលទៅក្នុងបញ្ជីខ្មៅផងដែរ។ ក្រុមហ៊ុនដែលរងទណ្ឌកម្មទាំងនេះ នឹងត្រូវបានហាមឃាត់មិនឱ្យទិញគ្រឿងបន្លាស់ពីក្រុមហ៊ុនអាម៉េរិក។
គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុន Hikvision ត្រូវបានក្រសួងពាណិជ្ជកម្មអាម៉េរិកឃ្លាំងមើលរួចមកហើយ បន្ទាប់ពីត្រូវបានបញ្ចូលទៅក្នុងបញ្ជីអង្គភាពក្នុងឆ្នាំ ២០១៩ ជុំវិញសកម្មភាពគាំទ្ររដ្ឋាភិបាលចិននៅតំបន់ស៊ីនជាំង។
តំបន់ស៊ីនជាំង ដែលជាកន្លែងមានពលរដ្ឋជនជាតិភាគតិចរស់នៅប្រមាណ ៣ លាននាក់ គឺជាប្រធានបទដ៏ក្តៅមួយដែលសហគមអន្តរជាតិតែងបង្ហាញការព្រួយបារម្ភជុំវិញការឃុំខ្លួនពលរដ្ឋនៅជំរុំបណ្តុះបណ្តាលរបស់រដ្ឋាភិបាលចិន។ បណ្តាប្រទេសលោកខាងលិច តែងតែចោទប្រកាន់ចិនថាបានឃុំខ្លួនមនុស្សដោយខុសច្បាប់ និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com