កីឡាជាតិ
ជាតិ
WMO ប្រកាសដកខ្សែក្រវាត់ដែល Thiago ឈ្នះពីអាល្លឺម៉ង់ ព្រោះមិនមែនតំណាងឱ្យមួយថៃ
06, Apr 2023 , 4:49 pm        
រូបភាព
ដោយ: រួបរួម
ប្រធានស្ថាប័នមួយថៃពិភពលោក (WMO) លោក Chinawut Sirisampan តាមរយៈសេចក្តីថ្លែងការមួយនាថ្ងៃទី៦ ខែមេសា នេះ បានប្រកាសពីការដកហូតខ្សែក្រវាត់ WMO ដែល Thiago Teixeira ទើបឈ្នះពីប្រទេសអាល្លឺម៉ង់ ដោយសារតែកីឡាករប្រេស៊ីលរូបនេះ ប្រកួតតំណាងឱ្យកម្ពុជា។ ជាមួយនេះ Thiago ក៏ត្រូវបានហាមឃាត់រាល់ការប្រកួតក្នុងព្រឹត្តិការណ៍ WMO នាពេលអនាគត។

 
កាលពីថ្ងៃទី២ ខែមេសា Thiago Teixeira បានគ្រងដំណែងខ្សែក្រវាត់ WMO (World Of Muaythai Organization) បន្ទាប់ពីផ្តួលគូប្រកួតកីឡាករអង់គ្លេស Joe Craven ឱ្យសន្លប់ទឹក២ ក្នុងការកម្មវិធី APEX Fight Series នៅសង្វៀន LKH Arena ប្រទេសអាល្លឺម៉ង់។

នាពេលនោះ Thiago ដែលមាន លោក សេន ប៊ុនថេន ជាគ្រូបង្វឹករត់កាន់ និង​លើកទង់ជាតិខ្មែរនៅ​លើ​សង្វៀន។
 
ជោគជ័យរបស់ Thiago បានធ្វើឱ្យថ្នាក់ដឹកនាំស្ថាប័ន WMO ខកចិត្តយ៉ាងខ្លាំង ដោយបានលើកឡើងថា អាកប្បកិរិយាអ្នកប្រដាល់រូបនេះ ធ្វើឱ្យមួយថៃអាប់ឱន។ 

លោក Chinawut Sirisampan បានលើកឡើងពីសវតារបស់ Thiago ដែលបានហ្វឹកហាត់មួយថៃជាច្រើនឆ្នាំ ដោយរស់នៅកោះសាមុយ និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កំពូលៗជាច្រើន។ 
 
«ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ គេបានប្រកាសថា មិនមែនជាអ្នកប្រដាល់មួយថៃទៀតឡើយ និងប្តូរទៅធ្វើជាតំណាងគុនខ្មែរវិញ»។ ទាំងនេះហើយដែលជាទឡ្ហីករណ៍នាំឱ្យមេ WMO សម្រេចដកហូតខ្សែក្រវាត់ និងបញ្ឈប់រាល់សកម្មភាពនាពេលអនាគតរបស់ Thiago ក្នុងព្រឹត្តិការណ៍ WMO។
 
បច្ចុប្បន្ន កីឡាករប្រេស៊ីល Thiago ស្ថិតនៅក្នុងរាជធានីភ្នំពេញ ហើយកំពុងត្រៀមបើកក្លិបប្រដាល់គុនខ្មែរ ក្រោមការជួយជ្រោមជ្រែងពីឧកញ្ញាដ៏ល្បីឈ្មោះមួយរូប៕
 

© រក្សាសិទ្ធិដោយ thmeythmey.com