ជាតិ
៣ខែ​ដើម​ឆ្នាំ រមណីយដ្ឋាន​អង្គរ​ ផ្តល់ចំណូល​បានជាង​១១លាន​ដុល្លារពីទេសចរអន្តរជាតិជិត២៤ម៉ឺននាក់
03, Apr 2023 , 7:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

រយៈពេល៣ខែដើម​ឆ្នាំ​២០២៣នេះ ទេសចរអន្តរជាតិជិត​២៤​ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងបានផ្ដល់ចំណូលជាង ១១លានដុល្លារដល់គ្រឹះស្ថានអង្គរ។ ទិន្នន័យនេះ កើនឡើងជាង ១០០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

 
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេល៣ខែ មានទេសចរសរុប ២៣៦ ៣៤១នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលកើន ១២៦៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ចំណូលដែល​បាន​មក​ពី​ទេសចរជាង ២៣ម៉ឺននាក់នេះ មានចំនួន​១១ ១៣៥ ៤៩២ដុល្លារ។ ក្នុង​នោះ​គ្រឹះស្ថានអង្គរទទួលបានបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៤៧២ ៦៨២ដុល្លារផងដែរ។
 
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកេរ បានចំនួន ៦៥ ៣៨៥ដុល្លារ លើ​ទេសចរអន្តរជាតិចំនួន ៤ ៣៥៩នាក់ ក្នុងរយៈពេល៣ខែ។ ទន្ទឹមនឹងនោះ ចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្លៀស រយៈពេល៣ខែនៃឆ្នាំ២០២៣នេះ មានចំនួន ១៨០ ១៦៤ដុល្លារផងដែរ។
 
សូមបញ្ជាក់ថា ក្នុងខែមីនា  មានទេសចរ ៧៩ ៣៩០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយរក​ចំណូលបាន​ ៣ ៧៤៨ ៧០០ដុល្លារផងដែរ៕ 
 

Tag:
 គ្រឹះស្ថានអង្គរ
  សៀមរាប
  ព្រះវិហារ
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com