កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ឌូក និងម៉េងហួង គិតថា ខ្លួននៅមានចំណុចខ្វះខាត ទោះឈ្នះចិន ក្នុងជំនួបមិត្តភាព
10, Apr 2023 , 9:54 am        
រូបភាព
ការលោតវាយដោយកីឡាករកម្ពុជា ធី ម៉េងហួង ទល់នឹងក្រុមភ្ញៀវចិន។
ការលោតវាយដោយកីឡាករកម្ពុជា ធី ម៉េងហួង ទល់នឹងក្រុមភ្ញៀវចិន។
ដោយ:
កីឡាករបាល់ទះឆ្នេរខ្សាច់ ជុក សោភា ហៅឌូក និងធី ម៉េងហួង មើលឃើញថា ខ្លួននៅតែមានចំណុចខ្វះខាតទាំងការទទួលសេវា និងកម្លាំង ។ ការយល់ឃើញបែបនេះក្រោយកម្ពុជា បានយកឈ្នះចិន ២-១សិត ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី៧ ខែមេសា កន្លងទៅ។

 
កីឡាករ ជុក សោភា មានរហស្សនាមថា«ឥន្ទ្រីយ៍ពិឃាដឌូក» លើកឡើងក្នុងបទសម្ភាសផ្ទាល់ជាមួយអ្នកសារព័ត៌មានថា ការប្រកួតជាមួយចិនជាជំហានថ្មីមួយ សម្រាប់ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជា ដើម្បីដឹងពីកម្រិតសមត្ថភាពបច្ចេកទេស និងតាក់តិចនៃការលេងរបស់កីឡាករ មកពីក្រុមកម្រិតអាស៊ី ដើម្បីបំពេញបន្ថែមនៃភាពខ្វះខាត។ 
 

កីឡាករបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា ធី ម៉េងហួង(អាវលេខ១) និងជុក សោភា(អាវលេខ២) ក្នុងជំនួបទល់នឹងក្រុមចិន។
 
កីឡាករ ជុក សោភា និយាយថា៖«នៅពេលក្រោយប្រកួតចប់នេះ គ្រូបានមើលឃើញនូវចំណុចខ្សោយរបស់យើង ដើម្បីកែលម្អនាពេលជិតដល់ស៊ីហ្គេម២០២៣»។ 
បន្ថែមទៀតនោះកីឡាករបាល់ទះឆ្នេរខ្សាច់ ជុក សោភា ថា ការបានលេងជាមួយក្រុមចិន គឺព្យាយាមយកចំណុចល្អមកចាក់បំពេញបន្ថែមសម្រាប់ក្រុម។
 
ឥន្ទ្រីយ៍ពិឃាដឌូក មើលឃើញថា៖«ខ្ញុំមើលតាមសមត្ថភាពកីឡាករចិនពួកគាត់គឺល្អ កាយសម្បទារបស់គាត់ខ្ពស់ បច្ចេកទេសគាត់ក៏ល្អ ការវាយសេវាថៃ គឺល្អគាត់វាយមកធ្លាក់មុខ យើងពិបាកនឹងទទួល»។ ចំណែកកីឡាករ ធី ម៉េងហួង យល់ឃើញដូចគ្នាដែរថា ការមកដល់របស់ក្រុមចិនមើលឃើញពីបច្ចេកទេសលេងគឺល្អ។
 
កីឡាករ ធី ម៉េងហួង និយាយថា៖«សម្រាប់ខ្ញុំមើលឃើញថាខាងគេល្អ ការវាយសេវាដៃមក គឺធ្លាក់ចំមុខៗ ហើយការការពារបាល់ក្រោមគេល្អ តែការលោតធ្វើរនាំង(បាំង) គេរាងស្ទើរ»។ 
គួបញ្ជាក់ថា កីឡាករជុក សោភា លេងជាគូនឹងកីឡាករ ធី ម៉េងហួង លើវិញ្ញាសាបាល់ទះឆ្នេរខ្សាច់សម្រាប់ក្រុមកម្ពុជាឈុត A និងឈុតB មានកីឡាករ ពេជ សុផុន លេងគូនឹងកីឡាករ អ៊ឹម ណារិត។ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ វិញ្ញាសាបាល់ទះឆ្នេរខ្សាច់លេងនៅខេត្តព្រះសីហនុ៕
 

Tag:
 កីឡាបាល់ទះឆ្នេរខ្សាច់
 ជុក សោភា
 ធី ម៉េងហួង
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com