អន្តរជាតិ
អាម៉េរិក ព្យាយាមធានាចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនក្រោយបែកធ្លាយឯកសារ
12, Apr 2023 , 3:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន និងរដ្ឋមន្រ្តីការពារជាតិ ឡយ អូស្ទីន។ រូបថត​ AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន និងរដ្ឋមន្រ្តីការពារជាតិ ឡយ អូស្ទីន។ រូបថត​ AFP
ក្រោយបែកធ្លាយរបាយការណ៍សម្ងាត់ដ៏រសើបលើប្រព័ន្ធអនឡាញចាប់ពីប្រព័ន្ធការពារមីស៊ីល​នៅ​អ៊ុយក្រែន ការតវ៉ានៅអ៊ីស្រាអែលរហូតដល់ការលួចស្ដាប់ការពិភាក្សាផ្ទៃក្នុងរបស់សម្ព័ន្ធមិត្តខ្លួន​ទៀត​នោះ​ ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន និងរដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន បានជជែកជាមួយ សមភាគីអ៊ុយក្រែនក្នុងគោលបំណងផ្ដល់ការធានាសម្ព័ន្ធមិត្តរបស់ខ្លួនឡើងវិញ។

 
ការលេចចេញឯកសារសម្ងាត់របស់អាម៉េរិករាប់សិបទំព័រ កំពុងស្ថិតក្រោមការស៊ើបអង្កេត​ដោយ​ក្រសួង​យុត្តិធម៌ ស្របពេលដែលរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ព្យាយាមសាងទំនុកចិត្តឡើងវិញក្នុងចំណោមសម្ព័ន្ធមិត្តដែលមានឈ្មោះក្នុងឯកសារទាំងនោះ។ ក្នុងនោះផងដែរ ឯកសារដែលត្រូវបា​ន​ពិនិត្យ​ដោយ​ទីភ្នាក់ងារព័ត៌មាន AFP បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់អាមេរិកអំពីសមត្ថភាពរបស់​អ៊ុយក្រែន​ក្នុងការបន្តការការពារ និងប្រឆាំងការវាយប្រហាររបស់រុស្ស៊ី។
 
ខណៈការបែកធ្លាយនេះអាចប៉ះពាល់ដល់ទំនាក់ទំនង និងទំនុកចិត្តជាមួយសម្ព័ន្ធមិត្ត និងបញ្ហា​សន្ដិសុខ​ជាតិផង រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាម៉េរិកក៏ជជែក​ជាមួយសមភាគីអ៊ុយក្រែនដើម្បី ពង្រឹងការប្តេជ្ញាចិត្តជាមួយសម្ព័ន្ធមិត្ត។
 
«យើងបានចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងកម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ​ដើម្បី​ធានាពួកគេឡើងវិញអំពីការប្តេជ្ញាចិត្តរបស់យើងផ្ទាល់ក្នុងការការពារការស៊ើបការណ៍​សម្ងាត់​»។ លោក ប្លីងខិន លើកឡើងបែបនេះអំឡុងសន្និសីទកាសែតមួយ រួចបន្តថា លោកបានពិភាក្សា​ជាមួយ​សមភាគី​អ៊ុយក្រែន​ Dmytro Kuleba និងបញ្ជាក់ជាថ្មីពីការគាំទ្រយូរអង្វែង និងសម្រាប់កិច្ចខិត​ខំដើម្បី​ការពារ​បូរណភាព ទឹកដី អធិបតេយ្យភាព ព្រមទាំងឯករាជ្យភាពរបស់អ៊ុយក្រែន។
 
ក្នុងសន្និសីទកាសែតដដែល លោក អូស្ទីន បាននិយាយថា លោកបានជជែកជាមួយរដ្ឋមន្ត្រី​ការពារ​ជាតិអ៊ុយក្រែនលោក Oleksiy Reznikov ផងដែរ។ លោក អូស្ទីន បានបញ្ជាក់ថា ផ្ទុយ​ពី​ឯកសារ​លេច​ធ្លាយ អ៊ុយក្រែននៅមាន​សមត្ថភាព​ច្រើន​ដែល​ពួកគេ​ត្រូវការ​ដើម្បី​បន្ត​ទទួល​បាន​ជោគជ័យ៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com