ជាតិ
បោះឆ្នោត
គ.ជ.ប ប្រកាសទទួលពាក្យអ្នកចុះឈ្មោះសង្កេតការណ៍ជាតិ និងអន្តរជាតិ
31, Mar 2023 , 6:59 pm        
រូបភាព
ដោយ:
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសចាប់ផ្ដើមទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីចូលរួមដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។



ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣តទៅ ហើយនឹងបញ្ចប់ត្រឹមថ្ងៃទី១២ ខែកក្កដា សម្រាប់ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ។ រីឯអ្នកសង្កេតការណ៍អន្តរជាតិ នឹងបញ្ចប់ត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ នេះតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៣១ ខែមីនា។
 
សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់ ដែលមានបំណងចូលរួមសង្កេតមើលការបោះឆ្នោតនេះ ត្រូវទៅដាក់ពាក្យនៅទីស្ដីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។ សេចក្ដីប្រកាស គ.ជ.ប បានបញ្ជាក់ថា៖«គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មានផ្ដល់ជូនដោយឥតគិតថ្លៃនៅទីស្ដីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័រ គ.ជ.ប»។
 
សេចក្ដីប្រកាសដដែលបានបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ ដែលបានការអនុញ្ញាតពី គ.ជ.ប នឹងទទួលបានបណ្ណសម្គាល់ខ្លួន ជាអ្នកសង្កេតការណ៍ជាតិពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ហើយមានសិទ្ធិសង្កេតមើលដំណើរការបោះឆ្នោតនៅរាជធានី-ខេត្ត ដែលខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសង្កេតការណ៍ជាតិ។ ដោយឡែក អ្នកសង្កេតការណ៍អន្តរជាតិ នឹងទទួលបានបណ្ណសម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប ហើយមានសិទ្ធិសង្កេតមើលដំណើរការបោះឆ្នោតទាំងមូល ឬតាមដំណាក់កាល និងគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា។
 
ជាមួយគ្នានេះ គ.ជ.ប បានសង្ឃឹមថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើន នឹងចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីជំរុញឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ ដោយអនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជាធរមាន និងឈរលើគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។ 
 
សូមជម្រាបថា ដំណើរការ នៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣៕
 

Tag:
 គ.ជ.ប
 អ្នកសង្កេតការណ៍
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com