ជាតិ
បោះឆ្នោត
បំរាមក្នុងការឃោសនាបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក ទើបបំបែក និងបង្កើតថ្មី
02, Apr 2023 , 5:19 pm        
រូបភាព
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត
ដោយ:
ថ្ងៃឃោសនាបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក ដែលទើបបង្កើត និងបំបែកថ្មី ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី ៧ខែមេសា ហើយគណបក្សនយោបាយទាំងអស់ ត្រូវបញ្ឈប់ការឃោសនា រយៈពេល ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ នេះបើតាមលោក ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។



លោក ម៉ុក ដារ៉ា លើកឡើងថា គណបក្សនយោបាយទាំងអស់ ត្រូវយល់ឱ្យបានច្បាស់ពីរបៀបនៃការឃោសនាបោះឆ្នោត។ នៅក្បែរសាលា មន្ទីរពេទ្យ និងគ្រឹះសា្ថនសាធារណៈផ្សេងៗ មិនអនុញ្ញាតឱ្យគណបក្សនយោបាយ ឃោសនាបោះឆ្នោតនៅទីតាំងនោះទេ ព្រោះនាំឱ្យមានការរំខាន់ដល់សិស្សនិស្សិត និងអ្នកជំងឺ។
 
អគ្គលេខាធិការរង គ.ជ.ប រូបនេះបន្តថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុកនេះ ហាមមិនឱ្យបិទស្លាកសញ្ញាគណបក្សតាមជញ្ជាំងផ្ទះ ឬគេហដ្ឋាន របស់ប្រជាពលរដ្ឋដែលមិនបានអនុញ្ញាត។ មិនអនុញ្ញាតឱ្យបិតស្លាកសញ្ញានៃការឃោសនារបស់គណបក្សនីមួយៗ នៅតាមស្ថាប័ន ឬទីតាំងរបស់រដ្ឋ, គណបក្សនយោបាយ ត្រូវតែបញ្ឈប់ការឃោសនាឱ្យបានក្នុងរយៈពេល ២៤ម៉ោង មុនថ្ងៃបោះឆ្នោតមួយថ្ងៃ។
 
សម្រាប់ស្លាកសញ្ញារបស់គណបក្ស ដែលបានដាក់ផ្សព្វជិតការរិយាល័យរបស់ខ្លួន ត្រូវយកចេញយ៉ាងយូរ ត្រឹមថ្ងៃបញ្ចប់នៃការឃោសនាបោះឆ្នោត ដោយលើកលែងស្លាកសញ្ញា ដែលមានទីស្នាក់ការអចិន្រ្តៃយ៍របស់គណបក្សនយោបាយ។ គ្រប់ស្លាកសញ្ញា និងសម្ភារៈទាំងអស់ ដែលបានបិតផ្សព្វផ្សាយ ឃោសនា ត្រូវប្រមូលយកទៅវិញយ៉ាងយូរ ១៥ថ្ងៃ ក្រោយពេលបោះឆ្នោតត្រូវបានបញ្ចប់។ មិនអនុញ្ញាតឱ្យឃោសនាចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៦ព្រឹក និងមិនអនុញ្ញាតឱ្យប្រើសម្ភារបំពងសំឡេងឃោសនាចន្លោះម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល។
 
ដោយឡែក គណបក្សនយោបាយទាំងអស់ មានសិទ្ធជួលរោងមហោស្រប ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួននៅគ្រប់ទីកន្លែង។ ត្រូវទទួលខុសត្រូវចំពោះខ្លឹមសារនៃការឃោសនាជុំវិញគោលនយោបាយដែលខ្លួនបានបង្កើតឡើង។ រាល់កម្មវិធីឃោសនាទាំងអស់ ត្រូវគោរពតាមច្បាប់ និងមានការសម្របសម្រួលពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ស្លាកសញ្ញា និងសម្ភារៈឃោសនារបស់ខ្លួន អាចលើក ឬបិទ នៅតាមទីសាធារណៈ ដែលមានការសម្របសម្រួល​ពីអាជ្ញាធរឃុំ-សង្កាត់ ផ្អែកលើគោលការស្មើភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងសោភណ្ឌភាពសាធារណៈជាដើម។
 
សូមជម្រាបថា គណៈកម្មការខេត្តរៀបចំការបោះឆ្នោត (គខប) នឹងរៀបចំការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសក្រុមប្រឹក្សាអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល, ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលបានបំបែក និងបង្កើតថ្មី៕
 

Tag:
 ការឃោសនាបោះឆ្នោត
  បំរាម
© រក្សាសិទ្ធិដោយ thmeythmey.com