អន្តរជាតិ
ការឈ្វេងយល់ពីប្រភេទនៃដៃគូខាងក្រៅរបស់អាស៊ាន
16, Apr 2023 , 4:39 pm        
រូបភាព
ធម្មនុញ្ញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចែងពីការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និង​កិច្ចសហប្រតិបត្តិការការសន្ទនាដែលមានផលប្រយោជន៍ទៅវិញទៅមក និងភាពជាដៃគូ​ជាមួយ​បណ្តា​ប្រទេស អង្គការ និងស្ថាប័នអនុតំបន់ តំបន់ និងកម្រិតអន្តរជាតិ។ ទំនាក់ទំនង​ខាង​ក្រៅ​របស់​អាស៊ាន​កំណត់ក្របខណ្ឌមួយតាមរយៈការធ្វើសន្និសីទផ្លូវការនៃដៃគូសន្ទនា (DPs) ឬភាគច្រើន​ហៅ​ថាដៃគូ​សន្ទនាពេញសិទ្ធិ ដៃគូសន្ទនាតាមវិស័យ (SDPs) និងដៃគូអភិវឌ្ឍន៍។

 
នៅក្រោមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផែនការសហគមន៍នយោបាយ-សន្តិសុខអាស៊ាន​ឆ្នាំ២០២៥ គូសបញ្ជាក់អំពីសារសំខាន់សម្រាប់អាស៊ានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ​ដៃគូ​សន្ទនា ពង្រឹងការចូលរួមជាមួយភាគីខាងក្រៅផ្សេងទៀត ដើម្បីឈាន​ដល់​ដៃគូសក្តានុពល​ថ្មីសម្រាប់​ទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមក និងឆ្លើយតបជាសមូហភាព និង​ស្ថាបនា​ចំពោះ​ការអភិវឌ្ឍសកល។
 
ដៃគូខាងក្រៅរបស់អាស៊ាន ត្រូវបានកំណត់តាមកម្រិតនៃទំនាក់ទំនងដូចខាងក្រោម៖

ដៃគូសន្ទនា
 
កិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា (DPs) ជាកម្រិតទំនាក់ទំនងដ៏សំខាន់មួយ និងមានកិច្ច​ប្រជុំ​កំពូលជាមួយអាស៊ានប្រចាំឆ្នាំ។ ប្លុក និងប្រទេសដែលជាដៃគូសន្ទនារបស់អាស៊ានមាន កាណាដា ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្សី ចក្រភពអង់គ្លេស អាមេរិក និងសហភាពអឺរ៉ុប។
 
ជាប្រទេសដៃគូសន្ទនារបស់អាស៊ាន ប្រទេសដៃគូក៏អាចចូលរួមក្នុងការតាក់តែងសេចក្ដីថ្លែងការណ៍​ថ្នាក់​មន្ត្រីជាន់ខ្ពស់ ថ្នាក់រដ្ឋមន្ត្រី ថ្នាក់មេដឹកនាំប្រទេស​​​ ឬកិច្ចប្រជុំកំពូល ផែនការសកម្មភាព និង​ព្រម​ទាំងសេចក្ដីប្រកាសរួមជាមួយអាស៊ានផងដែរ។ ក្នុងភាពជាដៃគូនេះ ប្រទេសនានា​ក៏​អាច​ចូលរួ​មកិច្ច​ប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនិងសេដ្ឋកិច្ចប្រចាំឆ្នាំ រួមជាមួយនឹងការចូលរួមរបស់​រដ្ឋមន្ត្រី​ផ្សេង​ទៀត។
 
ក្នុងចំណោមដៃគូខ្លះ អាស៊ានអាចដំឡើងទំនាក់ទំនងទៅជាកម្រិតគ្រប់ជ្រុងជ្រោយដូចជាអាម៉រិក ឥណ្ឌា ចិន និងអូស្ត្រាលីជាដើម។

ដៃគូសន្ទនាតាមវិស័យ
 
ដៃគូសន្ទនាតាមវិស័យ ជាយន្តការកិច្ចសហប្រតិបត្តិការផ្លូវការមួយផ្សេងទៀត តែមានកម្រិត  ទាបជាងដៃគូសន្ទនាពេញសិទ្ធិដូចរៀបរាប់ខាងលើ ឬអាចរាប់ជាជំហានដំបូងនៃទំនាក់ទំនងផ្លូងការ។ ប្រទេសដែលជាដៃគូតាមវិស័យរួមមានន័រវេស ប៉ាគីស្ថាន ​ស្វីស តួកគី និងអេមីរ៉ាតអារ៉ាប់រួម។
 
ស្រដៀងនឹងដៃគូសន្ទានាខាងលើដែរ ភាគីដៃគូសន្ទនាតាមវិស័យកំណត់កិច្ចសហប្រតិបត្តិការតាម​គម្រោង និងកម្មវិធីតាមផ្នែកដែលមានផលប្រយោជន៍ទៅវិញទៅមក។ យ៉ាងណាមិញ បណ្ដា​ប្រទេស​ទាំងនេះភាគច្រើនមានត្រឹមជាឯកសារកំណត់តំបន់សហប្រតិបត្តិការជាក់ស្តែង (PCA) ដែល​ជា​ក្របខណ្ឌណែនាំក្នុងការសម្រេចគោលដៅរួម និងផែនការអាទិភាពនានា។ 
 
ក្រោមភាពជាដៃគូនេះ អាស៊ាន ក៏មានគណៈកម្មាធិការសហប្រតិបត្តិការវិស័យរួម (JSCC) ជាមួយ​ដៃគូនីមួយៗផងដែរ ដែលមានកិច្ចប្រជុំយ៉ាងហោចណាស់មួយឆ្នាំម្ដង និង​នៅពេល​ណាមួយ​ផ្សេង ទៀតតាមការឯកភាពគ្នា។
 
ដៃគូអភិវឌ្ឍន៍
 
ដៃគូអភិវឌ្ឍន៍អាស៊ានស្ថិតក្នុងកម្រិតទាបជាងដៃគូទាំងពីរដែលបានរៀបរាប់ខាងលើដែលបច្ចុប្បន្ននេះ​មានចំនួន៤​ប្រទេសដូចជា ស៊ីលី បារាំង អាល្លឺម៉ង់ និងអ៊ីតាលី។ ស្រដៀង និងដៃគូតាមវិស័យដែរ ដៃគូអភិវឌ្ឍន៍មានឯកសារកំណត់តំបន់សហប្រតិបត្តិការជាក់ស្តែង (PCA) ហើយ​មានគណៈកម្មាធិការដៃគូអភិវឌ្ឍន៍ (DPC) ជាអ្នកត្រួតពិនិត្យ។
 
កិច្ចប្រជុំនិងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំស្តីពី PCA ត្រូវដាក់ជូនដោយលេខាធិការដ្ឋានអាស៊ាន​ទៅ​កាន់ DPC នីមួយៗ៕
 
 
 
 
 
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com