អន្តរជាតិ
ប៉ាគីស្ថាន ថ្កោលទោសឥណ្ឌាដែលរៀបចំកិច្ចប្រជុំពាក់ព័ន្ធ G20 នៅតំបន់កាស្មៀរ
12, Apr 2023 , 11:59 am        
រូបភាព
ប៉ាគីស្ថាន នាថ្ងៃទី១១ ខែមេសា បានថ្កោលទោសការសម្រេចចិត្តរបស់ឥណ្ឌាក្នុងការរៀបចំកិច្ចប្រជុំពាក់ព័ន្ធនឹងជំនួបក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើន​ទាំង២០ (G20) នៅឯតំបន់កាស្មៀរនៅខែក្រោយ។ ប៉ាគីស្ថានក៏បានហៅទង្វើមួយនេះជាការមិនទទួលខុសត្រូវ។

 
ឥណ្ឌាដែលកំពុងកាន់តំណែងជាប្រធានប្ដូរវេនរបស់ G20 នឹងរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំនៅទីក្រុងញូវដែលីនៅដើមខែកញ្ញា។ យ៉ាងណាមិញ កាលពីថ្ងៃទី៧ ខែមេសា ឥណ្ឌាបានបង្ហាញពីប្រតិទិនទាំង​មូលនៃព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលដែលមានកិច្ចប្រជុំខ្លះត្រូវរៀបចំនៅនៅទីក្រុង Srinagar ក្នុងតំបន់កាស្មៀរ និងនៅទីក្រុង Leh ក្នុងតំបន់ Ladakh ក្នុងខែមេសា និងឧសភា។
 
ក្រសួង​ការ​បរទេស​ប៉ាគីស្ថាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ថ្កោល​ទោស​ឥណ្ឌាដែល​ជ្រើស​រើស​កន្លែងប្រជុំ​ក្នុង​ទឹក​ដី​ជម្លោះមួយនេះ។
 
«ចំណាត់ការមិនទទួលខុសត្រូវរបស់ឥណ្ឌា ជាវិធានការចុងក្រោយបង្អស់នៃវិធានការបម្រើផលប្រយោជន៍ខ្លួនឯងដើម្បីបន្តការកាន់កាប់ដោយខុសច្បាប់របស់ខ្លួននៅតំបន់ចាមូ និងកាស្មៀរ» ។ សេចក្ដីថ្លែងការណ៍ខាងលើលើកឡើងបែបនេះ។
 
ជាយូរមកហើយ ចាមូ និងកាស្មៀរ ជាចំណុចក្ដៅក្នុងទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថាន ដែលសុទ្ធតែទាមទារទឹកដីនេះទាំងស្រុង។ ក្រុងញូវដែលីបានចោទប្រកាន់ប៉ាគីស្ថានថា នៅពីក្រោយការបះបោរបំបែកខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍នៅក្នុងតំបន់ដែលមានប្រជាជនមូស្លីមភាគច្រើនតែមួយគត់នៅក្នុងឥណ្ឌា។ ប៉ាគីស្ថាន​ក៏​បាន​ចោទ​ឥណ្ឌាវិញពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តំបន់​កាស្មៀរ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដោយឥណ្ឌាផងដែរ៕
 

Tag:
 ឥណ្ឌា
  ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com