ជាតិ
ចូលឆ្នាំខ្មែរ៖ រដ្ឋបាលខេត្តកោះកុង ហាមអាជីវករដំឡើងថ្លៃបន្ទប់ស្នាក់នៅ និងសេវាកម្មអាហារ
05, Apr 2023 , 10:14 am        
រូបភាព
 រូបភាពពី រដ្ឋបាលខេត្តកោះកុង
រូបភាពពី រដ្ឋបាលខេត្តកោះកុង
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានស្នើដល់រកស៊ីក្នុងវិស័យទេសចរណ៍និងអាជីវករកុំដំឡើងថ្លៃបន្ទប់ស្នាក់នៅ និងអាហារលក់តាមភោជនីយដ្ឋានក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅថ្ងៃទី១៤-១៥-១៦ ខែមេសាខាងមុខ។ ការរក្សាតម្លៃជូនភ្ញៀវនេះដើម្បីទាក់ទាញ ទេសចរមកកម្សាន្តខេត្តកោះកុងកាន់តែច្រើនកុះករ។
 
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់បន្ទប់ជួល អាហារដ្ឋាន និងតូបលក់អាហារនានា ត្រូវរក្សាតម្លៃថេរជាពិសេសមិនត្រូវឆ្លៀតឱកាសលក់ដំឡើងថ្លៃពេលចូលឆ្នាំខ្មែរនោះទេ ។ 
 
ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង ក៏ស្នើដល់ អាជីវកម្មទទួលទេសចរនិងប្រតិបត្តិករទេសចរ សហការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យនិងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ ដើម្បីទាក់ទាញទេសចរ ក៏ដូចស្វាគមន៍ទេសចរ កាន់តែច្រើន។ 
 
ទន្ទឹមនឹងនោះ រដ្ឋបាលខេត្ត ក៏បានជំរុញឱ្យអង្គភាពជុំវិញខេត្តម្ចាស់សណ្ឋាគារ និងអាហារដ្ឋាននានា ត្រូវយកចិត្តទុកដាក់ខ្ពស់លើកសំរាមគ្រប់ប្រភេទកាត់ស្មៅ ពង្រាបដីឱ្យស្មើ និងលុបបំបាត់ប្លាស្ទិកនៅតាមចិញ្ចើមថ្នល់។
 
ក្រៅពីនោះ រដ្ឋបាលខេត្តកោះកុង  ក៏បានអំពាវនាវដល់អង្គភាពជុំវិញខេត្តទាំងអស់យកចិត្តទុកដាក់ខ្ពស់ចំពោះសំរាមតាមចិញ្ចើមផ្លូវ។ ជាពិសេសអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ រក្សាគុណភាពសេវាកម្ម និងរក្សាតម្លៃសមរម្យព្រោះវិស័យទេសចរណ៍ ពឹងផ្អែកទាំងស្រុងលើសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងផលិតផលដើម្បីត្រៀមទទួលទេសចរនាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕
 
 
 

Tag:
 រដ្ឋបាលខេត្តកោះកុង
  កុំដំឡើងថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com