អន្តរជាតិ
តើប្រទេសណាខ្លះជារដ្ឋកំពុងអភិវឌ្ឍកោះតូច?
15, Apr 2023 , 10:29 am        
រូបភាព
រដ្ឋកំពុងអភិវឌ្ឍកោះតូច (Small Island Developing States - SIDS) ដែលខ្លះត្រូវបានស្គាល់ថា ជារដ្ឋមហាសមុទ្រគឺជា បណ្ដុំប្រទេសដែលអង្គការសហប្រជាជាតិ (UN) អំឡុងសន្និសីទ UN ស្ដីពីបរិស្ថាន និងការអភិវឌ្ឍឆ្នាំ ១៩៩២ ដែលធ្វើឡើងនៅទីក្រុង Rio de Janeiro ប្រេស៊ីល បានចាតទុកថា ជាបណ្ដាប្រទេសដែលមានផ្ទៃដីតូច ស្ថិតក្នុងទីតាំងដាច់ស្រយាលពីប្រទេស នានា មិនសូវមានធនធាន និងងាយនឹងរងគ្រោះដោយសារតែគ្រោះធម្មជាតិជាដើម។

 
ខណៈមើលឃើញពីផលវិបាកនៃបណ្ដាប្រទេសទាំងនេះ សមាគមអន្តរជាតិក្នុងឆ្នាំ ២០១៤ បានបង្កើតផ្លូវថ្មីមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ក្រុមប្រទេសនេះ និងដើម្បី សម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀង ការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ និងការគ្រប់គ្រងមហាសមុទ្រក្នុងចំណោមបញ្ហាប្រឈមផ្សេងៗទៀត។
 
សរុប​ SIDS ទាំងអស់មាន ៥៧ ដែលស្ថិតនៅតំបន់ចំនួនបីដូចជា ការ៉ាប៊ីន ប៉ាស៊ីហ្វិក អាត្លង់ទិក មហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង។ ក្នុងនោះ ២០ រដ្ឋមិនស្ថិតក្នុងប្រទេស សមាជិក UN នោះឡើយ។ រដ្ឋ SDIS ដែលជាសមាជិក UN រួមមាន ហ្វីជី  ប៉ាពូអាស៊ីនូវែលហ្គីណេ កោះសូឡូមុន និង ទីម័រខាងកើតជាដើម ខណៈរដ្ឋមិនមែន ជាសមាជិកមានដូចជា  កោះ Cook កោះ Guam និង កោះ Montserrat ជាដើម។
 
តើលក្ខណៈប្រទេសនេះនាំនូវផលវិបាកអ្វីខ្លះដែលជាបញ្ហាប្រឈមជារួមដល់សេដ្ឋកិច្ច SIDS?
 
ផ្ទៃដីតូច និងប្រជាជនតិច៖ 
ហេតុអ្វីផ្ទៃដីតូចជាផលវិបាកដល់សេដ្ឋកិច្ច? ភាពដែលមានផ្ទៃដីតូច ធនធានធម្មជាតិក៏មិនសូវ ជាមានច្រើនដែរដែលបង្ខំឱ្យបណ្ដារដ្ឋ SDIS មានការនាំចូលវត្ថុធាតុដើមពីប្រទេសនានាក្នុង កម្រិតខ្ពស់មួយ។ បែបនេះសេដ្ឋកិច្ចរបស់ពួកគេក៏ពឹងផ្អែកខ្លាំងលើការប្តូរប្រាក់បរទេស ឬការផ្លាស់ប្តូររូបិយប័ណ្ណ។ 
 
ដោយសារមានទំហំតូច និងប្រជាជនតិចបណ្ដារដ្ឋទាំងនេះមានវិធានការ​ដែនកំណត់លើ លទ្ធភាពនៃការជំនួសការនាំចូល (ការទប់ស្កាត់ទំនិញនាំចូល និងគាំទ្រទំនិញក្នុងស្រុក) ដែល ធ្វើឱ្យទំហំទីផ្សារតូច ផលិតផលគុណភាពទាប តម្លៃកាន់តែខ្ពស់ដោយសារខ្វះខាតការប្រកួត ប្រជែង ហើយការធ្វើពិពិធកម្មទំនិញក៏ខ្វះខាតផងដែរ។ ជាទូទៅ SIDS មានការគ្រប់គ្រង តិចតួចលើតម្លៃនៃផលិតផលនាំចូល និងនាំចេញ (ពួកគេជាអ្នកទទួលយកតម្លៃដែលត្រូវ បានកំណត់) ដោយសារតែពួកគេមានទំហំពាណិជ្ជកម្មតិចតួចជាមួយពិភពលោក។
 
បន្ថែមពីនេះ សមត្ថភាព SDIS មានកំណត់ក្នុងការពង្រីកទំហំពាណិជ្ជកម្មដោយសារ ប្រជាជនតិចធ្វើឱ្យខ្វះធនធានមនុស្សក្នុងការបង្កើនកម្រិតបច្ចេកទេសផលិត ហេដ្ឋារចនាសម្ព័ន្ធ និងធនធានហ្វឹកហាត់ជាដើម។
 
ភាពដាច់ស្រយាល៖
ភាគច្រើន SDIS ជួបនឹងបញ្ហាដឹកជញ្ជូន និងបណ្ដាញទំនាក់ទំនង។ តម្លៃនៃការដឹកជញ្ជូន មានតម្លៃថ្លៃជាងប្រទេសដទៃ ដោយសារកោះកាត់ផ្ដាច់ពីគ្នាដោយសមុទ្រ ឯការនាំចូល និងនាំ ចេញត្រូវតែដឹកជញ្ជូនតាមផ្លូវអាកាសនិងផ្លូវសមុទ្រតែប៉ុណ្ណោះ។ 
 
ប្រទេសទាំងនេះក៏ជារឿយៗត្រូវបានឃ្លាតចេញពីផ្លូវសមុទ្រ ឬផ្លូវអាកាសសំខាន់ៗ ដែលធ្វើឱ្យ ពួកគេមិនអាចរុករកបច្ចេកវិទ្យាជឿនលឿនទំនើបបាន។ ដោយសារការលំបាក ឬថ្លៃដឹកជញ្ជូន ថ្លៃ រោងចក្រស្ថិតក្នុងរដ្ឋ SDIS សម្រេចចិត្តរក្សាស្តុកធំ ក្នុងករណីមានតម្រូវការខ្ពស់ភ្លាមៗដែល តម្រូវឱ្យមានការជួលឃ្លាំង និងប្រាក់ឈ្នួលសម្រាប់អ្នករក្សាឃ្លាំងផងដែរ។
 
ភាពងាយរងគ្រោះដោយសារគ្រោះធម្មជាតិ៖
ព្យុះស៊ីក្លូន ការរញ្ជួយដី ការបាក់ដី និងការផ្ទុះភ្នំភ្លើង ជាដើម ត្រូវបានកើតឡើងលើរដ្ឋ SDIS ដែលធ្វើឱ្យមានការខូចខាតយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនិងប៉ះពាល់ដល់សេដ្ឋកិច្ចដែលអាស្រ័យលើវិស័យកសិកម្ម។
 
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ SDIS ក៏រងសម្ពាធក្នុងការអភិវឌ្ឍផងដែរដោយសារពួកគេ ត្រូវការចាប់យកដីសម្រាប់កសិកម្ម និង ការប្រើប្រាស់តំបន់ឆ្នេរដើម្បីពង្រីកលំនៅដ្ឋាន ប្រជាជន​ និងព្រមទាំងសម្រាប់គម្រោងឧស្សាហកម្មជាដើម។ ការឡើងកំដៅផែនដី ការកើនឡើងកម្រិតទឹកសមុទ្រ សំណឹកដីក៏ជាបញ្ហាប្រឈមរបស់បណ្ដាប្រទេស៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com