អន្តរជាតិ
អាម៉េរិកចំណាយប្រាក់៥ពាន់លានដុល្លារ ដើម្បីពន្លឿនការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ថ្មី
12, Apr 2023 , 8:29 am        
រូបភាព
រដ្ឋាភិបាលអាម៉េរិកកំពុងចំណាយប្រាក់ជាង៥ពាន់លានដុល្លារក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការអភិវឌ្ឍវ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ-១៩ ថ្មី។



ការវិនិយោគការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ថ្មី ដែលមានឈ្មោះថា « Project NextGen» ត្រូវបានប្រកាសជាលើកដំបូងដោយមន្ត្រីសេតវិមាន និងអ្នកនាំពាក្យក្រសួងសុខាភិបាលអាម៉េរិកក្នុងបទសម្ភាសមួយជាមួយកាសែត Washington Post។ គម្រោងថ្មីនេះ មានបំណងអភិវឌ្ឍបន្ថែមសមត្ថភាពរបស់វ៉ាក់សាំងការពារឱ្យកាន់តែប្រសើរពីវីរុសបង្កជំងឺកូវីដ-១៩ ដែលអាចក្លាយជាការគំរាមកំហែងនាពេលអនាគត​។
 
«ខណៈពេលដែលវ៉ាក់សាំងរបស់យើងមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ វាក់សាំងទាំងនេះមិនមានសមត្ថភាពកាត់បន្ថយការឆ្លង និងការចម្លងតាមពេលវេលាឡើយ»។ អ្នកនាំពាក្យក្រសួងសុខាភិបាលអាម៉េរិកបានលើកឡើងបែបនេះ មុនបន្ថែមថា បម្រែបម្រួលថ្មី និងការអស់ប្រសិទ្ធភាពរបស់វ៉ាក់សាំង នឹងអាចបង្កបញ្ហាប្រឈមសម្រាប់ប្រព័ន្ធថែទាំសុខភាពក្នុងប៉ុន្មានឆ្នាំខាងមុខនេះ
 
អ្នកនាំពាក្យដដែលក៏បានបន្តថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន នឹងចំណាយប្រាក់យ៉ាងតិចចំនួន៥ពាន់លានដុល្លារក្រោមការសហការជាមួយវិស័យឯកជនបន្តលើគម្រោង «Operation Warp Speed» របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលពន្លឿនការអភិវឌ្ឍនិងការចែកចាយវ៉ាក់សាំងនៅឆ្នាំ២០២០ កន្លងទៅ។ 
 
បើតាមមន្ត្រីសេតវិមាន គម្រោង NextGen នឹងពន្លឿន និងសម្រួលដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវ៉ាក់សាំង និងការព្យាបាលជំនាន់ថ្មី តាមរយៈកិច្ចសហការរវាងសាធារណៈ និងឯកជន។
 
«ការបញ្ចូលទឹកប្រាក់វិនិយោគចំនួន ៥ ពាន់លានដុល្លារជាអប្បបរមា នឹងជួយជំរុញឱ្យមានការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនៅក្នុងតំបន់ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពសាធារណៈដ៏ធំសម្រាប់ប្រជាជនអាម៉េរិក ជាមួយនឹងគោលដៅនៃការអភិវឌ្ឍឧបករណ៍សុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ប្រជាជនអាម៉េរិក"។ មន្រ្តីដដែលបានបន្ថែ​មបែបនេះ។ 
 
គួរបញ្ជាក់ថា គម្រោង« Project NextGen» នឹងផ្តោតលើការបង្កើតអង្គបដិប្រាណ monoclonal យូរអង្វែងដែលធន់នឹងវីរុសប្រភេទថ្មីៗនៃវីរុសបង្កជាជំងឺកូវីដ-១៩ ក៏ដូចជាវ៉ាក់សាំងដែលអាចការពារប្រឆាំងនឹងវីរុសបង្កជាជំងឺកូវីដ-១៩ជាច្រើនប្រភេទ៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com