អន្តរជាតិ
កាណាដា ពង្រាយយន្តហោះចម្បាំងនៅជប៉ុន ដើម្បីអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង
07, Apr 2023 , 2:01 pm        
រូបភាព
កាណាដា នឹងបញ្ជូនយន្តហោះយោធារបស់ខ្លួនទៅកាន់ជប៉ុនដើម្បីគាំទ្រការអនុវត្តទណ្ឌកម្ម​របស់ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រឆាំងកូរ៉េខាងជើង។​ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិកាណាដា Anita Anand ។

 
បើតាមលោកស្រី Anita Anand យន្តហោះចម្បាំង CP-140 Aurora នឹងត្រូវដាក់ពង្រាយ​ដើម្បី​តាម​ដានសកម្មភាពកូរ៉េខាងជើង ដែលគេចពីទណ្ឌកម្មតាមដែនសមុទ្រ ពិសេសការផ្ទេរ​ឥន្ធនៈ​តាម​រយៈ​កប៉ាល់ និងការដឹកទំនិញផ្សេងទៀតដែលត្រូវបានហាមឃាត់​ដោយក្រុម​ប្រឹក្សា​សន្តិសុខ។
 
កូរ៉េខាងជើង ត្រូវបានស្ថិតក្រោមទណ្ឌកម្មតាំងពីឆ្នាំ២០០៦ ចំពោះអនុវត្តកម្មវិធីមីស៊ីលបាលីស្ទិក និងនុយក្លេអ៊ែរ។ ទោះជាយ៉ាងណា ប្រទេសនេះនៅតែអាចគេចវេសពីទណ្ឌកម្មអន្តរជាតិ ហើយបន្តនាំចូលទំនិញហាមឃាត់។
 
ក្នុងសេចក្ដីប្រកាសរបស់កាណាដា ការដាក់ពង្រាយនេះគូសបញ្ជាក់ពីគុណតម្លៃចំពោះសន្តិសុខនៃ​សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាសារសំខាន់នៃការបន្តដាក់ទណ្ឌកម្ម លើកូរ៉េខាងជើង។ វាក៏បង្ហាញពីតួនាទីរបស់កាណាដាចំពោះសន្តិភាព  និងសន្តិសុខក្នុងតំបន់ និងការការប្តេជ្ញាចិត្តចំពោះសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។
 
សូមបញ្ជាក់ថា អស់ពេលជាច្រើនឆ្នាំកន្លងមកក្រុមប្រឹក្សាសន្តិសុខ ក៏មិនសូវឯកភាពគ្នាដែរលើការដោះស្រាយជាមួយទីក្រុងព្យុងយ៉ាង។ រុស្ស៊ី និងចិន ដែលជាមហាអំណាចវ៉េតូមិនចង់ឱ្យមានទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើងឡើយ ហើយចង់ឱ្យបន្ធូរការរឹតត្បិតខ្លះវិញដើម្បីសម្រួលដល់ការចរចាផង ខណៈលោកខាងលិចដឹកមុខដោយអាមេរិកនៅតែចង់ចាត់វិធានការក្ដៅដើម្បីដាក់សម្ពាធទីក្រុងព្យុងយ៉ាង៕ 
 
 

Tag:
 កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com