ជាតិ
ប្រធានសមាគមអ្នកនិពន្ធខ្មែរ ៖ ចម្រៀងមានគុណភាពល្អ ត្រូវបញ្ចូលការអប់រំ កម្សាន្ត លើកកម្ពស់សង្គម
17, Apr 2023 , 9:19 am        
រូបភាព
លោក  ព្រឿង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ  រូបភាពផ្តល់ឱ្យដោយលោក  ប្រណិត ផ្ទាល់ តាមរយៈប្រព័ន្ធតេឡេក្រាម
លោក ព្រឿង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ រូបភាពផ្តល់ឱ្យដោយលោក ប្រណិត ផ្ទាល់ តាមរយៈប្រព័ន្ធតេឡេក្រាម
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ លោក ព្រឿង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានបញ្ជាក់ថា ចម្រៀងដែលមានគុណភាពល្អត្រូវមានធាតុផ្សំដូចជា ការកម្សាន្ត អប់រំ លើកតម្លៃស្រ្តី លើកតម្លៃសង្គម លើកទឹកចិត្ត មិនបង្ហាញពីកំហឹង និងហឹង្សា។ ក្រៅពីធាតុផ្សំទាំងនេះ ចាត់ទុកជាចម្រៀងបំពុលសង្គម។ លោក សង្កត់ធ្ងន់ថា  បើចង់បានចម្រៀងល្អ សូមទៅរកអ្នកជំនាញ ហើយហ៊ានចំណាយ ដើម្បីផលិត! ក្រៅពីនេះបទចម្រៀងខ្លះវាជាការរំខានត្រចៀកមហាជនវិញ។

 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ  ជាមួយ លោក ព្រឿង ប្រណិត  ប្រធានសមាគមអ្នកនិពន្ធខ្មែរ ដូចតទៅ៖
 
កញ្ញា សុង សុធាវី៖  ក្នុងនាមលោកតំណាងឱ្យអ្នកនិពន្ធជាច្រើននាក់នៅកម្ពុជា តើចម្រៀងដែលមានគុណ ភាពល្អ ហើយបំរើឱ្យសាធារណជន ត្រូវមានធាតុផ្សំសំខាន់ដូចម្តេច ហើយអ្វីជាចម្រៀងបំពុលសង្គមនាពេលបច្ចុប្បន្ន?
 
លោក ព្រឿង ប្រណិត៖ - ចម្រៀងល្អមានគុណភាពសម្រាប់បម្រើសាធារណជន ត្រង់នេះយើងអាចចែកជា២ធំៗ គឺយុវវ័យ និង មនុស្សចាស់។ យុវវ័យ និង ចាស់ៗ ស្តាប់ចម្រៀងខុសគ្នា។ ចម្រៀងដែលពីរោះ គឺទំនុកចម្រៀងនោះត្រូវនឹងរៀងរ៉ាវជីវិតផ្ទាល់ខ្លួន ឬរឿងរ៉ាវធ្លាប់ឮ ធ្លាប់ជួប បូកផ្សំជាមួយអ្នកនិពន្ធបទភ្លេង អ្នកភ្លេង និង អ្នកចម្រៀង។ រីឯ ចម្រៀងបម្រើសាធារណជន គឺ ផ្តោតលើរឿងរ៉ាវទូទៅ ហើយត្រូវមានធាតុផ្សំសំខាន់ៗដូចជា កម្សាន្ត អប់រំ លើកតម្លៃស្រ្តី លើកតម្លៃសង្គម លើកទឹកចិត្ត មិនបង្ហាញពីកំហឹង និងហឹង្សា។ ក្រៅពីធាតុផ្សំទាំងនេះ ចាត់ទុកជាចម្រៀងបំពុលសង្គម។
 
កញ្ញា សុង សុធាវី៖  ចម្រៀងប្រពៃណីចូលឆ្នាំជាតិខ្មែរ តើលោកឃើញថាមានភាពល្អប្រសើរ ឬ ខ្វះខាតបែបណារៀងរាល់ឆ្នាំ?
លោក ព្រឿង ប្រណិត៖  ចម្រៀងប្រពៃណីចូលឆ្នាំខ្មែរ គឺមានល្អប្រសើច្រើន និង សូមកោតសរសើរដល់ការផលិតចម្រៀង និង វីរកវីនិពន្ធយើងដែលបានរួមគ្នានិពន្ធ ដើម្បីស្តាប់ និង រាំលេងកម្សាន្តក្នុងឱកាសចូលឆ្នាំ។ ការខ្វះខាតគឺត្រង់ បទចម្រៀងខ្លះប្រាសចាកពីខ្លឹមសារ និង អត្ថន័យនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ និយាយរួម  អ្នកល្អ រឹតតែល្អ  ហើយអ្នកខ្វះខាតនៅតែដដែលៗ។


លោក  ព្រឿង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ  រូបភាពផ្តល់ឱ្យដោយលោក  ប្រណិត ផ្ទាល់ តាមរយៈប្រព័ន្ធតេឡេក្រាម
 
កញ្ញា សុង សុធាវី៖  តើលោកគិតថា ចម្រៀងប្រពៃណីជាតិខ្មែរ ឬ បរទេសដូចម្តេច ដែលគួរចាក់ផ្សាយក្នុងពិធីបុណ្យជាតិដ៏សំខាន់នេះ?
លោក ព្រឿង ​ប្រណិត៖  ចំពោះសំណួរថាចម្រៀងប្រពៃណីខ្មែរ ឬម្រៀងបរទេសណា ដែលគួរចាក់ផ្សាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ គឺពិបាកឆ្លើយបន្តិច ព្រោះជាការនិយមចូលចិត្តរបស់បុគ្គលម្នាក់ៗ មិនមានការណែនាំទេ ប៉ុន្តែបើឮបទរាំវង់ រាំក្បាច់ ចាស់ៗឡើងរាំ  តែបើបទញ៉ាក់  ឬ បទបរទេសចាស់ៗដើរចេញ។
 
កញ្ញា សុង សុធាវី៖ ចុះភាពយន្តខ្មែរ ឬ បរទេស ប្រភេទណាគួរចាក់ផ្សាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ?
លោក ព្រឿង ប្រណិត៖  ចំពោះសំណួរថា ភាពយន្តខ្មែរ ឬបទេសទេសណា ដែលគួរចាក់ផ្សាយបានក្នុងពិធីបុណ្យប្រពៃណីខ្មែរ ខ្ញុំសូមមិនឆ្លើយទេ ទុកជូនក្រសួងមានសមត្ថកិច្ចជាអ្នកឆ្លើយជូន គ្រាន់តែជម្រាបថា ផលិតកម្មនីមួយៗ គេប្រឹងណាស់ ដើម្បីទីផ្សាររបស់ពួកគាត់។ បើផលិតកម្មមានបំណងផ្សាយក្នុងឱកាសពិធីបុណចូលឆ្នាំប្រពៃណីខ្មែរ នោះគាត់នឹងប្រឹងប្រែងនិពន្ធ រួចឆ្លងទៅក្រសួង ដើម្បីផលិត។
 
កញ្ញា សុង សុធាវី៖  តើលោកមានការចូលរួមក្នុងន័យស្ថាបនាបែបណាខ្លះ  លើការចាក់ផ្សាយចម្រៀង ឬ ភាពយន្តទាំងនេះ រៀងរាល់ឆ្នាំ?
លោក ព្រឿង ប្រណិត៖  ចំពោះការនិពន្ទំនុកច្រៀង ឬ បទចម្រៀងនេះមិនមែនជាការងាយទេ លំបាកណាស់ បើស្រួលៗនោះនរណាក៏ធ្វើបានដែរ។ ខ្ញុំសូមរួមយោបល់ថា «បើចង់បានចម្រៀងល្អ សូមទៅរកអ្នកជំនាញ ហើយហ៊ានចំណាយ ដើម្បីផលិត... ក្រៅពីនេះបទចម្រៀងខ្លះវាការរំខានត្រចៀកមហាជន»៕
 
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com