អន្តរជាតិ
ធ្លាយរបាយការណ៍សម្ងាត់អាម៉េរិក៖ រុស្ស៊ីថា ឱ្យមានតែរឿង មូស្គូត្រូវគេរុញកំហុសឱ្យរហូត
11, Apr 2023 , 2:04 pm        
រូបភាព
អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov នៅថ្ងៃទី១០ ខែមេសា អះអាងថា មាននិន្នាការមួយដែលកើតឡើងដោយរុស្ស៊ីតែងត្រូវបានគេចង្អុលមុខរហូតនៅពេលមានបញ្ហាកើតឡើង។ លោក Peskov ឆ្លើយបែបនេះទៅនឹងការចោទប្រកាន់ថា រុស្ស៊ីទំនងនៅពីក្រោយការបែកធ្លាយឯកសារសម្ងាត់នៅអាម៉េរិកដែលមានព័ត៌មានទាក់ទងអ៊ុយក្រែនផង។

 
ការបែកធ្លាយព័ត៌មានសម្ងាត់នៅអាម៉េរិក កំពុងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនវិលមុខខ្លាំង ហើយតាមរកអត្តសញ្ញាណអ្នកនៅពីក្រោយរឿងនេះ។ ការស៊ើបអង្កេតកំពុងធ្វើឡើងដោយក្រសួងយុត្តិធម៌អាម៉េរិក។ អ្នកជំនាញសន្តិសុខខ្លះ និងមន្ត្រីអាម៉េរិក សន្និដ្ឋានថា ជនល្មើសអាចស្ថិតនៅផ្ទៃក្នុងអាម៉េរិកផ្ទាល់ដោយយោងតាមអ្វីដែលបែកធ្លាយ តែក៏មិនច្រានចោលការលូកដៃរបស់បរទេស ដែលនេះទំនងជាសំដៅដល់រុស្ស៊ីតែម្ដង។
 
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov អះអាងថា៖ «ខ្ញុំមិនអាចអធិប្បាយលើរឿងនេះឡើយ។ អ្នក និងខ្ញុំដឹងថា មាននិន្នាការមួយដែលតែងតែបន្ទោសគ្រប់បញ្ហាលើរុស្ស៊ី។ វាជាជំងឺមួយ។»
 
នៅពេលត្រូវអ្នករាយការណ៍ព័ត៌មានសួរទាក់ទងលទ្ធភាពស៊ើបការណ៍លើប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ពីសំណាក់អាម៉េរិក លោក Peskov ឆ្លើយទៀតថា រឿងនេះក៏មិនអាចច្រានចោលបានដែរ ដោយលោកក៏ឆ្លៀតរំឭករឿងអាម៉េរិកយកការណ៍ពីមេដឹកនាំជាច្រើន រាប់ទាំងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុបជាច្រើនឆ្នាំមកហើយដែរ។   
 
សូមបញ្ជាក់ថា ឯកសារសម្ងាត់រាប់សិបទំព័រដែលបែកធ្លាយ រៀបរាប់ប្រធានបទជាច្រើនចាប់ពីប្រព័ន្ធការពារមីស៊ីលនៅអ៊ុយក្រែន និងការតវ៉ានៅអ៊ីស្រាអែល ហើយកំពុងតាមរកមុខអ្នកនៅពីក្រោយផង។ ឯកសារខ្លះក៏បង្ហាញពីការការលួចស្ដាប់ការជជែករបស់សម្ព័ន្ធមិត្តអាម៉េរិកខ្លួនឯងតែម្ដង៕
 

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com