ជាតិ
រដ្ឋាករទឹក សុំឱ្យកាត់បន្ថយលាងរថយន្តអំឡុងខែមេសា ដើម្បីសន្សំសំចៃទឹក
01, Apr 2023 , 11:59 am        
រូបភាព
រូបភាព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
រូបភាព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ដោយ:
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវដល់ម្ចាស់ឧស្សាហកម្ម និងសិប្បកម្មចូលរួមសន្សំសំចៃទឹក ដើម្បីចែករំលែកទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅតាមខណ្ឌ សង្កាត់ ជាយរាជធានីភ្នំពេញ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។



រដ្ឋាករទឹក បានបញ្ជាក់ថា ស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាតទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នារដូវប្រាំងឆ្នាំ២០២៣នេះ មានការខ្វះខាតច្រើន បណ្តាលឱ្យតំបន់មួយចំនួននៅជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពុំទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃនោះទេ។
 
ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតនេះ រដ្ឋាករទឹក ក៏បានអំពាវនាវឱ្យអតិថិជនជាម្ចាស់ឧស្សាហកម្ម និងសិប្បកម្មទាំងអស់ចូលរួមសន្សំសំចៃទឹក ដើម្បីអាចចែករំលែកទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅតាមខណ្ឌ សង្កាត់ ជាយរាជធានីភ្នំពេញ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ មុនពេលដែលរោងចក្រផលិតទឹកស្អាតថ្មី ដាក់ឱ្យដំណើរការនៅដើមខែឧសភាខាងមុខនេះ។
 
បើតាមរដ្ឋករទឹក ការអំពាវនាវនេះ ធ្វើឡើងស្របតាមគោលនយោបាយ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» របស់រាជរដ្ឋាភិបាល តាមរយៈការជួយសន្សំសំចៃទឹក ដោយការកាត់បន្ថយការប្រើប្រាស់ទឹកប្រចាំថ្ងៃ, ផ្អាកការប្រើប្រាស់ទឹកដោយផ្ទាល់ពីបណ្ដាញទឹករដ្ឋ និងជំនួសវិញដោយត្រូវបើកទឹកបញ្ចូលក្នុងអាងស្តុកទុក ឬស៊ីទែន មុននឹងបន្តការប្រើប្រាស់, ចៀសវាងការប្រើម៉ូទ័របូមទឹកផ្ទាល់ពីបណ្ដាញទឹក ដែលជាហេតុបណ្តាលឱ្យធ្លាក់សម្ពាធទឹក ក្នុងបណ្តាញចែកចាយ មិនអាចបញ្ជូនទឹកទៅតំបន់ជាយក្រុងបាន, ពិនិត្យលទ្ធភាពផ្លាស់ប្តូរ ឬកែសម្រួលពេលវេលាផលិតកម្ម ឬការប្រើប្រាស់ទឹកក្នុងម៉ោងដែលកំពុងមានតម្រូវការគំហុក, ចំពោះទីតាំងលាងរថយន្ត ត្រូវកាត់បន្ថយការប្រើប្រាស់ទឹក ហើយសូមម្ចាស់យានយន្តកាត់បន្ថយ ឬផ្អាកការលាងរថយន្តសម្រាប់ខែមីនា និងខែមេសា ឆ្នាំ២០២៣នេះ៕
 
កែតម្រូវ៖ ចំណងជើងអត្ថបទដំបូង គឺ «រដ្ឋាករទឹក សុំឱ្យផ្អាកលាងរថយន្តអំឡុងខែមេសា និងឧសភា  ដើម្បីសន្សំសំចៃទឹក» មកជា «រដ្ឋាករទឹក សុំឱ្យកាត់បន្ថយលាងរថយន្តអំឡុងខែមេសា ដើម្បីសន្សំសំចៃទឹក»

Tag:
 រដ្ឋាករទឹក
  ខ្វះទឹក
© រក្សាសិទ្ធិដោយ thmeythmey.com