ជាតិ
ខេត្តមណ្ឌលគិរី មានតំបន់ទេសចរណ៍បែបវប្បធម៌ និងធម្មជាតិ ចំនួន ១០៥កន្លែង
08, Apr 2023 , 7:59 am        
រូបភាព
ទិដ្ឋភាពនាខេត្តមណ្ឌលគិរី។ រូបភាព៖ ញឹក ស្រីល័ក្ខ
ទិដ្ឋភាពនាខេត្តមណ្ឌលគិរី។ រូបភាព៖ ញឹក ស្រីល័ក្ខ
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ខេត្តមណ្ឌលគិរី ជាដែនដីរុក្ខជាតិចម្រុះ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើន។ មណ្ឌលគិរី ស្ថិតនៅ​ភូមិភាគ​ឦសាន ជា​ខេត្ត​មាន​សក្ដានុពល​អេកូ​ទេសចរណ៍ ដែលមាន​តំបន់​ទេសចរណ៍​ចំនួន១០៥កន្លែង សម្រាប់​ទាក់ទាញ​ភ្ញៀវ​ឱ្យ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។



ខេត្តមណ្ឌលគិរីនៅតែជាទិសដៅទេសចរណ៍ពេញនិយម រាល់ឱកាសបុណ្យទាននានា។ ទន្ទឹមនឹងនេះ មណ្ឌលគិរី ជាខេត្តដែលស្ថិតនៅលើខ្ពង់រាប សម្បូរភ្នំ និងព្រៃក្រាស់ ជាប់នឹងព្រំដែនវៀតណាម។ ដោយឡែក ខេត្តមណ្ឌលគិរី ក៏ជាខេត្តមានខ្យល់អាកាសល្អ ទេសភាពស្រស់ត្រកាលផងដែរ។


រូបភាពដោយThmeyThmey

 
មិនត្រឹមតែសម្បូររមណីយដ្ឋានធម្មជាតិ មណ្ឌលគិរី ក៏មានទឹកជ្រោះស្អាតដាច់គេ គឺទឹកជ្រោះប៊ូស្រា។ ភ្ញៀវទេសចរភាគច្រើននិយម ទៅកម្សាន្តនៅក្រុងសែនមនោរម្យ ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ និងតំបន់ទេសចរណ៍ធម្មជាតិដទៃទៀត។ 
 
ជាមួយគ្នានេះ ខេត្តមណ្ឌលគិរី ជាខេត្តដែលមានអាកាសធាតុត្រជាក់ និងភ្លៀងច្រើន នៅតំបន់ទំនាបកណ្តាល។ ទន្ទឹមនឹងនោះ ភាពសម្បូរនៃព្រៃឈើ បានធ្វើឱ្យមណ្ឌលគិរី ក្លាយជាខេត្តដែលសម្បូរមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនកន្លែងដែរ។ 
  

រូបភាពដោយThmeyThmey
 
យ៉ាងណាមិញ មណ្ឌលគិរី ក៏មានទឹកជ្រោះជាច្រើនកន្លែងទៀត ដូចជាទឹកជ្រោះជ្រៃធំ សែនមនោរម្យ ដាក់ដាំ ជ្រោះអូតាំងឡាំង ភ្នំដោះក្រមុំ  ភ្នំអណ្ដូងស្នេហ៍ និងទឹកធ្លាក់អូផ្លាយផងដែរ។បច្ចុប្បន្នខេត្តមណ្ឌលគិរី មានកន្លែងស្នាក់នៅសម្រាប់ទទួលភ្ញៀវទេសចរប្រមាណ ១ ៦២៣បន្ទប់។ ជាពិសេស ភ្ញៀវទេសចរ ដែលមានបំណងទៅលេងខេត្តមណ្ឌលគិរី ក៏អាចបោះតង់សម្រាកតាមរីសត និងតំបន់ធម្មជាតិផ្សេងៗដែរ។ នេះបើតាម លោក ស៊ន សារុន អភិបាលខេត្តមណ្ឌលគិរី ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តមណ្ឌលគិរី។ 
 
សូមជម្រាបថា មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងរៀបចំសណ្ដាប់ធ្នាប់ក្នុងខេត្ត ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសេវាកម្មបន្ថែម នៅតាមគោលដៅទេសចរណ៍ពេញនិយមទាំងអស់ ដើម្បីទាក់ទាញទេសចរឱ្យមានកំណើនកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ៕
 

រូបភាពដោយThmeyThmey
 


Tag:
 ទេសចរណ៍
  ខេត្តមណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com