កីឡាជាតិ
ជាតិ
កីឡាករ សៀង ចន្ធា៖ យើងមិនអាចមើលងាយគេទេ ប៉ុន្ដែយើងត្រូវឡើងឲ្យផុតពូល នៅស៊ីហ្គេម
09, Apr 2023 , 11:00 am        
រូបភាព
ការហ្វឹកហាត់ក្រុមជម្រើសជាតិ
ការហ្វឹកហាត់ក្រុមជម្រើសជាតិ
ក្រុម​កីឡា​បាល់ទាត់បុរស​អាយុក្រោម​២២​ឆ្នាំ​របស់កម្ពុជា ត្រូវ​ស្វាគមន៍ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត សម្រាប់​ការ​ប្រកួត​ពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២​។ កីឡាករ សៀង ចន្ធា ប្រធានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបុរសក្រោមអាយុ២២ឆ្នាំ បានផ្ដល់បទសម្ភាសថា ក្រុមបាល់ទាត់ ស្ថិតក្នុងពូលជាមួយកម្ពុជា សុទ្ធតែមានកម្រិតខ្លាំង ដូច្នេះមិនអាចមើលស្រាលក្រុមណាមួយឡើយ ។

កីឡាករ សៀង ចន្ធា បានបង្ហាញពីការត្រៀមខ្លួន ដោយមិនធ្វេសប្រហែស ចំពោះក្រុមណាមួយឡើយ នៅក្នុងពូល A ។ ប្រធានក្រុមរូបនេះ ឃើញថា ក្រុមទាំងនោះ សុទ្ធតែជាក្រុមមានកម្រិតខ្លាំង។ ទោះជាយ៉ាងនោះក្ដី ចន្ធា បានប្រាប់ថា អ្វី ដែលគួរធ្វើអំឡុងពេលព្រឹត្តិការណ៍នោះ គឺការប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឆ្លងឲ្យផុតវគ្គចែកពូល។
 
កីឡាករ សៀង ចន្ធា បាននិយាយដូច្នេះថា៖«សម្រាប់ខ្ញុំ នៅក្នុងពូលរបស់យើងក្នុងការប្រកួតហ្នឹង សុទ្ធតែជាក្រុមខ្លាំងទាំងអស់។ យើងមិនអាចមើលងាយគេបាន។ ប៉ុន្ដែ អ្វីដែលយើងត្រូវធ្វើ គឺយើងត្រូវតែឡើងឲ្យផុតពូលឲ្យបាន។»។
 
ឆ្លងកាត់ការប្រកួត Merlion នៅប្រទេសសិង្ហបុរី កាលពីចុងខែមីនា ក្រោយប្រមូលផ្ដុំហ្វឹកហាត់លើកទី១ នៅកោះសាម៉ុយ នៃប្រទេសថៃ ប្រធានក្រុមជម្រើសជាតិរូបនេះ សម្លឹងឃើញថា កម្រិតបច្ចេកទេស នៃការលេងរបស់កម្ពុជា គឺប្រហាក់ប្រហែលគ្នាទៅនិងកីឡាករបរទេស ដែលនៅក្នុងតំបន់អាស៊ានដែរ ប៉ុន្ដែកម្ពុជា នូវមានចំណុចខ្វះខាតបន្ដិចបន្ដួច ដែលត្រូវកែតម្រូវ។ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម កីឡាករ សៀង ចន្ធា មានជំនឿចិត្តច្រើនថា ក្រុមខ្លួនអាចធ្វើបានល្អ ក្នុងនាមជាម្ចាស់ផ្ទះ។ 
 
 
«កម្រិតនៃការលេងរបស់យើងជាមួយគេ គឺវាប្រហាក់ប្រហែលគ្នា។ យើង ក៏ធ្វើបានល្អដែរ ប៉ុន្ដែ យើងនៅខ្វះខាតចំណុចមួយចំនួន ដែលយើងត្រូវកែតម្រូវ ដើម្បីត្រៀមស៊ីហ្គេម នៅថ្ងៃខាងមុខ។ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា មិនមានឧបសគ្គ ឬការលំបាកអ្វីទេ ក្នុងការហ្វឹកហាត់ ក៏ដូចជាការត្រៀមសម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រុមជម្រើសជាតិទាំងអស់បានហ្វឹកហាត់ ទៅតាមផែនការរបស់គ្រូបង្វឹក បានដោយរលូន។»។ កីឡាករវ័យ២២ឆ្នាំរូបនេះ បានប្រាប់ពីការរំពឹងទាំងវិជ្ជមានបែបនេះ។
 

អ្វី ដែលធ្វើឲ្យប្រធានក្រុមរូបនេះ មានជំនឿចិត្តលើក្រុមរបស់ខ្លួនបន្ថែមទៀតនោះ គឺស្មារតីជាក្រុម និងឆន្ទៈប្រកួតប្រជែង ដោយកីឡាករទាំងអស់ សុទ្ធតែមានគោលដៅរួម ក្នុងការជួយក្រុមឲ្យទទួលបានមេដាយ ណាមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ប្រធានក្រុមជម្រើសជាតិកម្ពុជា និយាយបន្ថែមដូច្នេះថា៖«សម្រាប់ចំណុចខ្លាំងរបស់ក្រុមយើង គឺយើងលេងជាក្រុមបានល្អ ហើយយើងសហការគ្នាបានល្អ និងមានឆន្ទៈតែមួយ។»។
 
ខ្សែប្រយុទ្ធរូបនេះ ក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្ត ដែលរូបគេបានប្រកួតក្នុងទឹកដីប្រទេសខ្លួន ក្នុងព្រឹត្តិការណ៍ធំ​ប្រចាំតំបន់អាស៊ានផងដែរ។ ម្យ៉ងវិញទៀត សៀង ចន្ធា សង្ឃឹមថា ការប្រកួតនេះ នឹងមានអ្នកគាំទ្រជាច្រើន មកទស្សនា។ ចន្ធា បន្ថែមថា វត្តមានរបស់ប្រជាជនកម្ពុជា គឺជាកម្លាំងចិត្ត សម្រាប់ក្រុមជម្រើសជាតិ និងអត្ដពលិកទាំងអស់នៅលើទីលានប្រកួត។
  
សៀង​ចន្ធា​ ផ្ដល់បទសម្ភាស

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម២២ឆ្នាំ កម្ពុជា នឹងត្រូវប្រកួតជាមួយទីម័រខាងកើត នៅថ្ងៃទី២៩ ខែមេសា វេលាម៉ោង ៧:០០ យប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយបន្ដជួបហ្វីលីពីន នៅថ្ងៃទី២ ខែឧសភា វេលាម៉ោងដដែល។ លុះចូលដល់ថ្ងៃទី៧ ខែឧសភា នៅទីតាំងដដែល កម្ពុជា ត្រូវប៉ះជាមួយ ជម្រើសជាតិមីយ៉ាន់ម៉ា និងថ្ងៃទី១០ ឧសភា ជួបជាមួយ ឥណ្ឌូណេស៊ី។ ដោយឡែក ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះ នឹងត្រូវបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ហើយបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 សៀង ចន្ធា
  បាល់ទាត់
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com