ជាតិ
លោក បៃឌិន ប្រាប់រុស្ស៊ីឱ្យដោះលែងអ្នកកាសែតធ្វើការឱ្យប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកម្នាក់
01, Apr 2023 , 3:59 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី៣១ ខែមីនា​ ស្នើឱ្យរុស្ស៊ីដោះលែងអ្នករាយការណ៍ព័ត៌មានEvan Gershkovich ធ្វើការឱ្យកាសែត The Wall Street Journal ដែលត្រូវបានចាប់ខ្លួនពីបទស៊ើបការណ៍។

 
លោក  Evan Gershkovich ត្រូវបានចាប់ខ្លួននៅទីក្រុង Yekaterinburg ដែលនៅចម្ងាយប្រមាណ១៨០០គីឡូម៉ែត្រភាគខាងកើតរដ្ឋធានីមូស្គូ ក្រោមបទចោទស៊ើបការណ៍សម្ងាត់។ លោកត្រូវជឿថា ជាអ្នកកាសែតបរទេសទីមួយដែលត្រូវបានចាប់ខ្លួនក្រោមហេតុផលនេះតាំងពីចប់សង្រ្គាមត្រជាក់មក។
 
ក្រោយការចាប់ខ្លួននេះ គណៈបទវិចារណកថារបស់កាសែត Wall Street Journal ក៏ទាមទារឱ្យរដ្ឋាភិបាលអាម៉េរិកបណ្ដេញអ្នកកាសែតរុស្ស៊ី បូកថែមអគ្គរដ្ឋទូតរុស្ស៊ីចេញពីប្រទេសជាការសងសឹក។
 
ទាក់ទងការចាប់ខ្លួននេះ លោក ចូ បៃឌិន ប្រាប់ឱ្យរុស្ស៊ីលែងលោក Gershkovich វិញ។ លើសពីនោះ ប្រធានាធិបតីអាម៉េរិក ក៏ច្រានចោលការទាមទាររបស់កាសែតអាម៉េរិកខាងលើជុំវិញការបណ្ដេញអ្នកកាសែតរុស្ស៊ីដែរ ដោយលោកអះអាងថា វាមិនមែនជាផែនការក្នុងពេលឥឡូវឡើយ។
 
ឯវិមានក្រេមឡាំងវិញ តបនឹងទៅនឹងកាសែតអាម៉េរិកថា ពួកគេអាចនិយាយអ្វីក៏បាន ប៉ុន្តែវានឹងមិនកើតឡើងឡើយ។ លើការចាប់ខ្លួនលោក Gershkovich អ្នកនាំពាក្យវិមានក្រេមឡាំង Dmitri Peskov អះអាងថា​ រូបគេត្រូវចាប់ខ្លួនដោយបទល្មើសជាក់ស្ដែងតែម្ដង៕
 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com