ជាតិ
បទសម្ភាសន៍
សិល្បះ
តំណាងអ្នកនិពន្ធខ្មែរ៖ សីលធម៌មួយផ្នែកធំធ្លាក់ចុះ មកពីចម្រៀងបំពុល និងទស្សនីយភាពមិនសមរម្យ
16, Apr 2023 , 5:19 pm        
រូបភាព
បទសម្ភាសរវាង  អ្នកសារព័ត៌មានថ្មីៗ ​ ជាមួយ  លោក ម៉ៃ  វឌ្ឍនា កវីជនបទ
បទសម្ភាសរវាង អ្នកសារព័ត៌មានថ្មីៗ ​ ជាមួយ លោក ម៉ៃ វឌ្ឍនា កវីជនបទ
ដោយ៖ សុង សុធាវី
ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ លោក ម៉ៃ វឌ្ឍនា ដែលមានរហ័សនាម «កវីជនបទ» បានមើលឃើញថា សីលធម៌មួយផ្នែកធំបានធ្លាក់ ដោយសារមកពីចម្រៀងបំពុល និងទស្សនីយភាពមិនសមរម្យមួយចំនួននាពេលបច្ចុប្បន្ន ដែលមិនសូវគិតគូរពីមូលដ្ឋានគ្រឹះ ក៏ដូចជាព្រលឹងជាតិខ្លួន។ ក្នុងនាមសមាគមអ្នកនិពន្ធខ្មែរ លោកក៏ផ្តាំផ្ញើទៅកាន់អ្នកនិពន្ធជំនាន់ក្រោយ ឱ្យខិតខំថែរក្សាគ្រឹះនៃដួងព្រលឹងជាតិខ្លួន ដោយស្គាល់ច្បាស់ពីសាវតាជាតិ អត្តចរិត ប្រពៃណីរបស់ខ្មែរ ឱ្យសាកសមជាទំពាំងស្នងឫស្សី។

ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន លោក ម៉ៃ វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ ជាមួយ កញ្ញា សុង សុធាវី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗ ដូចតទៅ៖

 
 
 
កញ្ញា សុង សុធាវី៖ លោក ម៉ៃ វឌ្ឍនា ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយឃើញថាធនធានមនុស្សនៃសមាគមអ្នកនិពន្ធខ្មែរមានរហូតដល់ជាង២០០នាក់ តើពួកគាត់នឹងចូលរួមដូចម្តេចក្នុងការលើកកម្ពស់បទចម្រៀងខ្មែរ?
 
លោក ម៉ៃ វឌ្ឍនា៖ សមាគមអ្នកនិពន្ធខ្មែរភាគច្រើនជាអ្នកនិពន្ធ ហើយយើងនិពន្ធទៅតាមអាជីពផ្សេងៗគ្នា យើងមានអ្នកនិពន្ធ ចម្រៀង សៀវភៅជាដើម ។ល។ សមាគមអ្នកនិពន្ធខ្មែរមានខ្ញុំផ្ទាល់កាន់ភ្នែកចម្រៀង ហើយខ្ញុំបានចូលរួមផលិតចម្រៀងតាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរយើង និងបានចាក់ផ្សាយឱ្យគេស្តាប់ដែរ។ គ្រាន់តែលទ្ធភាពនៃការផ្សាយរបស់យើងអាចធ្វើទៅបាននៅលើផេកខ្លួនឯង ដោយមិនមានការចាក់ផ្សាយឱ្យបានទូលំទូលាយខ្លាំង ឬ មានស្ថាប័នណាផ្សេងជួយចាក់ផ្សាយឱ្យទេ។ រីឯស្ថានីយ៍ ដែលជួយចាក់ផ្សាយបាន ភាគច្រើនគឺយើងធ្វើដោយឡែកៗពីគ្នា។


លោក ម៉ៃ  វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ រូបភាពរបស់សារព័ត៌មានថ្មីៗ

គេធ្វើបែបចម្រៀងគេចូលរួម ឯខ្ញុំធ្វើបែបខ្ញុំចូលរួម ហើយចម្រៀងដែលខ្ញុំផលិតឡើងភាគច្រើនជាលក្ខណៈបង្ហាញពីប្រពៃណីទំនៀមទម្លាប់ខ្មែរ , ល្បែងប្រជាប្រិយ ដែលមានទាញព្រ័ត្រ ចោលឈូង ។ល។ នៅតាមវត្តជាដើម។ រីឯពាក្យពេចន៍ទៀតសោតគឺយើងមានការប្រុងប្រយ័ត្នណាស់ ដោយយើងគិតថា ពាក្យពេចន៍មានន័យសំខាន់ណាស់ សម្រាប់អ្នកស្តាប់ អ្នករាំ អ្នកលេងក៏ដោយ ហើយក៏ជាប្រយោជន៍ទៅកាន់អ្នករៀនសូត្រទៀតផង។ 
 
កញ្ញា សុង សុធាវី​៖ ក្រៅពីនេះ តើអ្នកនិពន្ធចម្រៀងអាចបញ្ជា្របអ្វីទៀតទៅកាន់អ្នកទស្សនារបស់ខ្លួន? 
 
លោក ម៉ៃ វឌ្ឍនា៖ បាទ កន្លងមកយើងធ្វើដូចជាបទ «ចូលឆ្នាំទៅលេងឯកភ្នំ» សុទ្ធតែជាបទរាំវង់ ដែលយើងបានបង្ហាញពីភូមិសាស្តនៃតំបន់មួយ ហើយយើងបង្ហាញពីប្រភេទនៃល្បែងប្រជាប្រិយ។ យើងក៏បង្ហាញពីចំណុចអសកម្មនៃការលេងជះទឹក ប៉ាតម្សៅ និងបង្ហាញពីទំនាស់ក្នុងសង្គម ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើម។ អ៊ីចឹង យើងបានផ្ញើពាក្យទាំងអស់ហ្នឹង ឱ្យអ្នកស្តាប់គាត់បានសប្បាយទាំងការលេងសើច សប្បាយទាំងរាំលេង និងបានទាំងយល់ពីបរិបទនៅតំបន់ហ្នឹងផងដែរ។ 

កញ្ញា សុង សុធាវី៖ ដោយសារតែលោកជាអ្នកនិពន្ធក្នុងជំនាញនេះជិត១០ឆ្នាំ ហើយមានអ្នកគាំទ្រស្នាដៃទាំងនោះគួរសម។ សម្រាប់យុវជនជំនាន់ខ្មែរជំនាន់ថ្មី ដែលស្រឡាញ់ដូចលោក ពួកគាត់គួរធ្វើដូចម្តេច?
 
លោក ម៉ៃ វឌ្ឍនា៖ បាទអរគុណច្រើន សម្រាប់ខ្ញុំផ្ទាល់ក្នុងនាមអ្នកនិពន្ធចម្រៀង ក៏ដូចជាសមាគមអ្នកនិពន្ធខ្មែរគឺ យុវជនជំនាន់ក្រោយគឺជាទំពាំងស្នងឫស្សី។ រលកមុនទៅរលកក្រោយនឹងមក ហើយអ្នកជំនាន់ក្រោយគឺជាយុជនខ្មែរយើង។ យុវជនគួរឈ្វេងយល់អំពី សាវតាជាតិយើងឱ្យបានច្រើន ហើយស្គាល់ជាតិយើង នឹងធ្វើអ្វីៗត្រូវតែផ្អែកលើគ្រឹះនៃប្រទេសជាតិយើងដែរ។ 

អ្នកនិពន្ធកំរិតណាក៏ដោយតែកុំភ្លេចនូវគ្រឹះរបស់ជាតិយើង ហើយបច្ចុប្បន្នដែលយើងឃើញ តែខ្ញុំសំនូមពរចុះថា យើងឃើញប្រទេសយើងជួបបញ្ហាសីលធម៌ធ្លាក់ចុះខ្លាំងណាស់ ដែលមួយផ្នែកធំបានជះឥទ្ធិពលពីវិស័យចម្រៀង និង ទស្សនីយ៍ភាពនេះឯង។ វាបង្កើតឱ្យមានរូបភាពមិនល្អ ហើយនាំឱ្យសីលធម៌ធ្លាក់ចុះខ្លាំងមែនទែន។ អ៊ីចឹង សូមចូលរួមធ្វើម៉ិចឱ្យសីលធម៌នេះ បានទៅរកភាពប្រសើរឡើង តាមរយៈស្នាដៃរបស់យើង ពិសេសតាមរយៈការបង្កើតចម្រៀងរបស់យើង។


បទសម្ភាសរវាង  អ្នកសារព័ត៌មានថ្មីៗ ​ ជាមួយ  លោក ម៉ៃ  វឌ្ឍនា កវីជនបទ

ជាងនេះ ទាំងការបង្កើតចម្រៀងតាមរដូវ ពិសេសចម្រៀងសម្រាប់បុណ្យចូលឆ្នាំខ្មែរ។ ផ្ទុយទៅវិញសូមកុំធ្វើឱ្យបរិយាកាសរីករាយក្នុងពិធីប្រពៃណីខ្មែរ ក្លាយជាការបង្កើតបញ្ហាអសីលធម៌ទេ។ ប្រទេសជាតិយើងថ្ងៃក្រោយទៅ ពេលអស់ពីចាស់ៗ បើសិនជាពួកគាត់ចេះតែអាណុចអាក្រក់ហ្នឹង នោះនឹងធ្វើឱ្យអ្នកនិពន្ធហ្នឹងបានសាងនូវកំហុសជាប្រវត្តិសាស្រ្តដោយមិនដឹងខ្លួន ក៏ដូចជាសាងដំបៅឱ្យសង្គម ដោយដៃគេហ្នឹងឯង។ ដូចនេះសូមជួយឈ្វេងយល់ ជួយលើកតម្កើង ដើម្បីថែរក្សាវប្បធម៌ជាតិយើង៕
 

Tag:
 តំណាងអ្នកនិពន្ធខ្មែរ៖ សីលធម៌មួយផ្នែកធំធ្លាក់ចុះ មកពីចម្រៀងបំពុល និងទស្សនីយភាពមិនសមរម្យ
© រក្សាសិទ្ធិដោយ thmeythmey.com