ជាតិ
កងទ័ពមួកខៀវកម្ពុជា ត្រៀមគ្រឿងរណ្តាប់ពីប្រទេសកំណើត ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរពីចម្ងាយ
16, Apr 2023 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ទោះតំបន់បេសកកម្មនៅឆ្ងាយយ៉ាងណា កងទ័ពមួកខៀវកម្ពុជា នៅតែប្រកាន់ខ្ជាប់ប្រពៃណីទំនៀមទម្លាប់ ដោយបានត្រៀមគ្រឿងរណ្តាប់ពីប្រទេសកំណើត សម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ក្រៅពីគ្រឿងរណ្តាប់សម្រាប់ត្រៀមទទួលទេវតាឆ្នាំថ្មី កងទ័ពកម្ពុជា ក៏បាននាំយកល្បែងប្រជាប្រិយខ្មែរទៅកាន់តំបន់បេសកកម្មផងដែរ។

ពិធីបុណ្យចូលឆ្នាំខ្មែរ ជាប្រពៃណីទំនៀមទម្លាប់ដ៏សំខាន់មួយ ដែលពលរដ្ឋ តែងចូលរួមប្រារព្ធជារៀងរាល់ឆ្នាំ។ ពលរដ្ឋខ្មែរ តែងរៀបចំផ្ទះសម្បែង តែងលម្អទីសក្ការៈ ដើម្បីសិរីសួស្តីទេវតាឆ្នាំថ្មី។ មិនខុសគ្នាពីពលរដ្ឋក្នុងស្រុក កងទ័ពមួកខៀវកម្ពុជា ដែលបំពេញបេសកកម្មក្រៅប្រទេស ក៏តែងបោសសម្អាតកន្លែងស្នាក់នៅ  រៀបចំតុបតែងបន្ទាយលម្អដោយផ្កាភ្ញី  ទៀនធូប សម្រាប់ទទួលទេវតាឆ្នាំថ្មីពីចម្ងាយ។ 
  

កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨ នៅសាធារណរដ្ឋម៉ាលី បានរៀបចំពិធីទទួលទេវតាឆ្នាំថ្មីនៅតំបន់បេសកកម្ម។ រូបភាពពី៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

កងទ័ពមួកខៀវកម្ពុជា​ បានជ្រើសរើសថ្ងៃល្អមួយសម្រាប់រៀបចំកម្មវិធីអបអរឆ្នាំថ្មី និងមានការអញ្ជើញចូលរួមពីមន្រ្តីអង្គការសហប្រជាជាតិ (អសប) នៃបណ្តាប្រទេសផ្សេងៗ នៅតំបន់បេសកកម្ម ។ ការណ៍នេះ ក៏ជាឱកាសល្អសម្រាប់កងទ័ពកម្ពុជា ក្នុងការរឹតចំណងមិត្តកាន់តែប្រសើរជាមួយមន្រ្តី អសប រួមទាំងបានផ្សព្វផ្សព្វវប្បធម៌ខ្មែរទៅកាន់បរទេស​​ ។ 
តើកងទ័ពនៅតំបន់បេសកកម្មបានសម្ភារៈមកពីណាដើម្បីរៀបចំ?
  

កងទ័ពមួកខៀវកម្ពុជា និងមន្រ្តីអសប លេងលោតបាវ នាសង្រ្កាន្តឆ្នាំថ្មី នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ រូបភាពពី៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

កញ្ញា អ៊ឹមអាន ​ម៉ាលីកូ នាយទាហានសេនាធិការផ្នែកបុគ្គលិក ដែលកំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS)បានប្រាប់សារព័ត៌មានថ្មីៗឱ្យដឹងថា គ្រឿងរណ្តាប់ ត្រូវបានរៀបចំមុនចេញបេសកកម្មពីប្រទេសកំណើត មានដូចជា គ្រឿងតុបតែងភ្លើង ទៀនធូប  ក្រមា កន្សែងបង់កមានរូបទង់ជាតិខ្មែរសម្រាប់ជូនភ្ញៀវ និងសម្រាប់លេងល្បែងប្រជាប្រិយ  រួមទាំងសម្ភារៈមួយចំនួនដែលមិនអាចរកទិញបាននៅតំបន់បេសកកម្ម។ 


 កងទ័ពមួកខៀវកម្ពុជា លេងងប្រជាប្រិយខ្មែរជាមួយកងទ័ពពីបណ្តាប្រទេសផ្សេងៗ នៅតំបន់បេសកកម្មសាធារណរដ្ឋស៊ូដង់ខាងត្បូង។ រូបភាពពី៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
 
ក្រៅពីនេះ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីឱ្យកាន់តែរីករាយ កងទ័ពមួកខៀវកម្ពុជា ក៏បាននាំគ្នាលេងបោះអង្គញ់ ចោលឈូង លាក់កន្សែង រាំកម្សាន្តបទចូលឆ្នាំ ការសម្តែងរបាំគោះត្រឡោក និងរបាំគោះអង្រែជាដើម។ ការលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តនេះ ក៏មានការចូលរួមពីសំណាក់មន្រ្តីនៃអង្គការសហប្រជាជាតិនៃប្រទេសផ្សេងៗដែរ។ 
  

កងទ័ពមួកខៀវនារីកម្ពុជា​ និងមន្រ្តីអសប ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ។ រូបភាពពី៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

លោក ម៉ាន់ សុធា មេបញ្ជាការរងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៩៨ ដែលកំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋម៉ាលីបានរៀបរាប់ថា៖« យើងមានរៀបចំកន្លែងទេវតា ដើម្បីឱ្យកងកម្លាំងទាំងអស់អុចធូប ហើយយើងមានលេងរបាំគោះត្រឡោក គោះអង្រែរ ដើម្បីប្រទេសគេផ្សេងៗទស្សនាពីវប្បធម៌ទំនៀមទំលាប់ខ្មែរយើង។ បន្ទាប់ពីអាហារពេលល្ងាច យើងកម្មវិធីរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ដោយអញ្ជើញភ្ញៀវបរទេសចូលរួមកម្សាន្តដែរ»។ 
  

ការរៀបចំអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅសាធារណរដ្ឋលីបង់។ រូបភាពពី៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

ទន្ទឹមនឹងនោះ ដើម្បីឱ្យសមស្របទៅនឹងបរិយាកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កងទ័ពមួកខៀវកម្ពុជា ក៏បានស្លៀកសម្លៀកបំពាក់បុរាណនៅក្នុងកម្មវិធីផងដែរ។ កញ្ញា អ៊ឹមអាន ​ម៉ាលីកូ បានបញ្ជាក់ដូច្នេះថា៖«កងទ័ពមួកខៀវកម្ពុជា តែងតែយកសម្លៀកបំពាក់ប្រពៃណីខ្មែរតាមខ្លួនជានិច្ច  សម្រាប់ពាក់ក្នុងងពិធី បុណ្យចូលឆ្នាំខ្មែរ ដើម្បីបង្ហាញដល់ជនបរទេស ក៏ដូចជាមន្រ្តី អសប នៅតំបន់បេសកកម្ម​ឱ្យស្គាល់សម្លៀកបំពាក់ខ្មែរ។ លើសពីនេះ កងកម្លាំងមួយខៀវកម្ពុជា ក៏បានជូនក្រមាបង់កដែលមានទង់ជាតិកម្ពុជា ផលិត ពីសសៃអំបោះជូនដល់មន្រ្តីអសបដែលបានចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ ទុកជាអនុស្សាវរីយ៍»។
  

ការសម្តែងរបាំគោះត្រឡោក នាកម្មវិធីសង្រ្កាន្តឆ្នាំថ្មីនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ដែលរៀបចំដោយកងទ័ពមួកខៀវកម្ពុជា។ រូបភាពពី៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

ជាការពិតណាស់ ក្រៅពីប្រកាន់ភ្ជាប់កាតព្វកិច្ចបេសកកម្ម កងទ័ពមួកខៀវកម្ពុជា ក៏ត្រូវប្រកាន់ភ្ជាប់ទៅជាមួយសីលធម៌ សុជីវធម៌ និងទំនៀមទំលាប់ប្រពៃណីគ្រប់ទីកន្លែង ដ្បិតទាំងនេះជាអត្តសញ្ញាណនៃកងទ័ពគ្រប់រូប។ 
 
ត្រង់ចំណុចនេះ លោកស្រី កុសល ម៉ាលីនដា អគ្គនាយករងនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា៖« ជនជាតិខ្មែរគ្រប់សម័យកាល ត្រូវប្រកាន់យកទំនៀមទំលាប់ជំនឿប្រពៃណីនេះមកផ្សារភ្ជាប់នៅក្នុងជីវភាពរស់នៅ បម្រើឱ្យសង្គមរបស់ខ្លួនជានិច្ច ទោះយើងនៅទីកន្លែងណាក៏ដោយ ជាពិសេសកម្លាំងមួកខៀវរបស់យើង ការប្រកាន់ខ្ជាប់នេះជាឱកាសបង្ហាញពីអត្តសញ្ញាណជាតិរបស់យើង»។​
 
ក្នុងឆ្នាំ២០២៣នេះ កងទ័ពមួកខៀវកម្ពុជាបានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនៅតំបន់បេសកកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីអសប រួមទាំងបណ្តាកងកម្លាំងនៃបណ្តាប្រទេសបរិច្ចាគកងកម្លាំង ដែលប្រតិបត្តិការក្នុងតំបន់រួមគ្នា អមដោយអាហារខ្មែរ និងរបាំប្រពៃណីជាតិខ្មែរផងដែរ។ ទន្ទឹមនោះ កម្លាំងមួកខៀវកម្ពុជា ក៏បានចាក់បង្ហាញពីវីដេអូខ្លីៗពីការអភិវឌ្ឍន៍ដ៏សម្បូរបែបក្នុងគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
 

Tag:
 ចូលឆ្នាំខ្មែរ
  កងទ័ពមួកខៀវ
  កម្ពុជា
  គ្រឿង
  រណ្តាប់
© រក្សាសិទ្ធិដោយ thmeythmey.com