ជាតិ
អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ
06, Apr 2023 , 9:19 pm        
រូបភាព
ដោយ: រួបរួម
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៦ ខែមេសា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឲ្យ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលតុលការកំពូលផ្តន្ទាទោស១៣ឆ្នាំ កាលពីឆ្នាំ២០២១។

 
អតីតអភិបាលខេត្តតាកែវ រូបនេះ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានផ្តន្ទាទោសសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស១៣ឆ្នាំ ក្នុងសំណុំរឿងឃាតកម្មលើស្ត្រីម្នាក់ ហើយតុលាការកំពូល សម្រេចតាមសាលក្រមនេះ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
 
ក្នុងសំណុំរឿងដដែល លោក ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ ដែលជាបងប្រុសរបស់លោក ឡាយ វណ្ណៈ ត្រូវជាប់ពន្ធនាគារ១០ឆ្នាំ។ សំណុំរឿងឃាតកម្មនេះ នៅមានមនុស្សពីរនាក់ផ្សេងទៀត ដែលជាគ្នីគ្នារបស់លោក ឡាយ វណ្ណៈ ក៏ជាប់ពាក់ព័ន្ធដែរ។ មនុស្សពីរនាក់នោះ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំក្នុងម្នាក់ៗ ពីបទលាក់បាំងតម្រុយ ក្នុងអំពើឃាតកម្មនេះ។
 
ស្ត្រីម្នាក់ឈ្មោះ ចេវ សុវឌ្ឍនា ដែលគេអះអាងថាជាស្រីកំណាន់របស់លោក ឡាយ វណ្ណៈ ត្រូវបានប្រទះឃើញស្លាប់ ដោយស្ថានភាពចងកក្នុងផ្ទះ ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ កាលពីអំឡុងខែមករា ឆ្នាំ២០១៨។ ប៉ុន្តែ សមត្ថកិច្ច សន្និដ្ឋានថា មរណភាពរបស់ស្ត្រីរូបនេះ មិនមែនជាការធ្វើអត្តឃាតនោះទេ តែជាអំពើឃាតកម្ម។ ក្រោយមក មនុស្សទាំងបួននាក់ខាងលើ ក៏ត្រូវចាប់ខ្លួន។
 
«លើកលែងទោសឲ្យទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស កើតឆ្នាំ១៩៧៣ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤៤៥ VI ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ របស់តុលាការកំពូល»។ នេះបើតាមព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com