អន្តរជាតិ
ចិន​ប្រតិកម្មនឹងការ​ដាក់​ទណ្ឌកម្ម​របស់​អាម៉េរិកលើ​ក្រុមហ៊ុន​ចិនដែលរងការចោទប្រកាន់ថាទាក់ទង​នឹង​រុស្ស៊ី​
15, Apr 2023 , 9:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី១៥ ខែមេសាបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការដាក់ទណ្ឌកម្មរបស់អាម៉េរិកលើក្រុមហ៊ុនចិនក្រោមហេតុផលទាក់ទងនឹងរុស្ស៊ី។ ចិនបានប្រតិកម្មថា ការចោទប្រកាន់របស់អាម៉េរិកនេះ គឺគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងមិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ។



ក្រសួងពាណិជ្ជកម្មចិននៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធអនឡាញ បានរិះគន់ការដាក់ទណ្ឌកម្មរបស់អាម៉េរិកលើ​ក្រុមហ៊ុន​ចិនថាជាការដាក់ទណ្ឌកម្មដែលគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ។ 
 
«ទាំងនេះគឺជាឧទាហរណ៍យ៉ាងសាមញ្ញនៃការដាក់ទណ្ឌកម្មឯកតោភាគី និងយកទណ្ឌកម្មធ្វើជាអាវុធដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍សាជីវកម្មស្របច្បាប់ ហើយប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល»។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន​លោក Wang Wentao។
 
លើសពីនេះ ក្រសួងដដែលក៏បានប្រាប់ឱ្យអាម៉េរិកគួរតែ​កែ​កំហុស​របស់​ខ្លួន​ជា​បន្ទាន់ ហើយ​បញ្ឈប់​ការ​គាប​សង្កត់​ក្រុមហ៊ុន​ចិន​ដោយ​មិន​សម​ហេតុផល។ អ្នកនាំពាក្យរូបនេះក៏បានសង្កត់ធ្ងន់ថាចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។
 
គួរបញ្ជាក់ថា កន្លងទៅ អាម៉េរិកបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយចំនួនក្រោមហេតុផលថាបានគាំទ្រដល់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com