អន្តរជាតិ
កូរ៉េខាងជើង៖ សមយុទ្ធអាមេរិក-កូរ៉េខាងត្បូងជំរុញភាពតានតឹងឈានដល់សង្គ្រាមនុយក្លេអ៊ែរ
07, Apr 2023 , 9:59 am        
រូបភាព
កូរ៉េខាងជើងបានចោទអាមេរិក និងកូរ៉េខាងត្បូងថា ធ្វើឱ្យកើនឡើងភាពតានតឹងដែលជិតឈានទៅ​ដល់សង្គ្រាមនុយក្លេអ៊ែរតាមរយៈសមយុទ្ធយោធារួមគ្នា។ កូរ៉េខាងជើង ប្តេជ្ញាឆ្លើយតបវិញ។ នេះ​បើ​តាម​របាយការណ៍ទីភ្នាក់ងារព័ត៌មានកូរ៉េ KCNA នៅថ្ងៃទី៦ ខែមេសា។

 
ប្រព័ន្ធផ្សព្វផ្សាយ KCNA បានចេញផ្សាយការអត្ថាធិប្បាយរបស់លោក Choe Ju Hyon ដែលជា​អ្នក​វិភាគសន្តិសុខអន្តរជាតិម្នាក់ ដែលក្នុងនោះលោក Choe រិះគន់សមយុទ្ធអាមេរិក និង​កូរ៉េខាង​ត្បូង​ជា​ការជំរុញឱ្យស្ថានការណ៍នៅលើឧបទ្វីបកូរ៉េឈានដល់វិបត្តិ។
 
«ភាពច្របូកច្របល់ក្នុងការប្រឈមមុខដាក់គ្នាខាងយោធាដោយមិនប្រុងប្រយ័ត្នរបស់អាមេរិក និងអ្នក​ដើរតាមរបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង កំពុងជំរុញឱ្យស្ថានការណ៍នៅលើឧបទ្វីបកូរ៉េទៅ​ជា​មហន្តរាយដែលមិនអាចត្រឡប់វិញបាន...ដែលឈានដល់សង្រ្គាមនុយក្លេអ៊ែរ»។ KCNA ផ្សាយបែបនេះ រួចបន្តថា សមយុទ្ធនេះបានប្រែក្លាយឧបទ្វីបកូរ៉េទៅជាឃ្លាំង​ផ្ទុកអាវុ​ធដែល​អាច​បំផ្ទុះ​បាន​គ្រប់​ពេល​។
 
កងកម្លាំងអាមេរិកនិងកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធនិទាឃរដូវប្រចាំឆ្នាំជាបន្តបន្ទាប់ចាប់តាំង​ពី​ខែ​មីនារួមមានសមយុទ្ធផ្លូវអាកាស និងលើផ្ទៃសមុទ្រដែលមានវត្តមាននាវាផ្ទុកយន្តហោះ យន្តហោះទ​ម្លាក់​គ្រាប់បែក B-1B និង B-52។
 
ស្របពេលជាមួយគ្នានេះ​ ទីក្រុងព្យុងយ៉ាង ក៏បង្កើនសកម្មភាពយោធារបស់ខ្លួនក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ ដូចជាការបង្ហាញក្បាលគ្រាប់នុយក្លេអ៊ែរថ្មីដែលមានទំហំតូចជាងមុន ការបាញ់មីស៊ីល​អន្តរទ្វីប​ដែលមានសមត្ថភាពវាយប្រហារគ្រប់ទីកន្លែងនៅអាមេរិក និងការសាកល្បង​ដ្រូនវាយ​ប្រហារ​ក្រោម​ទឹក​៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com