ជាតិ
ចូលឆ្នាំថ្មី! រដ្ឋាភិបាល ឧបត្ថម្ភប្រាក់៥ម៉ឺនរៀល ដល់មន្ត្រីរាជការ និងកងកម្លាំង
01, Apr 2023 , 6:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា
ដោយ:
រដ្ឋាភិបាល នឹងឧបត្ថម្ភប្រាក់ចំនួន៥ម៉ឺនរៀល ដល់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយនឹងឧបត្ថម្ភ៥ម៉ឺនរៀលបន្ថែមទៀតក្នុងម្នាក់ៗ ពេលដល់ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។



ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកឱ្យបានមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ និងមុនពិធីបុណ្យភ្ជុំបិណ្ឌ តាមគណនីបៀវត្សរបស់សាមីជន ឬគ្រួសារ និងគ្រួសារ ជនមរណៈជាអតីតយុទ្ធជន។ 
បើតាមអនុក្រិត្យរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអង្គភាព ដែលមិនទាន់បានបើកគណនីបៀវត្សសម្រាប់មន្រ្តីរាជការស៊ីវិល បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួន ត្រូវរៀបចំបើកប្រាក់ឧបត្ថម្ភនេះ ទៅសាមីជនឱ្យបានទាន់ពេលកំណត់។ 
 
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាមី ត្រូវបើកប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដំណាលបៀវត្សប្រចាំខែមេសាតែមួយលើកឱ្យទៅដល់សាមីជនម្នាក់ៗ យ៉ាងយូរត្រឹមថ្ងៃទី ១៣មេសា។ សម្រាប់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក៏ត្រូវបើកដំណាលបៀវត្សប្រចាំខែតុលា តែមួយលើកឱ្យទៅដល់សាមីជនម្នាក់ៗ យ៉ាងយូរត្រឹមថ្ងៃទី ១២ ខែតុលាឆ្នាំ២០២៣។
 
អនុក្រឹត្យដដែល បានបញ្ជាក់ថា និវត្តជនដែលជាអតីតមន្រ្តីរាជកាស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ និងអតីតមន្រ្តីនគរបាលជាតិកម្ពុជា ដែលកំពុងបំពេញការងារជាមន្រ្តីកិច្ចសន្យា សមាជិកក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ប្រធានភូមិ អនុប្រធានភូមិ ឬមុខតំណែងផ្សេងទៀត ដែលមានបញ្ជាក់ក្នុងអនុក្រិត្យ គឺត្រូវទទួលប្រាក់ឧបត្ថម្ភនេះ ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕
 

Tag:
 ប្រាក់ឧបត្ថម្ភ
© រក្សាសិទ្ធិដោយ thmeythmey.com