ជាតិ
ក្រសួង បកស្រាយអត្ថន័យនិមិត្តសញ្ញា «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោយមានការរិះគន់
01, Apr 2023 , 2:40 pm        
រូបភាព
ភ្នំពេញ៖ និមិត្តសញ្ញាផ្លូវការ​ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់ច្រើន។ អ្នករិះគន់ភាគច្រើន បង្ហាញអារម្មណ៍សោកស្ដាយ និងមិនពេញចិត្តនិមិត្តសញ្ញាផ្លូវការនោះ។

 
 
ក្រសួងទេសចរណ៍ បញ្ជាក់ថា និមិត្តសញ្ញាយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ បង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ជាមួយការរួមផ្សំរវាង «ក្បាច់អង្គរ» ក្នុងទម្រង់អក្សរ «C»។ និមិត្តសញ្ញានេះ សបញ្ជាក់ពីការទាក់ទាញដល់ភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ដើម្បីស្គាល់ពី «អច្ឆរិយភាព» របស់កម្ពុជា។  
 
ក្រសួងទេសចរណ៍ បានពន្យល់អត្ថន័យចំណុចនីមួយៗដូច្នេះ៖ « អក្សរ Visit Cambodia 2023 ត្រូវបានរចនាឡើងនៅចំកណ្ដាលធំៗ ដើម្បីឆក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា។ អក្សរ C ក្លាយមកពីការច្របាច់បញ្ចូលគ្នានៃទម្រង់ត្របកឈូកចំពីមុខ ជាមួយទម្រង់ត្របកឈូកចំហៀង ឬកន្ទុយហង្ស និងបញ្ចូលគ្នានៃរូបប្រាសាទអង្គរវត្ត។ រូបអង្គរវត្ត ជាធាតុផ្សំមិនអាចខ្វះបាន តំណាងឱ្យគោលដៅទេសចរណ៍របស់កម្ពុជា ដែលទេសចរគ្រប់រូបប្រាថ្នាមកទស្សនាម្ដងក្នុងជីវិត។ Every day is a wonder បង្ហាញពី«អច្ឆរិយភាព» រាល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរលើទឹកដីកម្ពុជានៅគ្រប់ថ្ងៃទាំងអស់»។
 
បើតាមក្រសួងទេសចរណ៍ កម្ពុជា នឹងបញ្ហាញអច្ឆរិយភាពចំនួន១០ដល់ទេសចរក្នុងឆ្នាំ២០២៣។ អច្ឆរិយភាពទាំង១០នោះ មានដូចជា ១. គ្រប់ថ្ងៃគឺជាអច្ឆរិយភាព (Every day is a Wonder), ២. គ្រប់ទេសភាពគឺជាអច្ឆរិយភាព (Every view is a Wonder), ៣. គ្រប់ពេលគឺជាអច្ឆរិយភាព (Every moment is a Wonder), ៤. គ្រប់រសជាតិគឺជាអច្ឆរិយភាព  (Every flavor is a Wonder), ៥. គ្រប់បទពិសោធន៍គឺជាអច្ឆរិយភាព (Every experience is a Wonder), ៦. គ្រប់ថ្ងៃរះគឺជាអច្ឆរិយភាព (Every sunrise is a Wonder), ៧. គ្រប់ជំនួបគឺជាអច្ឆរិយភាព (Every encounter is a Wonder), ៨. គ្រប់ការស្វាគមន៍គឺជាអច្ឆរិយភាព (Every welcome is a Wonder), ៩. គ្រប់ប្រាសាទគឺជាអច្ឆរិយភាព (Every temple is a Wonder) និងទី១០. គ្រប់កោះគឺជាអច្ឆរិយភាព (Every island is a Wonder)៕ 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com