ជាតិ
ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប អាចប្រើបណ្តោះអាសន្ន ខណៈស្ពានដែកបេឡេត្រូវបិទចរាចរ
09, Apr 2023 , 4:59 pm        
រូបភាព
ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប។ រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប។ រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
ដោយ៖ សុង សុធាវី
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានបេត៉ុងឫស្សីកែវ បណ្តោះអាសន្ន  ចាប់ពីថ្ងៃ១០ មេសាទៅ ដើម្បីសម្រួលដល់សណ្ដាប់ធ្នាប់ចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំខ្មែរ។ ដោយឡែកស្ពានដែកបេឡេឫស្សីកែវ ត្រូវបិទចរាចរឆ្លងកាត់វិញ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន ថ្ងៃទី៩ មេសាថា បច្ចុប្បន្ននេះ ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប បានសាងសង់សម្រេចស្ទើរតែទាំងស្រុងហើយ ដោយនៅសេសសល់ចំណុចតិចតួច ដែលមិនប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់បណ្ដោះអាសន្នឡើយ។
 

ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ។ រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ..

លោក ឃួង ស្រេង បានស្នើឱ្យនរគបាល, បញ្ជាការដ្ឋានកងរាជអាវុធហត្ថ, រដ្ឋបាលខណ្ឌឫស្សីកែវ , រដ្ឋបាលខណ្ឌជ្រោយចង្វារ ,មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយឱ្យទូលំទូលាយ និងសហការគ្នាឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យបណ្តាសាធារណជន បានដឹង និងងាយស្រួលធ្វើដំណើរឆ្លងកាត់តំបន់នោះ៕
 
 
 

Tag:
 រដ្ឋបាលរាជធានីភ្នំពេញ
  ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com