ជាតិ
រូបទន្សាយទេវតាយក្សមួយគូ ត្រៀមស្វាគមន៍ទេសចរទៅលេងសង្រ្កាន្តបាត់ដំបង
09, Apr 2023 , 2:10 pm        
រូបភាព
លោក សុខ សុធា  ប្រធានសសយក ស្រុកសំពៅលូន ខេត្តបាត់ដំបង  រូបភាពផ្តល់ដោយលោកផ្ទាល់ តាមរយៈតេឡេក្រាម..
លោក សុខ សុធា ប្រធានសសយក ស្រុកសំពៅលូន ខេត្តបាត់ដំបង រូបភាពផ្តល់ដោយលោកផ្ទាល់ តាមរយៈតេឡេក្រាម..
ដោយ៖ សុង សុធាវី 
សកម្មភាពឆ្លាក់រូបសំណាក ទន្សាយទេវតាខ្នាតយក្សរបស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំពៅលូន សម្រេចបានតាមគម្រោងប្រហែល៩០ភាគរយហើយ។ រូបសំណាក់ទន្សាយយក្សនេះ ធ្វើឡើងពីស្នោតាន់ បិទជ័រដល់បីជាន់ឯណោះ។

ទន្សាយទេវតាខ្នាតយក្ស១គូនេះ រចនាឡើងក្នុងរចនាបថបែបប្រពៃណីខ្មែរបុរាណ ទស្សនទានកសិកម្ម មានគ្រឿងអលង្ការក្បាច់ចម្លាក់ពណ៌ក្រហមរំលេចទឹកមាស ស្ពាយកន្ត្រកដាក់កសិផលចម្រុះ ការុត ចេកណាំវ៉ា មានកម្ពស់បាល្ល័ង្គទម្រ តួខ្លួន និងស្លឹកត្រចៀក សរុប ៦,៨ មែត្រ។ នេះបើតាមការរៀបរាប់ពីលោក សុខ សុធា ប្រធានសសយក ស្រុកសំពៅលូន  មកកាន់សារព័ត៌មានថ្មីៗ តាមរយៈទូរសព្ទដៃ។ 


 លោក  សុខ សុធា ប្រធានសសយក ស្រុកសំពៅលូន ខេត្តបាត់ដំបង រូបភាពផ្តល់ជូនដោយលោកផ្ទាល់តាមរយៈតេឡេក្រាម
 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាងស្តាប់បទសម្ភាសរវាងកញ្ញា លោក សុខ សុធា ប្រធានសសយក ស្រុកសំពៅលូន  ខេត្តបាត់ដំបង ជាមួយ កញ្ញា សុង សុធាវី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗ ដូចតទៅ៖

 
 
 
កញ្ញា សុង សុធាវី៖ ជម្រាបសួលោក សុខ សុធា នាងខ្ញុំ សុធាវីពីសារព័ត៌មានថ្មីៗ! នាងខ្ញុំបានឃើញរូបសំណាកទន្សាយយក្ស២ ដែលមានភាពទាក់ទាញខ្លាំងដែរ របស់សសយកសំពៅលូន ខេត្តបាត់សំបង
តើការកសាងរូបខាងលើនេះ ចង់បង្ហាញពីអត្ថន័យអ្វីខ្លះ?
 
លោក សុខ សុធា៖ បាទជម្រាបសួអ្នកគ្រូ ខ្ញុំ ប្រធានសសយកស្រុកសំពៅលូន ដោយមានការឯកភាពគ្នាពី ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និង ឯកឧត្តម នៅសុខជាប្រធានប្រតិបត្តិសង្រ្កាន្តបាត់ដំបងឆ្នាំ ២០២៣។ លោកក៏បានសម្រេចឱ្យសសយក ស្រុកសំពៅលូនយើងខ្ញុំ រៀបចំធ្វើរូបសំណាកទន្សាយយក្ស២ ដើម្បីត្រៀមអបអរឆ្នាំថ្មី និងស្វាគមទេសរចរជិតឆ្ងាយ ដែលអញ្ជើញមកកម្សាន្តនៅខេត្តបាត់ដំបង នាឆ្នាំ២០២៣នេះ។ បច្ចុប្បន្ន្ យើងបានសម្រេចគម្រោងធ្វើរូបទន្សាយយក្សនេះ បាន ៩០%ហើយ ពិសេសការឆ្លាក់ទន្សាយនេះ និងប្រើពេលវេលាអស់ជាង១ខែដែរ។ ចំពោះទន្សាយទេវតាយក្ស១គូនេះ យើងរចនាឡើងក្នុងរចនាបថបែបប្រពៃណីខ្មែរបុរាណ ទស្សនទានកសិកម្ម មានគ្រឿងអលង្ការក្បាច់ចម្លាក់ពណ៌ក្រហមរំលេចទឹកមាស ស្ពាយកន្ត្រកដាក់កសិផលចម្រុះ ការុត ចេកណាំវ៉ា ហើយមានកម្ពស់បាល្ល័ង្គទម្រ តួខ្លួន និងស្លឹកត្រចៀក សរុប ៦,៨ មែត្រ។
 
កញ្ញា សុង សុធាវី៖ តើយើងត្រូវជ្រើសរើសជាងបែបណាដែរ ព្រោះរូបសំណាកទន្សាយធំរហូតដល់ ៦. ៨ ម៉ែត្រ ដែលប្រើរយៈពេលជាង១ខែឯណោះ ហើយទន្ទឹមនឹងការគាំទ្រច្រើនដែរ តើមានមតិរិះគន់ ឬ ទេ?
 
លោក សុខ សុធា៖ យើងផ្សព្វផ្សាយនៅពេលដែលធ្វើបាន ៩០% នោះមានមតិមួយចំនួនធំបានគាំទ្រ និងលើកសរសើរ តែក៏មានមតិប្រហែល៥% ទៅ១០%ដែរ បានរិះគន់ក្នុងន័យស្ថាបនា។ ធម្មតាទឹកដៃរបស់ជាងមិនអាចធ្វើទៅដឹងតែស្អាត និងត្រូវចិត្ត ១០០%ទេ តែអ្វីដែលមានការលើកឡើងរបស់មហាជននោះ យើងនឹងយកទៅប្រាប់ជាង ដើម្បីឱ្យមានការកែសម្រួលទៀត ហើយកំពស់ទន្សាយដំបូងមានប្រវែងតែ៦ម៉ែត្រទេ តែយើងថែមថយស្លឹកត្រចៀកខ្លះទៀត និងបល្ល័ងឱ្យសមបន្តិចទៀតទៅទើបដល់ ៦. ៨។ ណាមួយជាង គឺយើងមកមកពីខេត្តបាត់ដំបង តែពួកគាត់ក៏មានស្នាដៃល្អគួរសមដែរ ទៅលើផ្នែកជាច្រើនដូចជាសិល្បៈបុរាណ គំនូរ ចម្លាក់ ។ល។ តែពីដំបូងយើងមិនទាន់បានជួបជាងមានទឹកដៃ នោះរមែងមានការខាតពេលខ្លះដែរបាទ។ 
 
កញ្ញា សុង សុធាវី៖  ចំពោះរូបទន្សាយយក្សទាំងពីរនាក់ តើផ្សំពីអ្វីខ្លះហើយមានប៉ុន្មានដំណាក់កាល ទើបមានរូបរាងស្អាតគួរឱ្យស្រឡាញ់បែបនេះ?
 
លោក សុខ សុធា៖  យើងយកស្នោតាន់មកផ្គុំគ្នា បន្ទាប់មកយើងបិទកំណាត់កំប្រេះ ហើយបិទកាវ ដើម្បីឱ្យវាមានភាពជាប់ រឹងមាំ ហ្នឹងជាដំណាក់កាលដំបូង… ហើយជុំចុងក្រោយយើងស្រោបកំណាត់កម្ញី ដើម្បីធ្វើជារោមទន្សាយ។  
 
កញ្ញា សុង សុធាវី៖ បន្ទាប់ពីចប់ពិធីបុណ្យចូលឆ្នាំថ្មីនេះ តើរូបទន្សាយយក្សអាចរក្សាទុករយៈពេលប៉ុន្មាន?
 
លោក សុខ សុធា៖ យើងអាចទុកបានយូរដែរ តែការរក្សាទុកត្រូវប្រយ័ត្នព្រោះវាងាយនឹងខូចពេលត្រូវភ្លៀង ឬ ខ្យល់ខ្លាំង។ បើសិនជាមានដំបូលនៅពីលើមិនអីទេ តែបើគ្មានយើងត្រូវដាក់ រុំស្រោបដោយថង់ធំឱ្យជិតទើបអាចរក្សាទុកបានយូរ ហើយយើងក៏បានត្រៀមទីតាំង សម្រាប់ទុក និង សម្ភារៈវេចខ្ជប់រួចហើយ។ ជាមួយគ្នានេះ បើសិនជាមានការស្នើរសុំពីសសយកសាខាផ្សេងទៀត ហើយបើមានការឯកភាពពី ឯកឧត្តមប្រធាន នោះយើងនឹងជូនឱ្យយកទៅដាក់តាំងបានផងដែរ។  
 
កញ្ញា សុង សុធាវី៖ តើសមាជិកសសយកស្រុកសំពៅលូនប៉ុន្មានរូប ដែលខ្នះខ្នែង​ សម្រាប់ការងារនេះលោក ហើយនាងខ្ញុំសុំបញ្ជាក់ពីតម្លៃសាងសង់រូបសំណាកទន្សាយយក្សនេះបន្តិចប្រហែលខ្ទង់ប៉ុន្មាន?
 
លោក សុខ សុធា៖  បាទសម្រាប់ក្រុមការងារខាងសសយកស្រុកសំពៅលូនឆ្នាំនេះ សម្រាប់ពិធីសង្រ្កាន្តទាំងមូល ហើយមិនមែនសម្រាប់តែការងារទន្សាយយក្សទេ តែសមិទ្ធផលជាច្រើនទៀត ដូចជាពោតយក្ស ស្តង់សសយកស្រុកសំពៅលូន ការលេងល្បែងប្រជាប្រិយខ្មែរ ។ល។ សរុបគ្នាប្រហែល ៤០នាក់។ ចំពោះតម្លៃដែលចំណាយលើទន្សាយយក្សពីរនេះ ដោយសារតែពុំទាន់ជម្រាបសុំការបញ្ជាក់ពីលោកប្រធាន ខ្ញុំមិនទាន់អាចជម្រាបជូនបានទេបាទ តែការចំណាយទៅលើជាងក្នុងតម្លៃសមរម្យដែរ និងមានការយោគយល់ពីពួកគាត់ ដោយមានការខិតខំប្រឹងអស់ពីកម្លាំងកាយចិត្តមែនទែន​ ហើយចំនួនជាងក៏ច្រើនគ្នា៕


 
 

Tag:
 បទសម្ភាស
  ត្រៀមចូលឆ្នាំខ្មែរ
  ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com