អន្តរជាតិ
ហ្វាំងឡង់ ក្លាយជាសមាជិកណាតូទី៣១ ក្រោមការគំរាមរបស់រុស្ស៊ី
05, Apr 2023 , 9:29 am        
រូបភាព
ទង់ជាតិហ្វាំងឡង់ ត្រូវបានបង្ហូតឡើងនៅទីស្នាក់ការណាតូ។ រូបថត AFP
ទង់ជាតិហ្វាំងឡង់ ត្រូវបានបង្ហូតឡើងនៅទីស្នាក់ការណាតូ។ រូបថត AFP
ជាការផ្លាស់ប្តូរគោលនយោបាយជាប្រវត្តិសាស្ត្រ ហ្វាំងឡង់នាថ្ងៃទី៤ ខែមេសា​បាន​ចូលរួម​ជាផ្លូវ​ការ​ជាមួយសម្ព័ន្តយោធាណាតូ ដោយមិនរង់ចាំស៊ុយអែតឡើយ។ វិមានក្រេមឡាំង ក៏ចេញបរិហារហ្វាំងឡង់ដោយគំរាមចាត់វិធានការឆ្លើយតបវិញ។

 
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោក Pekka Haavisto ប្រគល់ឯកសារ​ផ្លូវការទៅ​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក អាន់តូនី ប្លីងខិន នៅឯទីស្នាក់ការកណ្តាលរបស់ប្លុកយោធាណាតូក្នុងទីក្រុងព្រុចសែល ដែលជាការបញ្ចប់នីតិវិធីប្រមាណ១ឆ្នាំ។ នេះជាដំណើរការដ៏លឿនមួយសម្រាប់ការក្លាយជាសមាជិកណាតូ ដែលកន្លងមកត្រូវប្រើពេលយូរ។
 
«យើងស្វាគមន៍ហ្វាំងឡង់មកកាន់សម្ព័ន្ធភាព»។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និយាយបែបនេះក្នុងពិធីទទួលស្វាគមន៍ហ្វាំងឡង់។ ទង់ជាតិហ្វាំងឡង់ ក៏ត្រូវបានបង្ហូរក្នុងចំណោមសមាជិកណាតូផ្សេងទៀតដែរ។ 
 
ប្រធានាធិបតីហ្វាំងឡង់ Saul Niinisto និយាយដែរថា ការរួមចំណែកដ៏សំខាន់បំផុតរបស់ហ្វាំងឡង់ ចំពោះការការពារទូទៅរបស់ណាតូ គឺដើម្បីការពារទឹកដីរបស់ខ្លួន។ លោក​បាន​បន្ត​ថា នៅ​មាន​ការងារ​សំខាន់​ដែល​ត្រូវ​ធ្វើ​ដើម្បី​សម្របសម្រួល​កិច្ចការ​នេះ ជាមួយ​ណាតូ។
 
«វាគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ហ្វាំងឡង់ ហើយខ្ញុំចង់និយាយថាវាជាថ្ងៃដ៏សំខាន់​សម្រាប់​សម្ព័ន្ធ​យោធា​ណាតូ»។ លោក Niinisto ថ្លែងបែបនេះក្នុងសន្និសីទកាសែតមួយជាមួយលោក Stoltenberg។
 
កន្លងមក វិមានក្រេមឡាំងអះអាងថា រុស្ស៊ីនឹងត្រូវបង្ខំក្នុងការចាត់វិធានការប្រឆាំងចំពោះការ​ចូល​ជា​សមាជិករបស់ហ្វាំងឡង់។ រុស្ស៊ី​ កាលពីថ្ងៃទី៣ ខែមេសាបញ្ជាក់ថា នឹងពង្រឹងសម​ត្ថភាព​យោធា​របស់​ខ្លួននៅក្នុងតំបន់ភាគខាងលិច និងភាគពាយ័ព្យដើម្បីជាការឆ្លើយតបទៅនឹងហ្វាំងឡង់ដែលចូលរួមជា មួយសម្ព័ន្ធយោធាណាតូផងដែរ៕
 

Tag:
 ហ្វាំងឡង់
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com