កីឡាជាតិ
ជាតិ
ខេមបូឌានលីគខាប់វគ្គ១/២ផ្តាច់ព្រ័ត្រ៖ ណាហ្គាវើលដ៍ ជួបវិសាខា ឯគីរីវង់សុខសែនជ័យ ប៉ះភ្នំពេញក្រោន
17, Apr 2023 , 10:39 am        
រូបភាព
ការប្រជែងបាល់រវាងក្រុមបាល់ទាត់វិសាខា (ខៀវ) និងអគ្គិសនីកម្ពុជា(ក្រហម)។ រូបពី CPL
ការប្រជែងបាល់រវាងក្រុមបាល់ទាត់វិសាខា (ខៀវ) និងអគ្គិសនីកម្ពុជា(ក្រហម)។ រូបពី CPL
ដោយ:
វិសាខា ត្រូវជួប ណាហ្គាវើលដ៍ ស្របពេល គីរីវង់សុខសែនជ័យ ប៉ះភ្នំពេញក្រោន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣។ ការប្រកួតធ្វើឡើងនៅថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៣ សម្រាប់ជើងទី១ និងជើងទី២ ធ្វើនៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៣។

 
ការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣ បានរកឃើញ៤ក្រុម ទៅកាន់វគ្គពាក់កណ្តលផ្តាច់ព្រ័ត្រហើយ ក្នុងនោះក៏មានវត្តមានក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន និងក្រុមរងជើងឯកវិសាខាផងដែរ។
 
វគ្គបួនក្រុមចុងក្រោយសម្រាប់ជំនួបជើងទី១ ក្រុមកំពូលតារាងពូលA វិសាខា នឹងធ្វើដំណើរទៅកាន់កីឡដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៍ ដែលជាក្រុមលេខ២ មកពីពូលB។  គីរីវង់សុខសែនជ័យដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ពូល A ត្រូវបើកកីឡដ្ឋានគីរីវង់ ទទួលភ្ញៀវនិងជាម្ចាស់ការពារជើងឯកភ្នំពេញក្រោនដែលឈរលេខ១ពូល B។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២២-២៣ខែមេសា។


ការដណ្តើមបាល់ដោយក្រុមគីរីវង់សុខសែនជ័យ(បៃតង) និងកងយោធពលខេមរភូមិន្ទ(លឿង)។ រូបពីCPL
 
សម្រាប់ការប្រកួតជើងទី២ ក្រុមបាល់ទាត់វិសាខា នឹងបើកទ្វារកីឡដ្ឋានព្រីនស៍ក្នុងទឹកដីរបស់ខ្លួនទទួលភ្ញៀវណាហ្គាវើលដ៍វិញម្តង ហើយក្រុមភ្ញៀវគីរីវង់សុខសែនជ័យ ក៏នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋានស្មាត អ អេស អិន(Smart RSN) ដើម្បីសួរសុខទុក្ខក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនផងដែរ ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែមេសា។
 
សូមបញ្ជាក់ថា ក្រុមដែលបាត់បង់ឱកាសត្រឹមវគ្គចែកពូល រួមមាន ព្រះខ័នរាជស្វាយរៀង អាយ.អេស.អាយ ដង្កោសែនជ័យ នគរបាលជាតិ សូទីឡូអង្គរ និងអង្គរថាយហ្គឺរមកពីពូលB និងពូលA រួមមាន សមាគមបាល់ទាត់កងយោធពលខេមភូមិន្ទ(ទ័ព) ព្រៃវែង អេហ្វស៊ី បឹងកេត អេហ្វស៊ី អគ្គិសនីកម្ពុជា និងខេត្តកោះកុង៕

Tag:
 កីឡាបាល់ទាត់
 ខេមបូឌានលីគខាប់
© រក្សាសិទ្ធិដោយ thmeythmey.com