ជាតិ
ចូលឆ្នាំខ្មែរ៖ រដ្ឋបាលរាជធានីភ្នំពេញ​ ហាមពលរដ្ឋ​លេងបាញ់ទឹក ជះទឹក និងប៉ាតម្សៅ
07, Apr 2023 , 10:29 am        
រូបភាព
ដោយ៖​ គិត​ បុប្ផា
 
ភ្នំពេញ៖ នៅថ្ងៃទី៥ មេសា រដ្ឋបាលរាជធានីភ្នំពេញ បាន​សេចក្ដីជូនដំណឹង​ជុំវិញ​ការ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុង​ថ្ងៃចូលឆ្នាំ​ខ្មែរ ដោយមិនអនុញ្ញាតឱ្យ​លេង​បាញ់ទឹក និង​ប៉ាត​ម្សៅឡើយ។ ជាមួយគ្នានេះ​ រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋខ្មែរ​ចូលរួម​លេង​ល្បែង​ប្រជាប្រិយខ្មែរគ្រប់ប្រភេទ។​


ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវ​នាវ​ដល់​ពលរដ្ឋទាំងអស់ ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ និង​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គិភ័យ។ ក្នុង​សេចក្ដីជូនដំណឹងខាង​លើ រដ្ឋបាលរាជធានីភ្នំពេញ ក៏​បាន​ប្រាប់​ពលរដ្ឋ​ឱ្យ​ចូលរួម​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ និង​ចៀសវាង​ការ​ល្បែងស៊ីសងគ្រប់ប្រភេទ។
 
ទន្ទឹម​នឹង​នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏​បាន​ហាម​មិន​ឱ្យលេងបាញ់ទឹក ជះ​​ទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ និង​បង្ហោះម៉ូតូប្រដេញគ្នានៅតាមផ្លូវ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ជា​យថាហេតុ​។ ក្រៅពី​នេះ ពល​រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែរក្សា​សុខភាព​ ចៀសវាង​ការ​ឆ្លង​ជំងឺ​រាតត្បាតផ្សេងៗ។ 
 
សូម​បញ្ជាក់ថា​ ចាប់ពីថ្ងៃទី១៤-១៦ ខែ មេសា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្ត​ភ្នំ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។ ក្រៅពី​វត្ត​ភ្នំ នៅវិមានឈ្នះ-ឈ្នះ ក៏មានរៀបចំសង្រ្កាន្តផងដែរ៕ 
 

Tag:
 ចូលឆ្នាំ
  សន្តិសុខ
  បាញ់ទឹក
  ប៉ាតម្សៅ
© រក្សាសិទ្ធិដោយ thmeythmey.com