ជាតិ
សុខភាព
អាកាសធាតុក្ដៅខ្លាំង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រាប់ឱ្យពលរដ្ឋបង្កើនការថែទាំសុខភាព
10, Apr 2023 , 11:33 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ រូបភាព៖ ក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ រូបភាព៖ ក្រសួងសុខាភិបាល
ដោយ:
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រាប់ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពនារដូវប្រាំងនេះ ដោយសារតែស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ធ្វើឱ្យកម្ដៅក្ដៅខ្លាំងនៅកម្ពុជា ដែលអាចនឹងបង្កឱ្យមានប៉ះពាល់ដល់សុខភាព។ នេះបើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១០ ខែមេសាឆ្នាំ២០២៣។



លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល បានណែនាំឱ្យពលរដ្ឋនៅទូទាំងប្រទេស ថែទាំសុខភាពខ្លួនឯងឱ្យបានល្អ ចៀសវាងមានផលប៉ះពាល់ដល់សុខភាពដោយសាររងកម្ដៅព្រះអាទិត្យ។ អ្នកខ្លះអាចធ្លាក់ខ្លួនឈឺ ប្រសិនបើរាងកាយមិនអាចទប់ទល់បាន និងមិនបានធ្វើឱ្យខ្លួនប្រាណត្រជាក់ត្រឹមត្រូវទា ន់ពេលវេលា។ 
 
លោក ម៉ម ប៊ុនហេង បានលើកឡើងថា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារពីកម្ដៅព្រះអាទិត្យ ដែលអាចកើតមានជាយថាហេតុ គឺត្រូវរក្សាជាតិទឹកក្នុងរាង្គកាយឱ្យបានគ្រប់គ្រាន់ ដោយផឹកទឹកឱ្យបានច្រើនលើសពី ២លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកក៏ដោយ។ ចៀសវាងហូបភេសជ្ជៈ ដែលធ្វើឱ្យជាតិទឹកក្នុងរាងកាយថយចុះ មានដូចជាពិសាគ្រឿងស្រវឹង ឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករជាដើម។ កាត់បន្ថយការទទួលទានជាតិអំបិល និងជាតិស្ករច្រើន។
 
រដ្ឋមន្រ្តីរូបនេះ បានបន្តថា ត្រូវពិសារផ្លែឈើដែលសម្បូរជាតិសរសៃ និងជាតិទឹក ព្រមទាំងផ្លែឈើធម្មជាតិ។ ស្លៀកសម្លៀកបំពាក់ រលុង ស្រាល ដែលអាចជួយការពារកំដៅ និងការពារការរលាកស្បែក ដោយពន្លឺព្រះអាទិត្យ។ ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូចៗ នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយធ្វើឱ្យមានកំដៅឡើងបន្ថែម។ ចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក។ 
 
លោក ម៉ម ប៊ុនហេង បានបន្ថែមថា បើក្ដៅខ្លាំងពេក អាចប្រើកន្សែងសើមជូតមុខ ឬដាក់វានៅជុំវិញក។ ប៉ុន្តែត្រូវចៀសវាងការធ្វើឱ្យមានការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង និងចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ នៅពេលអ្នកមកពីកន្លែងក្ដៅ ដែលធ្វើឱ្យមានការថយចុះកម្ដៅហួស និងអាចមានគ្រោះថ្នាក់។ ត្រូវហាត់បន្សំខ្លួនជាបណ្តើរៗ សម្រាប់លក្ខខណ្ឌអាកាសធាតុក្ដៅ។
 
ត្រូវចំណាយពេលសម្រាក និងជ្រកនៅកន្លែងដែលមានម្លប់ កន្លែងដែលត្រជាក់ ឬម៉ាស៊ីនត្រជាក់ តាមដែលអាចធ្វើទៅបាន លុះត្រាតែប្រាកដថា រាងកាយមានភាពធន់ អាចទប់ទល់ចំពោះកម្ដៅក្នុងកម្រិតណាមួយ។ សមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយរងគ្រោះដោយសារអាកាសធាតុក្តៅ រួមមាន មនុស្សវ័យចាស់អាយុចាប់ពី ៦៥ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង ៥ឆ្នាំ អ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេអាចត្រូវការជំនួយយ៉ាងតិចណាស់ ២ដង ក្នុងមួយថ្ងៃក្នុងអំឡុងពេលអាកាសធាតុក្តៅ ដោយកុំទុកពួកគាត់ចោល។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល។
 
ក្នុងសេចក្ដីជូនព័ត៌មានដដែល លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖«ប្រសិនបើមានរោគសញ្ញា វិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល រមួលសាច់ដុំ រមួលក្រពើរ ជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកំដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ ត្រូវសម្រាកពី២-៥នាទី ហើយពិសាទឹកត្រជាក់យឺតៗ កុំបន្តសកម្មភាព ពីព្រោះអាចមានហានិភ័យខ្ពស់។ ចៀសវាងដាច់ខាត នូវការចោមរោមជុំជិត អ្នកដែលមានបញ្ហាសុខភាព ត្រូវស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើអ្នកមិនមានអារម្មណ៍ធូរស្រាល»។
 
យោងតាមឯកសាររបស់អង្គការសុខភាពពិភពលោក ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ យ៉ាងហោចណាស់មនុស្ស ១៥ ០០០នាក់ បានស្លាប់ដោយសារអាកាសធាតុក្ដៅពេកនៅអឺរ៉ុប ក្នុងឆ្នាំ២០២២កន្លងមក។ តែបើយោងតាមការចុះផ្សាយរបស់ឡង់សេត (The Lancet) មានមនុស្សប្រមាណជាង ៣៥៦ ០០០នាក់ បានស្លាប់ ដោយសារកម្ដៅថ្ងៃក្តៅខ្លាំងពេក ក្នុងបណ្តាប្រទេសចំនួន៩ ក្នុងឆ្នាំ២០១៩ ដែលចំនួននេះ នឹងកើនឡើងនៅទូទាំងសាកលលោក។ ដូច្នេះកម្ដៅក្ដៅខ្លាំងពេក បណ្ដាលឱ្យប៉ះពាល់ដល់សុខភាព ធ្វើឱ្យឈឺ និងអាចស្លាប់បានទៀតផង៕
 

Tag:
 សុខភាព
  ក្ដៅខ្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com